Connect with us

ព័ត៌មានជាតិ

គ្រំ​ចំពុះ​ទា​ពង្រីក​ទីផ្សារ​ផ្គត់ផ្គង់​ក្នុងស្រុក​ ខណៈ​កន្លង​ទៅ​ពឹង​ផ្អែក​លើ​ទីផ្សារ​ប្រទេស​​ជិត​ខាង​ទាំង​ស្រុង

បានផុស

នៅ

​គ្រំ​ចំពុះ​ទា ​ជា​អាហារសមុទ្រ​ដែល​មានការ​ចិញ្ចឹម​តាមបែបធម្មជាតិ កំពុងយកចិត្តទុកដាក់ពង្រឹង​​គុណភាព​ស្តង់ដារ​អនាម័យ​។ បច្ចុប្បន្ន​សហគមន៍​ចិញ្ចឹម​គ្រំ​ចំពុះ​ទា​នៅ​ឃុំ​ពាម​ក្រសោប ​ក្នុង​ខេត្ត​កោះកុង បាន​​កែច្នៃ​ផលិតផល​អាហារ​សមុទ្រ​មួយ​នេះ​ប្រកប​ដោយ​​ស្តង់ដា​អនាម័យ​ខ្ពស់​ ដោយ​មាន​ការ​ទទួល​ស្គាល់​និង​វាយ​តម្លៃ​ពី​ស្ថាប័ន​ជំនាញ​ផ្នែក​សុវត្ថិភាព​ចំណី​អាហារ រហូត​អាច​នាំ​ទៅ​លក់​នៅ​ទីផ្សារ​ទំនើបៗ​ក្នុងស្រុក​ដោយ​ផ្ទាល់ថែមទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្ស តារា ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រំ​ចំពុះ​ទា និង​បង្គា​ក្រៀម​ក្នុង​ឃុំ​ពាម​ក្រសោប​ ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង​បាន​ឲ្យ​ដឹង​ថា ក្រោយ​មានការ​ជួយ​ជ្រោមជ្រែង​ទាំង​សម្ភារៈ​និង​បច្ចេកទេស​ពី​អង្គការ UNIDO តាម​រយៈ​គម្រោង​កម្មវិធី Capfish Capture សិប្បកម្ម​របស់​លោក​បាន​កែច្នៃ​គ្រំ​ចំពុះ​ទា ដោយ​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ពិសេស​អាច​នាំ​ទៅ​លក់​​ដោយ​ផ្ទាល់​នៅ​ផ្សារ​ទំនើប​លំដាប់​ខ្ពស់​ក្នុងស្រុក​ដូចជា​ផ្សារ​ម៉ាក្រូ​ជាដើម។

មុន​អាច​ពង្រីក​ក្លាយ​ជា​សិប្បកម្ម​ ដែល​មាន​ការ​កែច្នៃ​ផលិតផល​ជលផល​គ្រឿង​សមុទ្រ​ដ៏​លេចធ្លោ​ក្នុង​ខេត្ត​កោះកុង លោក​ វង្ស តារា បាន​រំលេច​ពី​ប្រវត្តិ​ការ​ចាប់ផ្ដើម​ការ​ចិញ្ចឹម​គ្រុំ​ចំពុះ​ទា​ដំបូង​កាលពី​ឆ្នាំ ១៩៩៤ ក្នុង​រូបភាព​ជា​លក្ខណៈ​គ្រួសារ។យ៉ាងណាមិញ វិបត្តិ​ជំងឺកូវីដ​​ក្នុង​ឆ្នាំ ២០២១ ប៉ះពាល់ដល់​ការ​​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ជិតខាងជាពិសេស​ប្រទេស​ថៃ ដែលនាំ​ឲ្យ​​លោក​ងាកមក​​កែច្នៃ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ខណៈ​តម្រូវការ​ក្នុង​ស្រុក​ក៏​មាន​កើន​ឡើង​ខ្ពស់។

លោក វង្ស តារា បាន​រំលឹក​ថា នៅ​ឆ្នាំ ២០២១ ដោយសារ​ការ​ចាប់ផ្ដើមនៅ​ក្មេង​ខ្ចី ដំបូង​មាន​ឈ្មួយ​កណ្ដាលបាន​​នាំ​ចែក​ចាយ​លក់​លើ​ទីផ្សារ​។ ប៉ុន្តែ​បច្ចុប្បន្ន​សិប្បកម្ម​​អាច​នាំ​ចេញ​ដោយ​ផ្ទាល់​បោះលក់​តាម​ផ្សារ​ទំនើបៗ​​ដូចជា​ផ្សារ​ម៉ាក្រូ ដោយ​មាន​​ការ​វិចខ្ចប់តាម​បច្ចេកទេស​ត្រឹមត្រូវ​ និង​ប្រកប​ដោយ​ស្តង់ដារ​អនាម័យ​ខ្ពស់។

