ព័ត៌មានជាតិ
លោក ហេង សួរ ជំរុញ វិស័យឯកជន និងតំណាងកម្មករ-និយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយជាសហគមន៍សុខសាន្តមួយឱ្យបានជោគជ័យ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឱ្យវិស័យឯកជន និងតំណាងកម្មករ-និយោជិត ចូលរួមអនុវត្តការប្រែក្លាយសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ឱ្យបានជោគជ័យ។

កាលពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៣៨ ក្នុងទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ,លោកស្រី កេន ឆេងឡាង តំណាងភាគីសហជីព ,លោក ទុន សុភ័ណ និង ឧកញ៉ា ណាង សុធី តំណាងភាគីនិយោជក។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ លោក ហេង សួរ បានលើកឡើងថា ការប្រែក្លាយសហគ្រាសមួយ ទៅជាសហគមន៍សុខសាន្តមួយ ទាមទារឱ្យភាគីនិយោជក និង និយោជិត ដែលតំណាងដោយសហជីព បន្តស្វែងយល់ពីតួនាទី និងភារកិច្ចរៀងខ្លួន ឱ្យបានច្រើនជាងមុន និងព្យាយាមខិតជិតចូលគ្នាជជែក និងពិភាក្សាគ្នា ដើម្បីកសាងទំនុកចិត្តរវាងភាគីទាំងពីរ ដោយឈរលើការគោរពច្បាប់ស្ដីពីការងារក្នុងការការពារប្រយោជន៍ភាគីទាំងសងខាង ព្រោះភាគីទាំងពីរជាឈ្នាន់ដ៏សំខាន់ក្នុងការកសាងភាពសុខុដុមនីយកម្មនៅក្នុងរោងចក្រសហគ្រាស។

ទន្ទឹមនឹងនេះ តួអង្គរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ ក៏មានភារកិច្ចសំខាន់ក្នុងការសាងសមត្ថភាពមន្ត្រីអធិការកិច្ច និងមន្ត្រីពាក់ព័ន្ធ ដើម្បីធានាលើការបម្រើសេវាកម្មជូនកម្មករ-និយោជិត និងនិយោជក ឱ្យកាន់តែប្រសើរ និងធានាបានភាពយុត្តិធម៌ដែលគ្រប់ភាគីទទួលយកបាន។ នេះបើតាម លោករដ្ឋមន្ត្រី ដដែល។
នៅចំពោះមុខអង្គការវិជ្ជាជីវៈ និងអ្នកចូលរួម ៣៥២ នាក់ លោករដ្ឋមន្ត្រី បានពន្យល់លំអិតពីអនុឡោមភាពទាំង ៨ ចំណុច ដែលជាចំណុចពិន្ទុប្រើប្រាស់សម្រាប់ការវាយតម្លៃក្នុងកម្មវិធីប្រកួតប្រជែងសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដើម្បីឱ្យអ្នកចូលរួមកាន់តែយល់ច្បាស់។ បន្ថែមពីនេះ លោក ក៏បានពន្យល់ពីសារៈសំខាន់ និងភាពចាំបាច់ នៃការអនុវត្តឱ្យជោគជ័យ នៃកម្មវិធីសហគ្រាសមួយជាសហគមន៍សុខសាន្តមួយដែលជាកម្មវិធីសម្រាប់ធ្វើឱ្យមានវឌ្ឍនភាពសម្រាប់កម្មករ និយោជក ឱ្យកាន់តែប្រសើរបន្ថែម និងការទាក់ទាញអ្នកវិនិយោគឱ្យកាន់តែច្រើនមកបណ្តាក់ទុននៅកម្ពុជា ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនឥតឈប់ឈរ ដែលគ្រប់គ្នានឹងទទួលបានផលភាគ នៃភាពរីកចម្រើននេះ។

ជាមួយនឹងអនុសាសន៍ដ៏សំខាន់នេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ជូនអង្គពិធីថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានមហិច្ឆតាខ្ពស់ ដោយមិនត្រឹមគ្រាន់តែទាក់ទាញអ្នកវិនិយោគិនបរទេសប៉ុណ្ណោះទេ ប៉ុន្តែរាជរដ្ឋាភិបាលចង់ឱ្យរោងចក្រមានភាពសុខសាន្តដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់គ្រប់ភាគីសម្រាប់វឌ្ឍនភាព និងភាពរីកចម្រើនរបស់ភាគីទាំងសងខាង ទាមទារឱ្យមានការចូលរួមពីភាគីកម្មករ-និយោជិត ឬ សហជីព និយោជក និងរាជរដ្ឋាភិបាលដែលជាធាតុមិនអាចខ្វះបាន ដើម្បីឱ្យកម្ពុជាមានសហគ្រាសមួយដ៏សុខសាន្ត៕

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


