ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ មន្ត្រីមានឥរិយាបថការងារល្អ ប្រកបដោយក្រមសីលធម៌ គុណភាព គុណធម៌ នឹងធានាបានការឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាជន
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល លើកឡើងថា «ការបណ្ដុះបណ្ដាលអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈមានសារៈសំខាន់ តែមន្ត្រីដែលមានឥរិយាបថការងារល្អ ការបំពេញការងារប្រកបដោយក្រមសីលធម៌ វិន័យ គុណភាព និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។

ការលើកឡើងនេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាវគ្គបណ្ដុះបណ្ដាលស្ដីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦» នៅសាលាភូមិន្ទរដ្ឋបាល កាលពីរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តថា អ្នកដឹកនាំ ត្រូវការកត្តាចំនួន ០៣ ដើម្បីជំរុញគុណភាព នៃភាពជាអ្នកដឹកនាំល្អ ក្នុងនោះរួមមាន ៖ ចក្ខុវិស័យ (Vision) ជំនាញ (Expertise) និងអត្តចរិតល្អ (Character)។ លើសពីនេះ អ្នកដឹកនាំ ក៏ត្រូវមានអត្តចរិតល្អ ពោលគឺត្រូវមានលក្ខណៈទន់ភ្លន់ ប៉ុន្តែហ្មត់ចត់ និងច្បាស់លាស់។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា វគ្គបណ្ដុះបណ្ដាលស្ដីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦» នេះ ជាឱកាសសម្រាប់ថ្នាក់ដឹកនាំពីគ្រប់ក្រសួង-ស្ថាប័ន ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងចំណេះធ្វើរបស់ខ្លួន ដើម្បីទទួលបាននូវពុទ្ធិថ្មីៗ បទពិសោធល្អៗ ដើម្បីដឹកនាំអង្គភាព និងក្រសួង ស្ថាប័នឲ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្ថែមថា វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបនឹងអាទិភាពគន្លឹះទី ១ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ គឺ កត្តា«មនុស្ស» ហើយក៏ស្របនឹងអាទិភាពដែលមានចែងក្នុងមុំទី ១ និងមុំទី ២ នៃស្នូលរបស់យុទ្ធសាស្ត្របញ្ចកោណផងដែរ។ ស្នូលនោះ សំដៅដល់ការពង្រឹង និងការកែទម្រង់ស្ថាប័ន តាមរយៈការពង្រឹងសមត្ថភាព នៃភាពជាអ្នកដឹកនាំ និងការរៀបចំបណ្ដាញអ្នកដឹកនាំ ព្រមទាំងការលើកកម្ពស់សមត្ថភាពធនធានមនុស្ស ប្រកបដោយសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាម តួនាទី និងការទទួលខុសត្រូវ។

គួរជម្រាបថា វគ្គបណ្ដុះបណ្ដាលស្ដីពី«ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» នៅសាលាភូមិន្ទរដ្ឋបាល ជាផ្នែកមួយ នៃការអនុវត្តវិធានការគន្លឹះទី ២ នៃការងារកែទម្រង់រដ្ឋបាលសាធារណៈ នោះគឺការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន៕
អត្ថបទ ៖ ពិសី


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


