ព័ត៌មានជាតិ
ពិភពលោក វាយតម្លៃខ្ពស់ចំពោះកម្ពុជាជាប្រទេសគំរូមានវិស័យឯកជនចូលរួមសកម្មភាពមីន
ពិភពលោក បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាប្រទេសគំរូមួយដែលមានវិស័យឯកជន ចូលរួមដល់កម្មវិធីសកម្មភាពមីនមនុស្សធម៌ ខណៈភាពជាដៃគូរបស់វិស័យឯកជនគឺជាដំណើរមួយឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន។ នេះបើតាមសំណេររបស់អាជ្ញាធរមីននៅលើតេឡេក្រាម។
ការបង្ហោះសារនេះ ស្របពេលដែល ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បាននិងកំពុងដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពាក់ព័ន្ធមួយចំនួននៃអនុសញ្ញាអូតាវ៉ា ចាប់ពីថ្ងៃទី១៥-២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដើម្បីពិភាក្សាពីពិភពលោកមួយដែលគ្មានមីន និងស្វែងរកការគាំទ្របន្ថែមលើវិស័យសកម្មភាពមីននៅកម្ពុជា។

អាជ្ញាធរមីន បញ្ជាក់ថា៖«គោលបំណងនៃព្រឹត្តិការណ៍នេះគឺដើម្បីស្វែងយល់ពីតួនាទីរបស់វិស័យឯកជនក្នុងភាពជាដៃគូជាមួយកិច្ចខិតខំប្រឹងប្រែងដោះមីនមនុស្សធម៌ ដើម្បីពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកពិភពលោកដែលគ្មានមីន»។
បន្ថែមពីនេះ ព្រឹត្តិការណ៍នេះកំពុងស្វែងរកពីសក្តានុពលសម្រាប់កិច្ចសហការប្រកបដោយវិជ្ជមាន ក្នុងការដោះស្រាយវិបត្តិមីនជាសាកល ដោយប្រើប្រាស់ធនធាន និងជំនាញរបស់វិស័យឯកជនជាមួយអង្គការមនុស្សធម៌។
ទេសរដ្ឋមន្រ្តី បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញាក្នុងឆ្នាំ២០២៤ កម្ពុជាបានប្តេជ្ញាចិត្តបន្តសម្រេចឱ្យបាននូវគោលដៅរួមរបស់អនុសញ្ញាអូតាវ៉ា និងការកៀរគរ ប្រទេសមិនមែនជាភាគីអនុសញ្ញា ឱ្យចូលរួមគាំទ្រ និងចូលជារដ្ឋភាគីនៃអនុសញ្ញា ដើម្បីរួមគ្នាសម្រេចឱ្យបាននូវពិភពលោកមួយដែលគ្មានមីន និងមិនមានការរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

គួរជម្រាបថា ដើម្បីទប់ស្កាត់ និងរួមចំណែកក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ឱ្យនៅកម្រិតអប្បបរមា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានបន្តខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ក្នុងការរំដោះផ្ទៃដី និងការផ្សព្វផ្សាយការអប់រំយល់ដឹងអំពីមីននិងគ្រាប់មិនទាន់ផ្ទុះនៅតាមសហគមន៍ ដើម្បី “ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម” និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់នៅបន្តរងគ្រោះទៀត៕
អត្ថបទ៖ ឡាយ សាមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


