ព័ត៌មានជាតិ
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ កម្ពុជា ជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត តែការអភិវឌ្ឍលឿនរហ័ស
រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប។ នេះជាការលើកឡើងរបស់លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។

លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែគិតគូរជាអាទិភាព និងព្យាយាមបញ្ចៀសប្រជាពលរដ្ឋមិនឱ្យជាប់ពន្ធឡើយ។
តាមការរៀបរាប់របស់លោក ប៉ែន បូណា គឺរដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០លានរៀល ឬ២៥ ០០០ដុល្លារអាម៉េរិក លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោម ឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ លោក បានបន្តថា រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវ ម៉ូតូ ឬកង់បី ខណៈប្រាក់បៀវត្សទាបជាង១,៥លានរៀល ក៏មិនជាប់ពន្ធ។

ចំណែក អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០លានរៀល មិនតម្រូវឱ្យមានកាតព្វកិច្ចបង់ពន្ធទេ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ និងនៅតែមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ក៏ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ ដែលជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០លានដុល្លារអាម៉េរិក ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។
បច្ចុប្បន្នកម្មវិធីគោលនយោបាយអាទិភាព ៦ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជួយគាំពារដល់ពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ ដូចជា ការផ្តល់ជូនសេវាសុខាភិបាល ការបណ្តុះបណ្តាលកូនអ្នកក្រីក្រដោយឥតបង់ប្រាក់ និងថែមទាំងទទួលបានការឧបត្ថម្ភប្រចាំខែទៀត គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីជាតិជំនួយសង្គម និងគោលនយោបាយគាំពារវិស័យកសិកម្ម ជាដើម សុទ្ធសឹងតែជាគោលនយោបាយគាំពារពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ។

លោក ប៉ែន បូណា បានលើកឡើងថា ទោះបីជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសដៃគូអភិវឌ្ឍន៍នានា តែងផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលបង្កើនការប្រមូលពន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលនយោបាយអនុគ្រោះពន្ធដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រដដែល។
លោក សង្កត់ធ្ងន់ថា ទោះបីជាយកពន្ធតិច ប៉ុន្តែកម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាប្រទេសដែលកាត់បន្ថយភាពក្រីក្របានលឿនរហ័សបំផុតមួយក្នុងលោក។ ចាកចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ កម្ពុជា បានឆ្លងផុតពីប្រទេសក្រីក្រឈានចូលប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បើតាមលោក ប៉ែន បូណា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារខ្ពស់ៗ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ សុទ្ធសឹងជាភស្តុតាងជាក់ស្តែងនៃសមិទ្ធផលដែលកើតចេញពីសុខសន្តិភាព និងការអភិវឌ្ឍ។ លោក ចាត់ទុកថា ប្រទេសមួយដែលយកពន្ធតិចបំផុត តែអភិវឌ្ឍបានលឿនរហ័សបំផុតបែបនេះ ពិតជាកម្រមានណាស់ ហើយសមិទ្ធផលដ៏អស្ចារ្យនេះ កើតចេញពីទេពកោសល្យពិសេសនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន ដែលជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


