Connect with us

ព័ត៌មានជាតិ

តែងតាំងប្រធានថ្មីនៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម រដ្ឋមន្ត្រីមហាផ្ទៃណែនាំឱ្យពង្រឹងអង្គភាព

បានផុស

នៅ

ឧត្តមសេនីយ៍ឯក ជា តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ជំនួសឧត្តមសេនីយ៍ទោ នុត សត្យា ដែលត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ។ ពិធីប្រកាសចូលកាន់តំណែងនេះ បានធ្វើជាផ្លូវការកាលពីរសៀសថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស សុខា បានលើកឡើងនៅក្នុងពិធីនោះថា ការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងប្រធានលេខាធិការដ្ឋានថ្មីពេលនេះ គឺធ្វើឡើងស្របតាមគោលការណ៍គ្រប់គ្រងធនធានមនុស្សរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើសមត្ថភាព និងបទពិសោធ ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន និងឆ្លើយតបនឹងបញ្ហាប្រឈមថ្មីៗ។

លោក បានសង្កត់ធ្ងន់ថា ការផ្លាស់ប្តូរនេះ មិនមែនជាការបដិសេធស្នាដៃចាស់នោះទេ ប៉ុន្តែជាការបន្តវេន ដើម្បីពង្រឹង និងអភិវឌ្ឍសមិទ្ធផលដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន។

លោក បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកឧត្តមសេនីយ៍ទោ នុត សត្យា អតីតប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ សម្របសម្រួល និងពង្រឹងប្រសិទ្ធភាពការងារនាពេលកន្លងមក។ លទ្ធផល និងស្នាដៃទាំងនេះ លោក ថា ជាមូលដ្ឋានគ្រឹះដ៏មានតម្លៃសម្រាប់លេខាធិការដ្ឋានបន្តអភិវឌ្ឍនាពេលខាងមុខទៀត។

សម្រាប់លោក ជា តារា ដែលទើបទទួលបានមុខតំណែងជាប្រធានថ្មីនៃលេខាធិការដ្ឋាននេះ ប្រមុខក្រសួងមហាផ្ទៃ ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីយកទៅធ្វើជាមូលដ្ឋានក្នុងការដឹកនាំ និងអនុវត្តភារកិច្ចនាពេលខាងមុខ ដោយត្រូវមានចក្ខុវិស័យច្បាស់លាស់ក្នុងការដឹកនាំ ពង្រឹងសាមគ្គីភាព និងការងារជាក្រុម ក៏ដូចជាការពង្រឹងប្រសិទ្ធភាពការងាររបស់លេខាធិការដ្ឋាន។

បន្ថែមពីនេះ ត្រូវលើកកម្ពស់សមត្ថភាពមន្ត្រី ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ យកចិត្តទុកដាក់លើការប្រមូល និងវិភាគទិន្នន័យស្ថិតិ និងត្រូវបង្កើនការទំនាក់ទំនងសាធារណៈ និងលើកកម្ពស់ការយល់ដឹង ព្រមទាំងការកសាងបណ្តាញសហការជាមួយអង្គការសង្គមស៊ីវិល។

គួរជម្រាបថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាគណៈកម្មាធិការថ្មីមួយ ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មការជាតិប្រឆាំងទារុណកម្ម អំពើឃោរឃៅ អំពើអមនុស្សធម៌ អំពើធ្វើទុក្ខបុកម្នេញ ឬទណ្ឌកម្ម។ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវបានបង្កើតឡើងក្នុងគោលដៅបង្ការ និងប្រឆាំងរាល់ការធ្វើទារុណកម្ម និងអំពើផ្សេងៗទៀត ដើម្បីពង្រឹងការពារជនទាំងឡាយ ដែលត្រូវបានដកហូតសេរីភាពឱ្យរួចផុតពីការធ្វើទារុណកម្ម។

គណៈកម្មាធិការជាតិនេះ មានវិសាលភាពអនុវត្តសកម្មភាពរបស់ខ្លួននៅគ្រប់កន្លែងឃុំឃាំងជនទាំងឡាយក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន លោក សៀង ឡាប្រេស្ស គឺជាប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម