ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ជំរុញឱ្យទ័ពពិសេស បន្តស្រាវជ្រាវជំនាញថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព
មេបញ្ជាការរងកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានជំរុញឱ្យយោធិននៃបញ្ជាការដ្ឋានទ័ពពិសេស ត្រូវបន្តសិក្សាស្រាវជ្រាវចំណេះជំនាញថ្មីៗបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាព និងឆ្លើយតបតាមសភាពការណ៍សង្គមជាក់ស្តែង។

ក្នុងពិធីបិទ និងបើកវគ្គហ្វឹកហ្វឺនរបស់យោធិននៃបញ្ជាការដ្ឋានទ័ពពិសេស នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច និងជាមេបញ្ជាការរងកងទ័ពជើងគោក បានសម្ដែងការអបអរសាទរដល់សិក្ខាកាមទាំងអស់ដែលបានបញ្ចប់វគ្គហ្វឹកហ្វឺន និងសិក្ខាកាមថ្មី ដែលត្រូវចូលរួមវគ្គហ្វឹកហ្វឺន ជាបន្តបន្ទាប់លើជំនាញផ្សេងៗ រួមមាន ឆត្រយោង ឆត្រយោងបញ្ជា ប្រឆាំងភេរវកម្ម បើក-ជួសជុលអូប័រ និងឯកទេសមុជទឹក។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ចាត់ទុកការហ្វឹកហ្វឺនទាំងនេះ គឺការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យការពារជាតិ បង្កើនសមត្ថភាពកងទ័ពពិសេសរបស់កម្ពុជា ក្នុងការប្រយុទ្ធ ការចូលរួមទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេង និងបដិវត្តន៍ពណ៌ ជាពិសេសប្រឆាំងភេរវកម្ម ហើយធានាដល់ការថែរក្សាសុខសន្តិភាព។ លោកឧត្តមសេនីយ៍ឯក បន្តថា ភាពជោគជ័យនាថ្ងៃនេះ អាស្រ័យដោយការដឹកនាំរបស់អង្គភាព សាមីខ្លួនឯង មានភាពស្មោះត្រង់ តស៊ូ ឆន្ទៈ និងភាពអង់អាច ក៏ដូចជាការគាំទ្រពីក្រុមគ្រួសារ និងការជំរុញលើកទឹកចិត្តពីយោធាចារ្យ ជាពិសេសកត្តាសាមគ្គីភាពរបស់កងទ័ព។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា «កងទ័ពពិសេសរបស់យើង នឹងបន្តហ្វឹកហាត់ជាប្រចាំ បន្តសិក្សាស្រាវជ្រាវនូវចំណេះជំនាញថ្មីៗ ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវសភាពការណ៍ជាក់ស្តែង»។ បន្ថែមពីនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ក៏បានណែនាំឱ្យយោធិនទាំងអស់ជៀសឱ្យឆ្ងាយពីគ្រឿងញៀនទាំងពួង ដោយរួមគ្នាលុបបំបាត់គ្រឿងញៀន៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


