Connect with us

ព័ត៌មានជាតិ

ទន្ទឹម​នឹង​ខួប​មួយ​ឆ្នាំ​នៃ​រដ្ឋាភិបាល​ថ្មី ការ​បង្ខិត​ការិយាល័យ​ប​.​ស​.​ស​. និង​សេវា​រក​ការងារ​ធ្វើឱ្យ​កាន់តែ​កៀក និង​ងាយស្រួល​ជូន​ពលរដ្ឋ គឺជា​រឿង​សាទរ​និង​ពេញចិត្ត​ពី​សង្គម

បានផុស

នៅ

ភ្នំពេញ​ ៖​ ប្រជាពលរដ្ឋ​បានបង្ហាញ​ការសប្បាយ​ចិត្ត​យ៉ាងខ្លាំង ដែល​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​បង្ខិត​សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) និង​មជ្ឈមណ្ឌល​ការងារ នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ ធ្វើឱ្យ​ពួកគាត់​ចំណេញ​ពេល មិន​ពិបាក​ស្វែងរក​ទីតាំង​ដោយ​គ្រាន់តែ​មកលេង​ផ្សារ​ទំនើប​អ៊ី​អន ក៏​អាចធ្វើ​បណ្ណ ប​.​ស​.​ស​. និង​ស្វែងរ​ការងារ​បាន ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការបង្ហាញ​ភាព​រីករាយ​នេះ​ធ្វើឡើង ស្របពេល​សាខា​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) និង​មជ្ឈមណ្ឌល​ការងារ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល សែន​សុខ​កាលពី​សៀ​ល​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៤​។ នេះ​ជា​សមិទ្ធផល​ថ្មី​មួយ ក្នុងចំណោម​សមិទ្ធផល​ផ្សេងៗ​ទៀត​ជាច្រើន របស់​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី ដែល​ដំណើរការ​រយៈពេល​១​ឆ្នាំ​មកនេះ​។

​លោក មន្ត ទិ​ត្យ​សត្យា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយថា​៖«​សេវា​ហ្នឹង​បានមក​ដល់ទី​តាំង​អ៊ី​អន​រឹតតែ​ល្អប្រសើរ​ទៀត ធ្វើឱ្យ​ពលរដ្ឋ​យើង​មួយចំនួនធំ អ្នកណា​ក៏​ស្គាល់​អ៊ី​អន អ៊ីចឹង​ពេលដែល​គាត់​ត្រូវការ​បណ្ណ​ហ្នឹង​គាត់​អាចមក​ទទួល​ការធ្វើ​បណ្ណ​ដោយមាន​ភាពងាយស្រួល មិនបាច់​ទៅដល់​ការិយាល័យ​នាំ​តែ​ពិបាក​រក​»​។

​លោក​ថា ការបើក​សាខា​ថ្មី​បន្ថែម​នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ ជាទី​តាំង​មាន​ផាសុខភាព អំណោយផល​សម្រាប់​ប្រជាពលរដ្ឋ​អាច​ដើរលេង​ផង ធ្វើ​បណ្ណ ប​.​ស​.​ស​. និង​អាច​ស្វែងរក​ការងារ​ធ្វើបាន​ទៀតផង​។

​លោក ហួរ ឆៃ​ង​ន់ ប្រជាពលរដ្ឋ​ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយថា ការបើក​ឱ្យមាន​សាខា ប​.​ស​.​ស​. នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​នេះ ជាការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ក្នុងការ​ឆ្លើយតប​ការចង់បាន​របស់​ប្រជាពលរដ្ឋ ដោយ​បង្ក​ភាពងាយស្រួល ឱ្យ​ប្រជាពលរដ្ឋ​អាច​ទៅធ្វើ​បណ្ណ ប​.​ស​.​ស​. បាន​កាន់តែ​លឿន​រហ័ស​។

​លោក​ថ្លែង​ថា «​សម្រាប់​ការ​បង្ខិត​សេវា ប​.​ស​.​ស​. ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ ខ្ញុំ​គិតថា​ជា​រឿង​មួយ​ល្អ ខ្លាំង​មែនទែន ពីព្រោះ​ជាក់ស្តែង​មនុស្ស​ច្រើនណាស់​ចង់​ធ្វើ ប​.​ស​.​ស​. ដូច​ខ្ញុំ​អី​ចង់​ធ្វើ​ដែរ​តែ​មិនដឹង​ធ្វើ​នៅ​ណា​។ ហើយ​ពេលខ្លះ ទៅ​ខណ្ឌដង្កោ​ក៏​មនុស្ស​ច្រើន​មែនទែន ខ្ញុំ​ទៅ​សា​មុន​ម្តង​ហ្នឹង​គឺ​ធ្វើ​អត់​ទាន់​គេ​ទេ ទាល់តែ​ចាប់លេខ ហើយ​ចាប់​ម្តង​ហ្នឹង​គឺ​គេ​ធ្វើ​ពី​ព្រឹក​ដល់​ល្ងាច​ហ្មង អ៊ីចឹង​យើង​ទៅ​គឺ​ខក​ជើង តែ​ដល់ពេល​មានការ​ពង្រីក​សាខា ប​.​ស​.​ស​. កាន់តែច្រើន​ហ្នឹង​វា​ជា​ឱកាស​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​អាចមាន​លទ្ធភាព​ចុះឈ្មោះ​ជាមួយ ប​.​ស​.​ស​. ហ្នឹង​បាន​លឿន​រហ័ស​»​។

