ព័ត៌មានជាតិ
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួម
កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ ការប្ដេជ្ញានេះ ធ្វើឡើងក្នុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម (TO Lam) ប្រធានរដ្ឋ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈប្រតិភូ នៅវិមានសន្តិភាព។

លោកប្រធានរដ្ឋ ក៏បានអបអរសាទរចំពោះកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ ក្រោមម្លប់ដ៏ត្រជាក់របស់អង្គព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយសង្ឃឹមថាប្រទេសកម្ពុជានឹងមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីឈានដល់ការសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
បន្ថែមលើនេះ លោកប្រធានរដ្ឋ ក៏បានបញ្ជាក់ជូនសម្តេចធិបតី ថាវៀតណាម និងកម្ពុជានឹងបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទៅមុខឱ្យបានកាន់តែរឹងមាំបន្ថែមទៀត ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងវប្បធម៌ប្រហាក់ប្រហែលគ្នា ព្រមទាំងប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងវៀតណាម-កម្ពុជា ដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

សម្តេចធិបតី បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ ក្នុងជំនួបពិភាក្សានេះ សម្តេចធិបតី និងលោកប្រធានរដ្ឋវៀតណាម បានពិភាក្សាលើចំណុចសំខាន់ៗ ដែលរួមមាន៖ ទី១) កិច្ចសហប្រតិបត្តិការការទូតនិងនយោបាយ ដោយភាគីទាំងពីរនឹងបង្កើននូវការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងគ្នាកម្រិតជាន់ខ្ពស់បន្ថែមទៀត ទី២) កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងថាមពល តាមរយៈការពង្រឹងភាពជាដៃគូសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីជំរុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរឱ្យអស់សក្តានុពល និងខិតខំជំរុញបន្ថែមទៀតនូវសកម្មភាពសេដ្ឋកិច្ច ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងវិស័យឯកជន។

ទី៣) កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដោយបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ដើម្បីរួមចំណែករក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម ព្រមទាំងកិច្ចសហការ និងការចែករំលែកព័ត៌មានគ្នា ក្នុងការទប់ស្កាត់បទល្មើសតាមព្រំដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងការឆបោកតាមប្រព័ន្ធអនឡាញ ទី៤) ការផ្លាស់ប្តូរប្រជាជននិងប្រជាជន និងការតភ្ជាប់ ដោយផ្តោតលើការបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមជានិស្សិត និងមន្ត្រីរាជការ ការជំរុញវិស័យទេសចរណ៍ និងការពង្រីកជើងហោះហើរផ្ទាល់ ក៏ដូចជាការតភ្ជាប់ផ្នែកហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត និង ហូជីមិញ-ម៉ុកបៃ) និង ទី៥) កិច្ចការព្រំដែន ដោយភាគីទាំងពីរនៅតែចាត់ទុកការបោះបង្គោលព្រំដែនគោក ជាកិច្ចការអាទិភាព និងបន្តពិភាក្សាដើម្បីឈានទៅសម្រេចបាននូវការបោះបង្គោលព្រំដែនគោក៕



-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