នៅ​សហគមន៍​ពាម​ក្រសោបដែល​​ជា​តំបន់អភិរក្ស​ព្រៃ​កោងកាង ​អំណោយផលសម្រាប់​ការចិញ្ចឹម​គ្រំ​ចំពុះ​ទា។ ខណៈការ​ចិញ្ចឹម​គ្រំ​ចំពុះ​ទា​ក្នុង​មួយ​ឆ្នាំ​ប្រមូល​ផល​បាន​តែ​ម្តង ហើយ​គិត​តែ​ក្នុង​សហគមន៍​ពាមក្រសោប ដែលជា​តំបន់ចិញ្ចឹម​គ្រំចំពុះទា​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​​មួយ​រដូវកាលអាច​ប្រមូល​​ផល​សរុ​បបាន​ពី ២ ពាន់​តោន ទៅ ៣ ពាន់​តោន។

ក្នុង​​សហគមន៍​ពាម​ក្រសោប​ដែល​មានពលរដ្ឋ​ជាង ៣០០ គ្រួសារ​ ហើយ​ជាង ៥០ ភាគរយ​ ប្រកប​របរ​​ចិញ្ចឹម​គ្រំ​ចំពុះ​ទា​ ខណៈ​បច្ចុប្បន្ន​ការ​ផលិត​លើស​ពី​តម្រូវការ​ផ្គត់ផ្គង់​ក្នុង​ស្រុក។

លោក ​វង្ស តារា បាន​ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​សហគ្រាស​របស់​លោក អាច​កែច្នៃ​ផ្គត់ផ្គង់​ទីផ្សារ​បាន​ជាង​ ១ តោន។ ដោយ​សារ​ការ​ផលិត​តាម​ស្តង់ដារ​បច្ចេកទេស​មាន​ទំនុក​ចិត្ត​ពី​អតិថិជន​ ដែល​នាំ​ឲ្យការ​បញ្ជា​ទិញ​មាន​ការ​កើន​ឡើង។ បច្ចុប្បន្ន​សិប្បកម្ម​របស់​លោក​អាច​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​កើន​ឡើង​ពី ៥ ភាគរយ​ដល់ ២០ ភាគរយ​។

ក្រោយ​មានការ​ជួយ​គាំទ្រ​ទាំង​​បច្ចេកទេស​​ និង​សម្ភារបរិក្ខា​ពី​គម្រោង​គាំទ្រ​សហគ្រាស​ធុន​តូច​និង​មធ្យម​ពី​អង្គការ UNIDO សិប្បកម្មកែច្នៃ​គ្រំចំពុះទា​របស់​លោក វង្ស តារា បាន​ដំណើរការ​ល្អ​ប្រសើរ​ជាង​មុន ហើយ​ការ​លក់​ក៏​កើន​ច្រើន​ជាង​មុន។

ដោយ​ឆ្លង​កាត់​វគ្គ​បណ្ដុះបណ្ដាល និង​មានការ​ស្វែង​យល់​បាន​ច្រើន​ជាង​មុន លោក វង្ស តារា បាន​អះអាង​ថា ដើម្បី​ចិញ្ចឹមគ្រំចំពុះទា​​ឲ្យ​បាន​ទិន្នផល​ល្អ​ត្រូវ​សិក្សា​ពី​ចរន្ត​ទឹក​ហូរ និង​ត្រូវ​អនុវត្ត​តាម​​បច្ចេកទេស​ឲ្យ​បាន​​​ត្រឹមត្រូវ​ទើប​ទទួល​បាន​ផល​​។

ជា​សហគ្រាស​ដែល​ទទួលបាន​​វិញ្ញាបនបត្រ​បញ្ជាក់​ពី​សុវត្ថិភាព​ចំណី​អាហារ CQS លោក វង្ស តារា ចង់​ពង្រីក​សមត្ថភាព​ផលិតកម្ម​​​ ដើម្បី​អាច​ឈាន​នាំ​ទៅ​លក់​ដល់​ទីផ្សារ​ក្រៅ​ប្រទេស។ យ៉ាងណា​មិញ​ដើម្បី​សម្រេច​គោលដៅ​នេះ លោក​វង្ស​ តារា បាន​អះអាង​ថា ​ត្រូវការ​ការ​គាំទ្រ​បន្ថែម​ពី​ដៃគូ​ពាក់ព័ន្ធ​ទាំង​បច្ចេកទេស មធ្យោបាយ​រួម​ទាំង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ។

