ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ ក្រសួងការងារ នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ ២០២៦ នៅរសៀលថ្ងៃស្អែក
លោក ស៊ុន មេសា អ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៩ សីហា នេះថា ក្រសួងការងារ នឹងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា អាណត្តិទី ៤ លើកទី ១ ស្ដីពី ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ នៅរសៀលថ្ងៃទី ២០ ខែសីហា ស្អែកនេះ។

បើតាម លោក ស៊ុន មេសា កិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានេះ នឹងប្រព្រឹត្តិទៅក្រោមអធិបតីភាព លោក ហេង សួរ ប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សរុបចំនួន ៥១ រូប ដែលមានសមាសភាពស្មើៗ គ្នា មកពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករ-និយោជិត និងតំណាងភាគីនិយោជក។

លោកបានបន្តទៀតថា នៅក្នុងកិច្ចប្រជុំត្រីភាគី នឹងត្រូវពិភាក្សាលើបម្រែបម្រួល នៃលក្ខណវិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដូចមានកំណត់ក្នុងមាត្រា ៥ នៃច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា។

អ្នកនាំពាក្យក្រសួងការងារ រំពឹងថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៦ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅដោយរលូន ដោយគ្រប់ភាគីពាក់ព័ន្ធមានការយោគយល់គ្នា និងឆន្ទៈរួមគ្នា ដើម្បីប្រយោជន៍កម្មករនឹងអាចទទួលយកបានទាំងអស់គ្នា។ការដាក់ក្តីរំពឹងនេះ ដោយសារតែកិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមានេះធ្លាប់ឆ្លងកាត់បទពិសោធជាច្រើនឆ្នាំមកហើយ ភាគីទាំងអស់បានយល់ដឹងពីនីតិវិធី ការចរចា និងលក្ខខណ្ឌដូចមានចែងក្នុងច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមារួមមាន ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។
គួរបញ្ជាក់ថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ ២០២៦ នេះ នឹងសម្រេចលទ្ធផលដោយមានតួលេខថ្មី នៃប្រាក់ឈ្នួលអប្បបរមាជូនកម្មករ-និយោជិតនៅមុនពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ខណៈឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាល បានដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារ ក្នុងមួយខែ កើនឡើង ៤ ដុល្លារ ក្នុងនោះ ត្រីភាគីដែលមានភាគីសហជីព ភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល បានឯកភាពដំឡើង ២ ដុល្លារ និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ថែម ២ ដុល្លារ ពីលើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ ដុល្លារ ក្នុង ១ ខែ។ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បន្ថែម កម្មករ-និយោជិត ម្នាក់ អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២៥ ទៅ ២៣៦ ដុល្លារ ដោយមិនទាន់ពីគិតពីអត្ថប្រយោជន៍ផ្សេងទៀត ដែលទទួលបានពី ប.ស.ស នោះទេ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


