ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ប្រកាសបន្តចាត់វិធានការលើអ្នកបំផ្លាញព្រៃលិចទឹកនៅបឹងទន្លេសាប ដោយមិនដកថយឡើយ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ប្រកាសទប់ស្កាត់រាល់សកម្មភាពទាំងឡាយដែលបំផ្លាញដល់ព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។ សម្ដេចធិបតី បានព្រមានដល់ក្រុមបុគ្គលមួយចំនួនតូច កុំគិតតែប្រយោជន៍ខ្លួនឯង ប៉ុន្តែបំផ្លិចផ្លាញដល់ផលប្រយោជន៍រួមរបស់ជាតិ ហើយបើនៅតែបន្ត សម្តេចនឹងចាត់វិធានការច្បាប់ដោយគ្មានការលើកលែង។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា៖ «ត្រូវហ៊ានអារកាត់ ដើម្បីធ្វើការទប់ស្កាត់ផលប្រយោជន៍របស់មនុស្សមួយចំនួនតូច ដើម្បីការពារផលប្រយោជន៍រួមរបស់ប្រទេសជាតិយើង»។ សម្ដេចធិបតី បានផ្ដាំទៅក្រុមបុគ្គលមួយចំនួនតូចដែលចង់បំផ្លាញផលប្រយោជន៍ជារួមរបស់ជាតិក្នុងតំបន់បឹងទន្លេសាប កុំស្រមោលស្រមៃថា រដ្ឋាភិបាលអនុវត្តតែមួយឆាវ ហើយដកថយវិញ គឺគិតខុសស្រឡោះ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាល នៅតែបន្តធ្វើសកម្មភាពទប់ស្កាត់ និងបង្ក្រាប ដណារាប ណាបឹងទន្លេសាបនៅតែជាជម្រកត្រីពង នៅតែជាតំបន់ដែលត្រូវការពារប្រព័ន្ធអេកូឡូស៊ី និងជាប្រយោជន៍ប្រជាពលរដ្ឋទូទាំង។ សម្ដេចធិបតី ថា រាជរដ្ឋាភិបាលមានកាតព្វកិច្ចដាច់ខាតការពារតំបន់បឹងទន្លេសាប ដើម្បីទុកជាប្រយោជន៍ជាតិទាំងមូល។
ជាសារព្រមានទៅកាន់ក្រុមបុគ្គលដែលមានបំណងបំផ្លាញព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប សម្ដេចធិបតី បានសង្កត់ធ្ងន់ដូច្នេះថា៖ «កុំចង់សាកល្បង គិតថា រដ្ឋាភិបាលថ្មី ក្មេងៗអត់ហ៊ានធ្វើអី ខ្ញុំសូមបញ្ជូនសារឱ្យហើយ»។ ដើម្បីធានាថា កាតព្វកិច្វនៃការពារបឹងទន្លេសាបសម្រេចបានជោគជ័យ សម្ដេចធិបតី ក៏បានអំពាវនាវដល់ក្រសួស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន មន្ត្រីមានសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ការកាប់ទន្ទ្រាន ដែលធ្វើឱ្យប៉ះពាល់នៅតំបន់នេះ។

ជាការកត់សម្គាល់ ជុំវិញករណីនៅបឹងទន្លេសាបនេះ កន្លងទៅ រាជរដ្ឋាភិបាល បានដាក់ចេញវិធានការជាបន្តបន្ទាប់ តាម រយៈការការអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងរឹងមាំបំផុតលើបុគ្គលដែលបានប្រព្រឹត្តល្មើសក្នុងការបំផ្លិចបំផ្លាញ ឬកាប់ទន្ទ្រានដីព្រៃលិចទឹកនៅបឹងទន្លេសាប។
ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆជាតិ លើកទី១៩ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៤ សម្ដេចធិបតី បញ្ជាក់ថា វិធានការនេះ មិនទាន់បញ្ចប់ទេ រាជរដ្ឋាភិបាល នឹងបន្តធ្វើបន្តទៅទៀត ហើយនៅពេលខាងមុខឆាប់ៗនេះ នឹងមានការដាក់ចេញវិធានការជាច្រើនថែមទៀត សំដៅធានាការការពារ និងថែរក្សាឱ្យបានគង់វង្សនូវបឹងទន្លេសាបដ៏សំខាន់មួយនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដោយត្រូវពង្រឹងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់។ ជាពិសេសក្នុងរដូវបិទនេសាទ ដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការម៉ឺងម៉ាត់ចំពោះការផលិត ការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជា ឧបករណ៍ឆក់ និងស្បៃមុង ជាដើម។
ទន្ទឹមគ្នានេះ សម្តេចធិបតី ថែមទាំងបានណែនាំឱ្យក្រសួងរៀបចំដែនដី ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ត្រូវដឹកនាំ និងជំរុញការចុះបញ្ជីដីព្រៃសហគមន៍ ចម្ការឈើដាំ សហគមន៍នេសាទ និងកន្លែងអភិរក្សជលផល ដើម្បីទប់ស្កាត់ និងបង្ក្រាបចលនាទន្ទ្រានកាន់កាប់ដីរដ្ឋ ជាពិសេសតំបន់ជុំវិញបឹងទន្លេសាប ដែលជាជម្រកត្រីពងកូន ជម្រកត្រី និងជាកន្លែងស្វែងរកចំណី។ សម្តេចធិបតី លើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍ បន្តចូលរួមជំរុញចលនា ដាំព្រៃលិចទឹក និងព្រៃកោងកាងឡើងវិញ ដើម្បីផ្ដល់ជាជម្រកពងកូន សម្រាប់វារីសត្វគ្រប់ប្រភេទ និងថែរក្សានិរន្តរភាពប្រព័ន្ធអេកូឡូស៊ីផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


