ព័ត៌មានជាតិ
បុណ្យផ្កាយឆ្នាំ២០២៤ នឹងធ្វើឡើង៣ថ្ងៃដើម្បីឱ្យប្រជាជនកម្ពុជា-ជប៉ុន ស្វែងយល់ពីគ្នាកាន់តែច្រើន
ពិធីបុណ្យផ្កាយឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយមានរំលេចពីវប្បធម៌ប្រពៃណីជប៉ុន និងខ្មែររួមគ្នា ដើម្បីឱ្យចំណងប្រទេសទាំង២កាន់តែស្អិតរមួតតាមរយៈប្រជាជន និងប្រជាជនបានយល់ដឹងពីវប្បធម៌គ្នាទៅវិញទៅមក។

នៅល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីបើកនៃពិធីបុណ្យផ្កាយ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា ពិធីបុណ្យផ្កាយ គឺជាពិធីបុណ្យប្រពៃណីជប៉ុន ដែលតែងតែប្រារព្ធនៅថ្ងៃទិ៧ ខែកក្កដា ជារៀងរាល់ឆ្នាំ។ ក្នុងពិធីបុណ្យនេះ ប្រជាជនជប៉ុនតែងនាំគ្នាសរសេរបំណងប្រាថ្នារបស់ខ្លួននៅលើក្រដាសពណ៌ ហើយចងព្យួរនៅមែកឬស្សី។ លោកបន្តថា សម្រាប់ការប្រារព្ធពិធីបុណ្យនេះនៅកម្ពុជា ក្នុងគោលបំណងចង់បង្ហាញពីវប្បធម៌ប្រពៃណីពិធីបុណ្យតាណាបាតា (បុណ្យផ្កាយ) មកកាន់ប្រជាជនកម្ពុជា ដើម្បីកសាង និងជំរុញទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន តាមរយៈកម្មវិធីនានាដែលមានក្នុងពិធីបុណ្យនេះ។

រីឯ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមាានប្រសាសន៍ថា បុណ្យផ្កាយនេះ ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទំនាក់ទំនងយូរអង្វែង ព្រមទាំងបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជានិមិត្តរូបក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ វប្បធម៌រវាងប្រទេសកម្ពុជា-ជប៉ុន។ លើសពីនេះ ក៏ផ្តល់ឱកាសដល់យុវជន ដើម្បីចែករំលែក និងស្វែងយល់អំពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណី រួមទាំងអក្សរសាស្ត្រ ភាសា សិល្បៈ របាំ និងអាហាររវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនថែមទៀត។

ចំណែក លោកស្រី បែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការផ្លាស់ប្តូរវប្បធម៌ដ៏មានសារៈសំខាន់រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ក្នុងព្រឹត្តិការណ៍នេះ គឺជានិមិត្តសញ្ញានៃក្តីស្រឡាញ់ សន្តិភាព ការផ្លាស់ប្តូរប្រជាជន និងប្រជាជន និងការគោរពនិងឈ្វេងយល់វប្បធម៌គ្នាទៅវិញទៅមក ជាពិសេសរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន។ ទន្ទឹមគ្នានេះ កម្ពុជា និងជប៉ុនបានដំឡើងទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលចាត់ទុកថាជាទំព័រប្រវត្តិសាស្ត្រថ្មីរួមគ្នាសម្រាប់ប្រទេសទាំងពីរ។ បន្ថែមពីនេះ លោកស្រី សង្ឃឹមថាអ្នកចូលរួមទាំងអស់ ជាពិសេសយុវជន នឹងចូលរួមរីករាយនឹងសកម្មភាព រៀនសូត្រអ្វីថ្មីៗ និងរាប់អានមិត្តភក្តិថ្មី។ ព្រឹត្តិការណ៍បុណ្យផ្កាយ Tanabata ឆ្នាំនេះ គឺជាសក្ខីភាពដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌។ ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិទាំងពីរបន្តរីកលូតលាស់ ជាពិសេសក្នុងចំណោមយុវជន។

សូមជម្រាបថា បុណ្យផ្កាយនេះនឹងចាប់ផ្តើមម៉ោង៩ព្រឹក ដល់ម៉ោង៥៖៣០នាទីល្ងាច នៅ CJCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានបង្ហាញពីវប្បធម៌ជប៉ុនជាច្រើន អាចឱ្យសិស្សនិស្សិត និងសាធារណជនចូលរួមដោយសេរី ដើម្បីស្វែងយល់ពីវប្បធម៌នានារបស់ប្រទេសជប៉ុន។ មិនតែប៉ុណ្ណោះ ក៏មានបង្ហាញនូវវប្បធម៌ខ្មែរដូចគ្នា ដូចជារបាំ និងការក្រងភួងផ្កា បណ្តែតប្រទីប រួមទាំងមានស្តង់អាហារ និងល្បែងលេងយករង្វាន់ជាច្រើនផងដែរ៕
ដោយ៖ អុន ស្រីមាន




-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