អ្នកស្រី រាជ សា​វ៉ើ​ន ប្រជាពលរដ្ឋ​មកពី​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ថា​ អ្នកស្រី​សប្បាយចិត្ត​ដែល​រាជរដ្ឋាភិបាល​បាន​បង្ខិត​សេវា ប​.​ស​.​ស​. ឱ្យ​កាន់តែ​កៀក​ជិត​ប្រជាពលរដ្ឋ ដែល​ធ្វើឱ្យមាន​ភាពងាយស្រួល​ទាំង​ចុះឈ្មោះ​ធ្វើ​បណ្ណ ប​.​ស​.​ស​. និង​ការដាក់​ឯកសារ​ស្នើ​សំណង ប​.​ស​.​ស​. បាន​ផងដែរ​។

​អ្នកស្រី​ថ្លែង​ថា «​និយាយ​ទៅ​សប្បាយចិត្ត​មែន ការដែល​បង​បានដឹង​ដោយសារ កាលពី​ក្មួយ​គាត់​គ្រោះថ្នាក់​ការងារ បង​ត្រូវ​រត់​ឯកសារ​ហ្នឹង​នៅឯ​អង្គស្នួល ត្រូវ​ប្រើ​រយៈពេល​យូរហើយ​ឆ្ងាយ ហើយ​ការទទួល​ការព្យាបាល​ពី​មន្ទីរពេទ្យ​គឺ ញឹកញាប់ អ៊ីចឹង​យើង​ត្រូវតែ​រត់ទៅរក​ឯកសារ​ពី ប​.​ស​.​ស​. ហើយ​យកមក​ប្រគល់ឱ្យ​ពេទ្យ ពេទ្យ​ស៊ីញេ​ហើយ​យកទៅឱ្យ ប​.​ស​.​ស​. វិញ​ដើម្បី​បានទទួល​អត្ថប្រយោជន៍ ពី ប​.​ស​.​ស​. ក្នុង​ការទទួល​ការព្យាបាល តែ​ដល់​ឥឡូវ​មក​នៅក្បែរ​ផ្ទះ ហើយ​ទីធ្លា​ធំ​ទូលាយ បុគ្គលិក​ច្រើន សេវា​លឿន បើ​សម្រាប់​បង​មាន​ពិការភាព​ចេះ គេ​សម្រួល​លឿន​»​។

​ចំណែក លោក ទ្រី មុន្នី​វ​ឌ្ឍ​នា ពលរដ្ឋ​ម្នាក់ទៀត​នៅ​រាជធានី​ភ្នំពេញ បាន​អបអរសាទរ​ចំពោះ​ការបើក​សម្ពោធ​សាខា ប​.​ស​.​ស នៅ​ផ្សារ​ទំនើប​អ៊ី​អន ខណ្ឌ​សែន​សុខ ដែលជា​ទីតាំង​ពលរដ្ឋ និង​អាជីវករ​មកពី​តំបន់​ផ្សេងៗ មិន​ត្រឹមតែ​អាចមក​ទិញ​ទំនិញ ឬ​មក​ដើរ​កម្សាន្ត​នោះទេ ប៉ុន្ដែ​ថែមទាំង​អាច​ឆ្លៀតពេល​មក​ធ្វើ​បណ្ណ ប​.​ស​.​ស បាន​ទៀតផង​។

​លោក​បញ្ជាក់ថា «​អូ បង បើ​ចំពោះ​ខ្ញុំ​រឿង​ហ្នឹង​វា​ល្អ​មួយ ព្រោះថា​អ្នកខ្លះ​នៅ​ខាង​ផ្នែក​ខាង​ខណ្ឌ​ផ្សេងៗ ទៅ​យើង​ទៅធ្វើ​ដល់​ខណ្ឌ​ផ្សេង​វា​ឆ្ងាយ តែ​ឥឡូវ​បើ​ថា​មា​នៅ​អ៊ី​អន​នេះ វា​អាច​បន្ធូ​បន្ថយ​ការចំណាយ ងាយស្រួល​ក្នុងការ​ធ្វើ​ផង​។ ទី​១​យើង​អាចមក​ដើរ​កម្សាន្ត​នៅ​អ៊ី​អន​ហ្នឹង​ផង ហើយ​យើង​អាច​ឆ្លៀត​មក​ធ្វើ​បណ្ណ ប​.​ស​.​ស​. នៅ​អ៊ី​អន​ហ្នឹង​ផង​»​។​

​គិត​ត្រឹម​បំណាច់​ខែកក្កដា ឆ្នាំ​២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​សមាជិក​ប្រើប្រាស់​សេវា ប​.​ស​.​ស សរុប​ចំនួន ២ ៤៥៣ ៩១៤ នាក់ ដែល​ក្នុងនោះ​សមាជិក ប​.​ស​.​ស​. ជា​មន្ត្រី​សាធារណៈ​មាន​ចំនួន ៤៤០ ៣៦៥​នាក់ សមាជិក ប​.​ស​.​ស​. ក្នុង​វិស័យ​ឯកជន​មាន​ចំនួន ១ ៦៤៣ ៩៨៧​នាក់ សមាជិក ប​.​ស​.​ស​. ជា​បុគ្គល​ស្វ័យ​និ​យោជន៍​ចំនួន ២៨៣ ៤២១​នាក់ និង​សមាជិក ប​.​ស​.​ស​. ដែលជា​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. មាន​ចំនួន ៨៧ ៩០៩​នាក់​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម