Connect with us

ព័ត៌មានជាតិ

ប្រមុខក្រសួងមហាផ្ទៃប្រកាសបន្ថយក្របខណ្ឌនគរបាលនៅថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន

បានផុស

នៅ

ថ្លែងនៅក្នុងពិធីបិទវគ្គបណ្តុះបណ្តាល នៃបណ្ឌិត្យសភានគរបាលកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រកាសដាក់គោលដៅបន្ថយក្របខណ្ឌនគរបាលនៅថ្នាក់ក្រសួងបន្ថែមទៀត ដើម្បីបង្កើនឱ្យថ្នាក់មូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃការខិតខំបង្កើនចំនួនក្របខណ្ឌមន្រ្តីនគរបាលជាតិឱ្យថ្នាក់មូលដ្ឋាន ពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។

បើតាមប្រមុខក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០២៥ ក្រសួងមហាផ្ទៃ បានបង្កើនក្របខណ្ឌមន្រ្តីនគរបាលជាតិប្រចាំឆ្នាំ ឱ្យអង្គភាពនគរបាលនៅថ្នាក់មូលដ្ឋាន ជាង៧០ភាគរយ ដោយកាត់បន្ថយក្របខណ្ឌថ្មីសម្រាប់ថ្នាក់ក្រសួងមកនៅតែ២០ភាគរយប៉ុណ្ណោះ ខណៈនៅឆ្នាំ២០២៦នេះទៀត ក្រសួងមហាផ្ទៃ បានបន្តបង្កើនក្របខណ្ឌថ្មីឱ្យអង្គភាពនគរបាលថ្នាក់មូលដ្ឋាន រហូតដល់ជាង៨០ភាគរយ។ លោក បញ្ជាក់ថា ចំនួននេះ នឹងបន្តកើនឡើងទៀតនៅឆ្នាំបន្ទាប់។

លោក ស សុខា ទទួលស្គាល់លទ្ធផលកំណែទម្រង់ ដើម្បីពង្រាយធនធានកងកម្លាំងនគរបាលទៅថ្នាក់មូលដ្ឋានឱ្យបានច្រើននេះ ពិតជាចៀសមិនផុតឡើយពីការកាត់បន្ថយចំនួនក្របខណ្ឌដែលអង្គភាពចំណុះទីស្ដីការក្រសួងត្រូវទទួលបានប្រចាំឆ្នាំ។ យ៉ាងណាក៏ដោយ លោកបានអះអាងថា ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងបានដើរតួនាទីជាម្ចាស់ស្នាដៃកំណែទម្រង់នេះយ៉ាងពិតប្រាដក និងរក្សាជំហរឯកភាពគ្នាបន្តកំណែទម្រង់នេះដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។

លោកបានបន្ថែមទៀតថា ការងារនេះ មានគោលដៅយុទ្ធសាស្ត្រសំដៅពង្រឹង និងគាំទ្រដោយផ្ទាល់ដល់ការបំពេញការងាររបស់មន្ត្រីនៅតាមប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាន ដើម្បីឱ្យពួកគាត់មានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ព្រមទាំងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ឆាប់រហ័ស និងឆ្លើយតបបានទាន់ពេលវេលា។

ពីវេទិកាខាងលើ លោកបានសង្កត់ធ្ងន់ថា លទ្ធផលកំណែទម្រង់នេះអាចសម្រេចទៅបាន ដោយសារគុណបំណាច់នៃមរតកនយោបាយដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាការប្រតិបត្តិតាមគោលការណ៍ដឹកនាំរបស់សម្តេចធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសការបង្ខិតសេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម