ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលនឹងបើកកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥នៅរសៀលថ្ងៃនេះ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាដែលមានសមាជិកសរុបចំនួន៥១រូបមកពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក នឹងបើកកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលកម្មករសម្រាប់ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

បើយោងតាមក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កិច្ចប្រជុំនេះត្រីភាគីនឹងត្រូវពិភាក្សាលើបម្រែបម្រួល នៃលក្ខណវិនិច្ឆ័យបែបសង្គមរួមមានស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមានផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យដោយប្រើប្រាស់មូលដ្ឋានទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រដូចមានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
ពាក់ព័ន្ធនឹងការចរចាប្រាក់ឈ្នួលឆ្នាំនេះ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរំពឹងថា នឹងប្រព្រឹត្តិទៅដោយរលូនដោយគ្រប់ភាគីពាក់ព័ន្ធមានការយោគយល់គ្នា និងមានឆន្ទះរួមគ្នាដើម្បីប្រយោជន៍កម្មករនឹងអាចទទួលយកបានទាំងអស់គ្នា។

លោកបានបន្តថា ការដាក់ក្តីរំពឹងនេះដោយសារតែកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមានេះធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំមកហើយភាគីទាំងអស់បានយល់ដឹងពីនីតិវិធី ការចរចារ និងលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាររួមមានស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។

គួរបញ្ជាក់ថា ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាជូនដល់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៤ដុល្លារ ក្នុងនោះ២ដុល្លារអនុម័តដោយត្រីភាគី និង២ដុល្លារទៀតផ្តល់ជូនបន្ថែមដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតកើនឡើងដល់២០៤ដុល្លារក្នុង១ខែ ដោយមិនបូកបញ្ចូលប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


