Connect with us

ព័ត៌មានជាតិ

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

បានផុស

នៅ

ករណីឡានទំនើបបុកម៉ូតូ នៅក្នុងបុរីសៀងណាំ បណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់រហូតឈានដល់ស្លាប់ក្នុងមន្ទីរពេទ្យនោះ គ្រួសារជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីភាគីជនបង្កចង់ឱ្យសំណងជំងឺចិត្តចំនួន ៣លានរៀល ដើម្បីបញ្ចប់រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោង ៧៖៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ចំណុចផ្លូវលេខ១៥ ក្នុងបុរីសៀងណាំ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប មានរថយន្តទំនើប ១គ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា បានបើកចេញពីផ្ទះ លោកស្រី លី អ៊ុអេង អតីតអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប និងជាអ្នកជំនួញដីធ្លីដ៏មានឥទ្ធិពលម្នាក់ បានបោះពួយលឿនជ្រុលទៅបុកម៉ូតូដែលកំពុងឆ្លងផ្លូវបណ្ដាលឱ្យរងរបួសធ្ងន់ (បាក់ចង្កេះ) ដោយគ្មានអ្នកបញ្ជូនទៅមន្ទីរពេទ្យអស់រយៈពេលជាងមួយម៉ោង ហើយបានស្លាប់ ខណៈបញ្ជូនដល់មន្ទីរពេទ្យ បានប្រហែលជាង ២ម៉ោង។ សាក្សីបានឱ្យដឹងទៀតថា ដោយសារឃើញគ្រួសារជនរងគ្រោះក្រីក្រ ទើបគ្រួសារអ្នកជំនួញដីធ្លីរូបនោះធ្វើទង្វើមិនសមរម្យ ក្អេងក្អាង ពោលគឺបុកហើយនៅឈរមើលជនរងគ្រោះដែលកំពុងដួលស្តូកស្តឹងទៀតផង។   

ចំណែក កូនប្រុសរបស់ជនរងគ្រោះ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ថា ឪពុករបស់ខ្លួនមានឈ្មោះ គល់ ហ៊ៅ អាយុ ៦៤ឆ្នាំ មុខរបរឃ្វាលគោឱ្យមេការក្នុងបុរីសៀងណាំ និងគោរបស់គាត់ខ្លះ។ បច្ចុប្បន្នក្រុមគ្រួសារបានរៀបចំធ្វើពិធីបុណ្យសពឱ្យឪពុករបស់ខ្លួននៅភូមិព្រៃក្រូច សង្កាត់ក្របីរៀល ក្រុងសៀមរាប ទៅតាមគន្លងប្រពៃណី។ កូនប្រុសជនរងគ្រោះបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីកើតហេតុមួយសន្ទុះធំ ក៏បញ្ជូនឪពុករបស់ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តែបន្ទាប់ពីព្យាបាលអស់ជាង ២ម៉ោង ឪពុករបស់ខ្លួនក៏ស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យតែម្ដង។

កូនជនរងគ្រោះបន្តទៀតថា នៅថ្ងៃបន្ទាប់ គឺថ្ងៃទី២៩ ឃើញមានភាគីជនបង្កមកសម្រួលដល់កន្លែងបុណ្យសពដែរ ដោយគ្រួសារជនបង្កហ៊ានជួយបង់សំណងជំងឺចិត្តត្រឹមតែ ៣លានរៀល ប៉ុណ្ណោះ ទើបការសម្របសម្រួលគ្នានេះមិនអាចបញ្ចប់ទៅបានដោយសារតែគ្រួសារជនរងគ្រោះថាលុយប៉ុណ្ណឹងគ្រាន់ចូលពេទ្យអស់បាត់ទៅហើយ ចុះទម្រាំថ្លៃធ្វើបុណ្យទៀតនោះវាមិនគ្រប់ទេ ហើយពួកគាត់ស្នើសុំ ៨លានរៀលដើម្បីទុកធ្វើបុណ្យសពឱ្យរួចរាល់។

ដោយឡែក នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នេះ គ្រួសាររងគ្រោះបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ពួកគាត់មិនយល់ព្រមតាមគ្រួសារជនបង្កនោះទេ ដោយបានទៅទៅដាក់ពាក្យបណ្តឹងទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាពិសេស ស្ថាប័នតុលាការខេត្តសៀមរាប មេត្តាជួយរកភាពយុត្តិធម៌ និងផ្តល់សំណងសមរម្យដល់គ្រួសារពួកគាត់ផង។

រីឯមន្ត្រីផ្នែកច្បាប់ បានលើកឡើងថា ករណីបុកបណ្តាលឱ្យរបួសធ្ងន់បាក់ដៃ,បាក់ជើង និងអាចឈានដល់ស្លាប់ ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ ត្រូវធ្វើអ្វី ពួកគេគួរតែដឹងហើយមិនបាច់ចាំគាត់ធ្វើអត្ថាធិប្បាយនោះទេ ហើយសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍បែបនេះ ក៏មិនគួរទុកបណ្តែតបណ្តោយឱ្យជនបង្ករួចពីសំណាញ់ច្បាប់នោះដែរ៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម