ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត មិនឯកភាពឱ្យទម្លាក់ស្ដង់ដារជ្រើសរើសពេទ្យឡើយ មានតែពង្រឹងបន្ថែម
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត មិនឯកភាពឱ្យមានការទម្លាក់លក្ខខណ្ឌ ក៏ដូចជាស្ដង់ដារនៃការបណ្ដុះបណ្ដាល និងជ្រើសរើសគ្រូពេទ្យនោះឡើយ។ តែផ្ទុយទៅវិញ មានតែពង្រឹងលក្ខខណ្ឌ និងស្ដង់ដារបន្ថែមសម្រាប់វិជ្ជាជីវៈគ្រូពេទ្យ ដើម្បីទទួលបានគ្រូពេទ្យដែលមានជំនាញច្បាស់លាស់។

ក្នុងពិធីបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត រោងជាង និងអគារវេជ្ជសាស្ត្រស៊ីក្លូត្រុង នៃមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកច្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងបានថា រាជរដ្ឋាភិបាលមិនហាមឃាត់នូវការបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រូពេទ្យឡើយ តែការបណ្ដុះបណ្ដាលនេះ ត្រូវឱ្យមានស្ដង់ដារមួយជាក់លាក់ ដោយមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ដើម្បីធានាថា គ្រូពេទ្យដែលបានបណ្ដុះបណ្ដាលមានជំនាញពិតប្រាកដ និងសមត្ថភាពខ្ពស់។
សម្ដេចធិបតី បានបញ្ជាក់ដូច្នេះថា «ថ្ងៃមុន មានការលើកយោបល់ឱ្យខ្ញុំ ថា ឥលូវពេទ្យរបស់យើង កំពុងតែខ្វះ គួរតែបន្ធូរបន្ថយលក្ខខណ្ឌនៃការបណ្ដុះបណ្ដាល កម្រិតពេទ្យ កុំឱ្យក្រសួងសុខាភិបាលរឹងពេក ខ្ញុំថា អត់ទេ ពេទ្យត្រូវតែរឹង កុំបន្ទន់ កុំទម្លាក់ស្ដង់ដារសុខាភិបាល ត្រូវតែដំឡើងកម្រិតមនុស្សឱ្យខំប្រឹងឱ្យជួបកម្រិតខ្ពស់ល្អជាង។ ពេទ្យមិនមែនគណនេយ្យទេណា គណនេយ្យធ្វើខុស អាចកែបញ្ជីបាន តែពេទ្យចេញមកត្រូវទទួលភារកិច្ច ព្យាបាលជំងឺស្រាលត្រូវឱ្យជា កុំឱ្យជំងឺស្រាលទៅជាធ្ងន់ ជំងឺធ្ងន់ ត្រូវជួយឱ្យស្រាល ឬរស់។ ខ្ញុំសូមអំពាវនាវឱ្យការបណ្ដុះបណ្ដាលឱ្យមានការចូលរួម យើងមិនហាមឃាត់ទេ ក្នុងការបណ្ដុះបណ្ដាល ប៉ុន្តែសូមឱ្យមានស្ដង់ដារមួយជាក់លាក់ ហើយមានការចូលរួមវាយតម្លៃពីក្រសួងសុខាភិបាលឱ្យបានគត់មុត សុខចិត្តឱ្យមានពេទ្យ១០នាក់ ច្បាស់លាស់ ជាជាងមានពេទ្យ៥០នាក់ ដែលមិនប្រាកដប្រជា»។

ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៧ ក៏ដូចជានីតិកាលមុនៗ បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ គឺជាអាទិភាពដំបូងគេ ហើយពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាល និងការកំណត់ស្ដង់ដារគ្រូពេទ្យនេះ សម្ដេចអំពាវនាវឱ្យសាកលវិទ្យាល័យទាំងអស់ ទាំងរដ្ឋ និងឯកជន យកចិត្តទុកដាក់ក្នុងការបង្កើននូវគុណភាពសិស្ស លក្ខខណ្ឌ ហើយធ្វើយ៉ាងណាជំរុញសិស្សឱ្យបានខ្ពស់។
សម្ដេចធិបតី ចាត់ទុកថា គ្រូពេទ្យ ពិតជាមានគុណតម្លៃខ្លាំងណាស់ចំពោះអ្នកជំងឺ ដោយគ្រូពេទ្យដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។ ដូច្នេះ ការពង្រឹងការបណ្ដុះបណ្ដាលទាំងជំនាញទន់ និងជំនាញរឹងដល់គ្រូពេទ្យឱ្យបានច្បាស់លាស់ ស្របតាមស្ដង់ដារ ដោយមិនត្រឹមតែការពារអាយុជីវិតប៉ុណ្ណោះទេ តែបានរក្សានូវកិត្តិយសរបស់គ្រូពេទ្យផងដែរ។

សម្ដេចធិបតី ក៏បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបំពាក់ឧបករណ៍ពេទ្យទំនើបៗ ការបណ្ដុះបណ្ដាល ជ្រើសរើស និងពង្រាយគ្រូពេទ្យ បុគ្គលិកបច្ចេកទេស ការផ្ដល់ឱសថដល់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ក៏ដូចជាការផ្ដល់សេវាថែទាំសុខភាពប្រកបដោយគុណភាពជូនពលរដ្ឋនៅមូលដ្ឋាន។
សម្ដេចនាយករដ្ឋមន្ត្រី ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តពង្រឹងការផ្ដល់សេវាសុខាភិបាលឱ្យបានល្អប្រសើរដល់ពលរដ្ឋ ដោយអនុវត្តតាមអភិក្រមពីរ គឺអភិក្រមទី១ អនុវត្តពីឡើងចុះក្រោម ដោយការធ្វើទំនើបកម្មសេវាសុខាភិបាលឱ្យកាន់តែទំនើប និងអភិក្រមទី២ គឺការអនុវត្តពីក្រោមទៅឡើងវិញ ដោយផ្ដល់សេវាសុខាភិបាលឱ្យបានល្អដល់ថ្នាក់ក្រោមជាតិ។

ជាក់ស្ដែង ជំហានទី១ ដែលរាជរដ្ឋាភិបាល កំពុងអនុវត្ត គឺការផ្ដល់សេវាសុខាភិបាលឱ្យបានល្អប្រសើរនៅថ្នាក់ក្រោមជាតិ តាមរយៈការពង្រាយមន្ត្រី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលបានល្អដល់ប្រជាពលរដ្ឋ ពិសេសការពង្រីកម៉ោងផ្ដល់សេវា ២៤ម៉ោងលើ២៤ម៉ោង ពេញមួយសប្ដាហ៍ ជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