លោក Bryan Fornari ប្រធាន​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប ​ដែលផ្តល់​ថវិកា​​គាំទ្រ​គម្រោង​អភិវឌ្ឍ​ជលផល​​ក្រោយ​ប្រមូលផល​តាម​រយៈ​អង្គការ UNIDO បាន​បញ្ជាក់​ថា ការ​​ជួយ​គាំទាំង​ផ្នែក​បច្ចេកទេស និង​ការ​វិនិយោគ​លើ​សម្ភារ​បរិក្ខារ​បាន​ជួយ​បន្ថែម​តម្លៃ​លើ​ផលិតផល​ជលផល​របស់​កម្ពុជា។

ដូច​សិប្បកម្ម​លោក ​វង្ស តារា ដែល​ចិញ្ចឹម​គ្រំ​ចំពុះ​ទា​អស់​រយៈ​ពេលជាច្រើន​ឆ្នាំ​នេះ ដោយសារ​មានការ​ជួយ​គាំទ្រ​ទាំង​បច្ចេកទេស និង​សម្ភារៈ​ផ្សេង​ទៀត ​ជួយ​ឲ្យ​អាជីវកម្ម​រីក​លូតលាស់ បង្កើន​ប្រាក់​ចំណូល​ និង​បង្កើត​ការងារ​សម្រាប់​សហគមន៍​​តាមមូលដ្ឋាន​បន្ថែម​ទៀត។

លោក​បន្ត​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​សិក្សានេះ មាន​ការ​​លើក​ឡើង​​ច្រើន​ពាក់ព័ន្ធ​ស្តង់ដារ​គុណភាព និយាយ​រួម​អំពី​គុណភាព​ផលិតផល​។ ការ​លើក​ឡើង​របស់​សហគ្រាស​លោក វង្ស ដារ៉ា បាន​គិតគូរយ៉ាង​យកចិត្តទុកដាក់​ធ្វើ​យ៉ាងណា​ឲ្យ​ផលិតផល​មាន​គុណភាព​និង​សុវត្ថិភាព​ តាមរយៈ​ការ​បំពាក់​បច្ចេកវិទ្យា​ សម្ភារៈ​បរិក្ខារ​ទំនើប ការ​អនុវត្ត​តាម​ស្តង់ដារ ដែលកត្តា​ទាំង​នេះ​នាំ​ឲ្យ​អាជីវកម្ម​រីក​ចម្រើន។

ក្នុង​​នាម​សហភាព​អឺរ៉ុប លោក លោក Bryan Fornari រីករាយ​ក្នុង​ការ​​បន្ត​គាំទ្រនិង​​សហការ ក្នុង​ការ​ការ​ជួយ​លើក​កម្ពស់​ការងារ​កែច្នៃ និង​ការ​គាំទ្រ​ទៅលើ​ផ្នែក​ផ្សេង​ទៀត បូក​ទាំង​បច្ចេកទេស​​ ការ​កែច្នៃ និង​ការ​បន្ថែម​តម្លៃ​លើ​ផលិតផល​សម្រាប់​សហគ្រាស​ជលផកកម្ពុជា សម្រាប់​បន្ត​​រីកចម្រើនទៅ​មុខ​ទៀត។

លោក​ថា​ ការ​គាំទ្រ​កន្លងមក​បង្ហាញ​ជោគជ័យ​ ដោយលោកលើកឡើង​ពី​ការ​នាំចេញ​​ម្រេច និង​ស្វាយ​ចន្ទី​ទៅ​ទីផ្សារ​ប្រទេស​​នៅ​សហភាព​អឺរ៉ុប។ ​សម្រាប់​ការ​នាំ​ផលិតផល​ជល​ផល​កម្ពុជា​ទៅ​​ប្រទេសនៅ​​សហភាព​អឺរ៉ុប លោក​លើក​ឡើង​ថា ត្រូវការ​ពេល​យូរ​បន្តិច​ទៀត តែ​លោក​សង្ឃឹម​ដោយសុទិដ្ឋនិយម​ថា​តាម​រយៈ​ការ​ប្រឹង​ប្រែងទាំងអស់នេះ​​នឹង​នាំផល​ជា​​វិជ្ជមាន​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤០ នាទីutes មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៥២ នាទីutes មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៤ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម