ព័ត៌មានជាតិ
អូស្ត្រាលី សន្យាផ្ដល់ការបណ្ដុះបណ្ដាលជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យាដល់មន្ត្រីកម្ពុជា
តបតាមការស្នើសុំរបស់កម្ពុជា ភាគីអូស្រ្តាលី នឹងបន្តផ្ដល់ការបណ្តុះបណ្តាលដល់មន្រ្តីអនុវត្តច្បាប់របស់កម្ពុជាលើជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា។ សំណើនេះ ត្រូវបានលើកឡើងដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ទៅកាន់រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី។

ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងមែលប៊ន លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោក Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌អូស្ត្រាលី ដោយភាគីទាំងពីរ បានពិភាក្សាប្រកបដោយផ្លែផ្កាលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអន្តោប្រវេសន៍អូស្ត្រាលី។ ជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសភា អូស្ត្រាលី។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានចែករំលែកជូនភាគីអូស្ត្រាលីនូវព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធកិច្ចការអន្តោប្រវេសន៍នៅកម្ពុជា រួមទាំងការងារកំណែទម្រង់ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីឆ្លើយតបបរិបទថ្មីៗនៅកម្ពុជា និងក៏ដើម្បីផ្ដល់ភាពងាយស្រួលកំណត់បែបបទ និងលក្ខខណ្ឌច្បាស់លាស់លើការងារអន្តោប្រសន៍ ខណៈភាគីអូស្ត្រាលី មានបទពិសោធស៊ីជម្រៅជាងកម្ពុជាលើការងារនេះ។
លោក ស សុខា គូសបញ្ជាក់ថា ទស្សនកិច្ចនេះ នឹងផ្តល់បទពិសោធបន្ថែមដល់កម្ពុជា លើការងារអន្តោប្រវេសន៍ កិច្ចការទប់ស្កាត់ បង្ក្រាបបទល្មើសបច្ចេកវិទ្យា បទល្មើសជួញដូរមនុស្ស កិច្ចការសន្តិសុខ និងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ។

ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ស សុខា បានបង្ហាញឆន្ទៈ និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសឆបោក និងសកម្មភាពអនឡាញខុសច្បាប់ ដែលមក ដល់ពេលនេះ ក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្ម និងយកចិត្តទុកដាក់បំផុត។ លោកឧបនាយករដ្ឋមន្ត្រី បានស្នើសុំភាគីអូស្រ្តាលីបន្តផ្តល់បទពិសោធតាមរយៈការបណ្តុះបណ្តាលមន្រ្តីអនុវត្តច្បាប់របស់កម្ពុជា ដោយមន្ត្រី និងអ្នកជំនាញអូស្ត្រាលី។

ជាការឆ្លើយតប លោករដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី បានទទួលស្គាល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងយល់ស្របលើការងារប្រយុទ្ធប្រឆាំងបទល្មើសអន្តោប្រវេសន៍ និងបទល្មើសនានា រួមទាំងបទល្មើសបច្ចេកវិទ្យា ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពរវាងប្រទេសទាំងពីរ និងក្នុងតំបន់។
លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការទទួលយកសំណូមពរពីភាគីកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ព្រមទាំងពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើការងារស្ថិតក្នុងវិស័យក្រសួងទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ជាការកត់សម្គាល់ លោក Andrew Giles រដ្ឋមន្រ្តីក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការពហុវប្បធម៌អូស្ត្រាលី បានបញ្ជាក់ពីការត្រៀមមកបំពេញទស្សនកិច្ចការងារនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ តបតាមការអញ្ជើញរបស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា ផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


