ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ជឿថា អូស្រ្តាលី នឹងបន្តផ្តល់ការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់កម្ពុជាថែមទៀត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឯកអគ្គរាជទូតអូស្រ្តាលី វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសទាំងពីរលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ លោករដ្ឋមន្ត្រី ជឿថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា ពិសេសការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់កម្ពុជាថែមទៀតលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននេះ។

ការលើកឡើងទាំងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃកម្ពុជា។ ក្នុងជំនួបនេះ លោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី បានអបអរសាទរចំពោះលោក ស សុខា ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយលោក ជឿជាក់ថា ក្រសួងមហាផ្ទៃ នឹងបន្តសម្រេចបាននូវសមិទ្ធផលធំធេងបន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក Justin Whyatt ឯកអគ្គរាជទូតអូស្រ្តាលី និងសហការី ដោយបានចាត់ទុកជំនួបនាឱកាសនេះ ថា ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្រ្តាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងចូលរួមអបអរសាទរចំពោះរដ្ឋាភិបាលអូស្រ្តាលី ដែលបានទទួលរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី ក៏ដូចជាការប្រារព្ធខួបលើកទី៥០ នៃទំនាក់ទំនងអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន កាលពីដើមខែមីនា ឆ្នាំ២០២៤ កន្លងទៅ ក៏ដូចជាកិច្ចប្រជុំចង្អៀត និងទ្វេភាគីផ្សេងៗទៀត ហើយក៏មានការអញ្ជើញចូលរួមពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី ត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា និងលោកឯកអគ្គរាជទូត វាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្រ្តាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការជួញដូរ និងរត់ពន្ធមនុស្ស គ្រឿងញៀន បទល្មើសបច្ចេកវិទ្យា ជាអាទិ៍ អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត បទល្មើសសេដ្ឋកិច្ច និងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែននៅតាមព្រំដែន ដែលភាគីកម្ពុជា និងអូស្រ្តាលី បានបន្តអនុវត្ត និងពង្រឹងកិច្ចសហប្រតិបត្តិការបានយ៉ាងល្អប្រសើរ។
តាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះ លោកប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹថា តាមរយៈបេសកកម្មនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត និងជឿជាក់ថា ភាគីអូស្រ្តាលី នឹងបន្តផ្តល់ជំនួយនានា រួមមាន ជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាលផ្សេងៗដល់មន្រ្តីអនុវត្តច្បាប់លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ៕


-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន


