ព័ត៌មានជាតិ
បណ្ឌិត លី ធុជ ស្នើសុំ UNMAS គាំទ្រ ការដោះស្រាយការគំរាមកំហែងសំណល់ជាតិផ្ទុះពីសង្រ្គាម
ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ UNMAS ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាម។ ការស្នើនេះ ធ្វើឡើង ខណៈទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោកស្រី Ilene Cohn នាយិកា UNMAS (the United Nations Mine Action Service) ទទួលបន្ទុកផ្នែកប្រតិបត្តិការរក្សាសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួប នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន នេះ បណ្ឌិត លី ធុជ បានជម្រាបប្រាប់ លោកស្រី Ilene Cohn អំពីដំណើរការស្វែងរកសន្តិភាពនៅកម្ពុជាក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះរួមទាំងកិច្ចខិតខំប្រឹងប្រែងផ្នែកសកម្មភាពបោសសម្អាតមីនមនុស្សធម៌ចាប់តាំងពី ឆ្នាំ១៩៩២ ដែលមានការចូលរួមគាំទ្រពីប្រទេសជាមិត្តដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធដទៃទៀត។

ក្នុងនោះ តាងនាមរាជរដ្ឋាភិបាល ទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ UNMAS ចូលរួមគាំទ្រដល់ការរៀបចំគោលនយោបាយថ្នាក់ជាតិ ក្នុងការដោះស្រាយការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ ផងដែរ។ ជាមួយគ្នានោះ ក្នុងនាមកម្ពុជាជាប្រធាន និងម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរឆ្នាំ២០២៤ បណ្ឌិត លី ធុជ បានស្នើសុំឱ្យ UNMAS ជួយផ្សព្វផ្សាយ កៀរគរ និងទទួលបានការគាំទ្រលើផែនការសកម្មភាពសៀមរាប-អង្គរ និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលនឹងត្រូវដាក់ជូនទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ក្នុងខែតុលា ឆ្នាំ២០២៤ ខាងនេះ។

ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើសុំឱ្យ UNMAS គាំទ្រដល់សកម្មភាពធ្វើសកលភាវូបនីយកម្ម នៃអនុសញ្ញា ដើម្បីកៀរគរប្រទេសមិនទាន់ក្លាយជារដ្ឋភាគី ឱ្យបានចូលរួមជារដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានស្នើសុំឱ្យ UNMAS គាំទ្រដល់វិស័យសកម្មភាពមីនក្នុងបណ្តាប្រទេសដែលកំពុងរងផលប៉ះ និងមានតម្រូវការក្នុងការងារបោសសម្អាតមីន។

ជាការឆ្លើយតប លោកស្រី Ilene Cohn បានទទួលយកសំណើរបស់កម្ពុជា ហើយនឹងបន្តធ្វើការដើម្បីគាំទ្រដល់ការអនុវត្តអនុសញ្ញា។

គួរបញ្ជាក់ថា បើតាមបណ្ឌិត លី ធុជ បានឱ្យដឹងថា ក្នុងរយៈពេលជាង ៣០ ឆ្នាំនេះ ឆ្នាំ២០២៣ គឺជាឆ្នាំដែលកម្ពុជាទទួលបាននូវសមិទ្ធផលយ៉ាងធំធេងជាងគេក្នុងការងារបោសសម្អាតមីនរហូតដល់ ៤៥៦ គីឡូម៉ែត្រការ៉េ និងត្រូវបានចាត់ទុកជាជោគជ័យមួយសម្រាប់វិស័យសកម្មភាពមីនសកល។ ទោះបីយ៉ាងណា កម្ពុជា នៅបន្តសេសសល់នូវតំបន់សង្ស័យមានមីន និងមានភាពស្មុគស្មាញជាច្រើន ដែលកិច្ចការនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្រ្តយ៉ាងមុះមុត ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ដែលនៅសេសសល់ទាំងនោះ៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


