ព័ត៌មានជាតិ
ព្រះសីហនុ៖ ក្រុមហ៊ុនត្រូវបំពេញលក្ខខណ្ឌតាមច្បាប់ មុននឹងសាងសង់អាងតន្រ្តីបាញ់ទឹកនៅឆ្នេរអូរត្រេះ
រដ្ឋបាលខេត្តព្រះសីហនុ ណែនាំក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតសាងសង់អាងតន្ដ្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ ត្រូវបំពេញនីតិវិធីតាមផ្លូវច្បាប់ឱ្យចប់សព្វគ្រប់សិន មុននឹងឈានដល់ការសាងសង់ បើទោះបីជាក្រុមហ៊ុន ទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដោយ។
ការណែនាំនេះ បន្ទាប់ពីអាជ្ញាធរដែនដីក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ដឹកនាំដោយលោក អ៊ី សុខឡេង អភិបាលរងខេត្ត បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រ របស់ក្រុមហ៊ុន យូណាន ជីងចេង ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរអូរត្រេះ ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងករណីនេះ លោក ឃាង ភារម្យ មន្ត្រីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ទទួលស្គាល់ថា ផ្អែកតាមការចុះពិនិត្យជាក់ស្តែងឃើញថា ក្រុមហ៊ុនខាងលើ ទទួលបានការឯកភាពជាគោលការណ៍ពីក្រសួងរៀបចំដែនដី ពិតមែន ប៉ុន្តែមិនទាន់អាចសាងសង់បានទេ ។ លោកបញ្ជាក់ថា៖«ដោយក្រុមហ៊ុនមានការភាន់ច្រឡំថាជាលិខិតរបស់ក្រសួងរៀបចំដែនដី អនុញ្ញាតឱ្យក្រុមហ៊ុនមានសិទ្ធិសាងសង់ ទើបក្រុមហ៊ុនចាប់ផ្តើមដំណើរការការដ្ឋានរបស់ខ្លួន។ បន្ទាប់ពីស្តាប់ការណែនាំរបស់ក្រុមការងារខេត្តរួច ក្រុមហ៊ុនមានការយល់ច្បាស់ និងសូមអនុវត្តតាមខ្លឹមសារលិខិតរបស់ក្រសួង និងក្រុមការងារ»។

យោងតាមលិខិតរបស់រដ្ឋលេខាធិការប្រចាំការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក តឹករ៉េត សំរេច ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គឺបានឯកភាពជាគោលការណ៍ ចំពោះសំណើសុំគោលការណ៍អនុញ្ញាតសាងសង់អាងតន្ត្រីបាញ់ទឹកទំហំ ៨.៦១២ ម៉ែត្រក្រឡា និងរបាំងការពាររលកសមុទ្រ ប្រវែង ៤២០ម៉ែត្រ នៅតាមបណ្ដោយឆ្នេរអូរត្រេះ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធទាំងនោះត្រូវដាក់ឱ្យបម្រើផលប្រយោជន៍សាធារណៈ។ លិខិតដដែលបញ្ជាក់ថា៖«បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតនេះ និងមុនពេលចាប់ផ្តើមដំណើរការសាងសង់ ក្រុមហ៊ុនត្រូវបំពេញនីតិវិធីតាមផ្លូវច្បាប់មួយចំនួន»។
ក្នុងនោះរួមមាន ១. ក្រុមហ៊ុនត្រូវស្នើសុំកិច្ចសហការពីមន្ទីររៀបចំដែនដី នគំរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ដើម្បីកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ និងត្រូវស្នើសុំគោលការណ៍ប្រើប្រាស់ដីសាធារណៈពីរាជរដ្ឋាភិបាល។
២. ក្រុមហ៊ុន ត្រូវសិក្សាគម្រោងប្លង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងអត្តសញ្ញាណល្អឯកសម្រាប់ខេត្តព្រះសីហនុ ដែលផ្ដល់បន្ថែមនូវសោភណភាព ដល់តំបន់ឆ្នេរសមុទ្រទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
៣. ក្រុមហ៊ុនត្រូវស្នើសុំលិខិតអនុញ្ញាតសាងសង់ និងលិខិតអនុញ្ញាតបើកការដ្ឋានសំណង់ ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្របតាមនីតិវិធីជាធរមាន។

ប៉ុន្តែបើតាមអាជ្ញាធរក្រុងព្រះសីហនុ ក្រុមហ៊ុននេះពុំទាន់បានបំពេញលក្ខខណ្ឌខាងលើនៅឡើយទេ។
ជាមួយគ្នានេះ លោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានក្រុមការងារ ដែលបានចុះពិនិត្យទីតាំងផ្ទាល់ បានធ្វើការណែនាំក្រុមហ៊ុន ត្រូវផ្អាកការដ្ឋានសាងសង់ទាំងស្រុងជាបណ្តោះអាសន្ន និងត្រូវកាយដីដែលបានចាក់លើឆ្នេរសមុទ្រចេញវិញ ព្រមទាំងជួសជុលផ្លូវក្រានីតឱ្យបានស្អាតដូចដើមវិញ ។ បន្ថែមពីនេះ ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក្នុងការកំណត់និយាមកាទីតាំងសាងសង់អាងតន្ត្រីបាញ់ទឹក និងរបាំងការពាររលកសមុទ្រឱ្យបានច្បាស់លាស់ រួចដាក់ជូនរដ្ឋបាលខេត្ត ដើម្បីប្រជុំពិនិត្យ មុននឹងដាក់ស្នើសុំគោលការណ៍ប្រើប្រាស់ដីឆ្នេរសាធារណៈពីរាជរដ្ឋាភិបាល៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


