ព័ត៌មានជាតិ
លោក សាយ សំអាល់៖ អាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា ត្រូវរួមគ្នាការពារ និងទប់ស្កាត់សំណង់ខុសច្បាប់ព្រមទាំងការទន្ទ្រានយកដីនៅក្នុងតំបន់អង្គរ
នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងកិច្ចពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក(អង្គរ) នៅខេត្តសៀមរាបថា អាជ្ញាធរខេត្តសៀមរាប ដែលជាគណៈបញ្ជាការរួម ត្រូវធ្វើការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ដែលកេរ្ដិ៍ដំណែលដូនតាខ្មែរ និងជាសម្បត្តិបេតិកភណ្ឌរបស់ពិភពលោកឱ្យបានគង់វង្ស និងមានភាពលេចធ្លោជានិរន្ត។

លោក សាយ សំអាល់ បានបញ្ជាក់ទៀតថា លោកចង់ឃើញការឯកភាពគ្នាទាំងស្ថាប័នពាក់ព័ន្ធ សមត្ថកិច្ច ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីរួមគ្នាការពារតំបន់រមណីយដ្ឋានអង្គរ និងមានការទទួលខុសត្រូវសម្រាប់ប្រវត្តិសាស្ត្រ។
លោកបន្តថា ចាប់តាំងតែពីក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មក រដ្ឋាភិបាលបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានជាច្រើន សម្រាប់ការពារអង្គរដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ដែលបន្សល់ទុកនេះ ហើយនៅក្រោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្គ្រាមរវាងខ្មែរ៤ភាគីមក រាជរដ្ឋាភិបាលកម្ពុជាក៏បានយកចិត្តទុកដាក់លើកិច្ចការពារអង្គរនេះមុនគេដែរ។

លោកជំទាវបណ្ឌិតសុភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ អាជ្ញាធរជាតិអប្សរា បានថ្លែងថា រយៈពេល៣០ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានសហការជាមួយជប៉ុន បារាំង និងបណ្ដាប្រទេសចំនួន៣៧ផ្សេងទៀត ដែលចូលរួមពិនិត្យនិងផ្ដល់យោបល់ជាប់ជាប្រចាំនៅក្នុងកិច្ចការអភិរក្ស អភិវឌ្ឍន៍ នៅតំបន់អង្គរនិងតំបន់ដែលពាក់ព័ន្ធ ធ្វើឱ្យទទួលបានភាពជោគជ័យនិងការកាត់បន្ថយបញ្ហាប៉ះពាល់នានាជាច្រើនមកលើតម្លៃដ៏មហាសាលនៃអង្គរ ព្រមទាំងរក្សាបាននូវតម្លៃលេចធ្លោជាសកល។ក៏ប៉ុន្តែទន្ទឹមនិងភាពជោគជ័យនេះ បញ្ហាប្រឈមជាច្រើន ក៏នៅតែកើតមានទៅលើការងារគ្រប់គ្រងតំបន់អង្គរផងដែរដូចជា៖ការសឹករិចរិលរបស់ប្រាង្គប្រាសាទបុរាណដោយសារកំដៅថ្ងៃនិងអាកាសធាតុ រំហូរភ្ញៀវទេសចរណ៍ខ្លាំង ឧបសគ្គនៃការថែរក្សាការពារទំនៀមទម្លាប់ប្រពៃណីនិងជំនឿ របស់អ្នកស្រុកអង្គរ ការទន្ទ្រានយកដីធ្លី ព្រមទាំងការសាងសង់សំនង់ខុសច្បាប់ក្នុងតំបន់ការពារ នៅតែមានការកើនឡើងនៅឡើយ។

លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា អាជ្ញាធរខេត្ត អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់និងសមត្ថកិច្ចពាក់ព័ន្ធនានា ត្រៀមខ្លួនជានិច្ចក្នុងកិច្ចសហការជាមួយរដ្ឋាភិបាលនិងអាជ្ញាធរជាតិអប្សរា លើកិច្ចការពាររមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌរបស់មនុស្សជាតិនេះ។
រមណីយដ្ឋានអង្គរ ដែលជាតំបន់ការពារមានទំហំ៤០១គីឡូម៉ែត្រក្រឡា ដែលបានគ្របដណ្ដប់លើក្រុងសៀមរាប ក្រុងរុនតាឯកតេជោសែន ស្រុកពួក ស្រុប្រាសាទបាគង ស្រុកបន្ទាយស្រី និងស្រុកអង្គរធំ។ តំបន់រមណីយដ្ឋានអង្គរ មានប្រជាពលរដ្ឋរស់នៅចំនួន១១៤ភូមិ ស្មើនិង២៥ឃុំ សង្កាត់ និងមានក្បាលដីសរុបចំនួន៩៧៩១៣ក្បាលដីផងដែរ៕
អត្ថបទ៖ ជុន កុសល






-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?