ព័ត៌មានជាតិ
ភ្ជាប់បទឈប់បាញ់ថ្ងៃនេះ កងទ័ពកម្ពុជា១៨រូបអាចនឹងត្រូវដោះលែង ក្រោយ៧២ម៉ោងនៃបទឈប់បាញ់
កម្ពុជា និងថៃ យល់ព្រមឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយកងទ័ពកម្ពុជា១៨រូប ដែលថៃចាប់ឃុំខ្លួន រំពឹងថា នឹងត្រូវដោះលែងមកវិញ បន្ទាប់ពីបទឈប់បាញ់ត្រូវបានអនុវត្តពេញលេញរយៈពេល៧២ម៉ោង។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា ក្រោយការឯកភាពគ្នារវាងកម្ពុជា និងថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី២៦ ខែធ្នូនេះ។

កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅឯច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ គឺភាគីកម្ពុជា ដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ និងភាគីថៃ ដឹកនាំដោយលោក ណាត់ថាក់ផុន ណាកផានីត រដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងមានការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ។

ក្រោយកិច្ចពិភាក្សា ភាគីទាំងពីរ បានអនុម័ត និងចុះហត្ថលេខាលើសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនេះ ដោយបានឯកភាព និងសម្រេចលើចំណុចជាច្រើន ដែលជារួម បញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការអនុវត្តនូវបទឈប់បាញ់នេះឱ្យបានពេញលេញ និងស្វែងរកនូវសន្តិភាព ស្ថិរភាព និងសុវត្ថិភាពប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំនេះ ភាគីថៃ ក៏សន្យាដោះលែងកងទ័ពកម្ពុជាចំនួន១៨រូប ត្រឡប់មកកម្ពុជាវិញផងដែរ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញក្នុងរយៈពេល៧២ម៉ោង។

លោកនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ GBC ថ្ងៃនេះ ថា «ក្រោយបទឈប់បាញ់នេះ យើងត្រូវអនុវត្តឱ្យបានពេញលេញក្នុងរយៈពេល៧២ម៉ោង ដោយក្នុងនោះអាចឱ្យភាគីថៃមានលទ្ធភាពក្នុងការដោះលែងយោធិនកម្ពុជា១៨រូបដែលបានជាប់នៅប្រទេសថៃ អស់រយៈពេល១៥១ថ្ងៃមកហើយ»។
គួរឱ្យដឹងថា ១៥១ថ្ងៃ ដែលកងទ័ពកម្ពុជាចំនួន១៨រូប ត្រូវបានចាប់ខ្លួនដោយខុសច្បាប់ និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ចាប់ពីព្រឹកថ្ងៃទី២៩ ខែកក្កដា ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន ក្នុងពេលការប្រយុទ្ធលើកទី១ រវាងកម្ពុជា និងថៃ។
បើតាមលោក ទៀ សីហា ថ្លែងក្នុងសន្និសីទនៅថ្ងៃនេះ បានគូសបញ្ជាក់ថា ក្នុងពេលចំពោះមុខនេះ កម្ពុជានឹងបន្តពង្រឹងតួនាទីភារកិច្ចអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីសង្កេតការណ៍ និងផ្ទៀងផ្ទាត់ គឺធ្វើយ៉ាងណាធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបទឈប់បាញ់ ដែលចូលធរមាននាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៥នេះ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


