ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា រាជរដ្ឋាភិបាល«មានរបង៥ជាន់» ដើម្បីការពារព្រំដែន
កម្ពុជា មានរបងដ៏រឹងមាំចំនួន៥ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ពិសេសកិច្ចការពារព្រំដែន។ នេះជាលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា។ យុទ្ធសាស្ត្រដែលជារបងដ៏រឹងមាំទាំង ៥នេះ រួមមាន ជំហរដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ ការបោះបង្គោលព្រំដែន ការកសាងផ្លូវក្រវាត់ព្រំដែន ការកសាងប៉ុស្តិ៍ការពារព្រំដែន និងការប្រែក្លាយព្រំដែនជាតំបន់អភិវឌ្ឍន៍។

ការលើកឡើងនេះ គឺស្របពេលថ្មីៗនេះ មានសាធារណមតិមួយចំនួនបានស្នើឱ្យរាជរដ្ឋាភិបាលកសាងរបងព្រំដែនជាមួយប្រទេសជិតខាងកម្ពុជា ពិសេសរបងព្រំដែនរវាងកម្ពុជា និងវៀតណាម ដោយសារមានក្ដីព្រួយបារម្ភថា ខ្លាចបាត់បង់ទឹកដីទៅប្រទេសជិតខាងនោះ។
តាមការគូសបញ្ជាក់របស់លោក ប៉ែន បូណា គឺរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានយុទ្ធសាស្ត្រប្រកបដោយចក្ខុវិស័យវែងឆ្ងាយក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ដែលចាត់ទុកថា ជារបងដ៏រឹងមាំបំផុត ដើម្បីការពារព្រំដែន ដោយមិនចាំបាច់កសាងរបងព្រំដែន។

យុទ្ធសាស្ត្រការពាររបស់រាជរដ្ឋាភិបាល គឺទី១ ចាប់ផ្ដើមចេញពីជំហរដាច់ខាត ម៉ឺងម៉ាត់ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លោក ប៉ែន បូណា បានគូសរំលេចថា ថ្នាក់ដឹកនាំទាំងពីរតែងប្រកាសជំហរមិនយកអធិបតេយ្យភាពជាតិទៅដោះដូរជាមួយនឹងជំនួយបរទេស ឬភាពអនុគ្រោះណាមួយជាដាច់ខាត ហើយក៏មិនអនុញ្ញាតឱ្យបាត់បង់ដីសូម្បីតែមួយមីលីម៉ែត្រឡើយ។
ទី២ គឺការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដែលជាទស្សនវិស័យច្បាស់លាស់ ស៊ីជម្រៅ និងជាយុទ្ធសាស្ត្រវែងឆ្ងាយរបស់សម្ដេចតេជោ ហ៊ុន សែន ដែលការបោះបង្គោលព្រំដែនជាអន្តរជាតិជាមួយប្រទេសជិតខាង ប្រៀបដូចជាប្លង់រឹង ការពារទឹកដីរបស់កម្ពុជា។ ដូច្នេះហើយ ទើបរដ្ឋាភិបាលខំចរចាជាមួយប្រទេសជិតខាង ដើម្បីបោះបង្គោលព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិឱ្យមានចប់ទាំងស្រុងឱ្យលឿនជាទីបំផុត។

បន្ទាប់ពីមានបង្គោលព្រំដែន គឺរាជរដ្ឋាភិបាលកសាងផ្លូវក្រវាត់ព្រំដែន ដែលនេះជាយុទ្ធសាស្ត្រមួយយ៉ាងស៊ីជម្រៅ ដែលសម្ដេចតេជោ បានគិតគូ ហើយសម្ដេចធិបតី ក៏ជាប្រតិបត្តិករមួយរូបក្នុងការកសាងផ្លូវតាមព្រំដែននេះដែរ តាំងពីសម្ដេច ជាមេបញ្ជាការរងកងទ័ពជើងគោក។ ខណៈពេលនេះ ជានាយករដ្ឋមន្ត្រី សម្ដេចធិបតី នៅតែបន្តប្ដេជ្ញាចិត្តកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានលឿន។
របងទី៤ គឺការកសាងប៉ុស្តិ៍នគរបាលការពារព្រំដែន។ តាមការរៀបរាប់របស់លោក ប៉ែន បូណា កន្លងទៅ ក្នុងដំណើរអមសម្ដេចធិបតីចុះទៅពិនិត្យស្ថានភាពនៅតាមព្រំដែន គឺមានប៉ុស្តិ៍នគរបាលជាហូរហែតាមផ្លូវក្រវាត់ព្រំដែន ដើម្បីការពារបូរណភាពទឹកដីផង និងការពារសន្តិសុខ សុវត្តិភាពជូនប្រជាពលរដ្ឋផង។

ចំណែក របងដ៏រឹងមាំទី៥នោះ គឺការអភិវឌ្ឍនៅតំបន់ព្រំដែន ដោយត្រូវប្រែក្លាយតំបន់ព្រំដែន ឱ្យទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល ចាត់ទុកថា យុទ្ធសាស្ត្រទី៥នេះ ពិតជាសំខាន់ណាស់ ទាំងនយោបាយការទូតផង និងទាំងកិច្ចការពារបូរណភាពទឹកដីផង។ លោក គូសបញ្ជាក់ថា នៅពេលព្រំដែនមានសន្តិភាព មានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ទើបមានពលរដ្ឋទៅរស់នៅ ហើយការអភិវឌ្ឍនៅព្រំដែនក៏នឹងកាន់តែរីកចម្រើន ហើយពលរដ្ឋ គឺជារបងដ៏រឹងមាំបំផុត៕
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


