ព័ត៌មានជាតិ
ខេត្តកោះកុង មានជំងឺគ្រុនឈាម ជិត ២០០ ករណី តែមិនធ្ងន់ធ្ងរពេកនោះទេ
មន្ទីរសុខាភិបាលខេត្តកោះកុង បានបង្ហាញថា ឆ្នាំនេះមានប្រជាពលរដ្ឋ ១៩៦ ករណី បានកើតជំងឺគ្រុនឈាមដែលបណ្តាលឱ្យស្លាប់កុមារម្នាក់ ទោះយ៉ាងណាមន្ត្រីសុខាភិបាលគ្រប់គ្រងព្យាបាលប្រកបដោយប្រសិទ្ធភាព។

គិតត្រឹមថ្ងៃទី ៨ តុលា នេះ ខេត្តកោះកុងដែលជាខេត្តមួយនៅភាគនិរតី នៃប្រទេសកម្ពុជា រកឃើញអត្រាអ្នកកើតជំងឺគ្រុនឈាមចំនួន ១៩៦ ករណី ដោយកុមារម្នាក់រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានបាត់បង់ជីវិត ព្រោះអាការធ្ងន់ធ្ងរពេក គ្រាមានភាពយឺតយ៉ាវបញ្ជូនមកកាន់មន្ទីរពេទ្យ។
តាមរយៈសារព័ត៌មានកម្ពុជាថ្មី លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង គូសបញ្ជាក់នៅថ្ងៃទី ៨ តុលា នេះថា ថ្ងៃនេះ មន្ទីររបស់លោក និងអាជ្ញាធរខេត្តក្រុងសង្កាត់ បានរួមគ្នាធ្វើយុទ្ធនាការចុះដាក់ថ្នាំអាបែតដល់លំនៅឋានប្រជាពលរដ្ឋតំបន់ងាយប្រឈម នៃការកើតជំងឺគ្រុនឈាម និងផ្សព្វផ្សាយអប់រំយល់ដឹងបន្ថែមទៀតអំពីការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។

បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឺង ជំងឺគ្រុនឈាមភាគច្រើនកើតមានចំពោះកុមារតូចៗ ហើយឈឺធ្ងន់ធ្ងរដោយសារតែអង់ទីគ័រខ្សោយជាងមនុស្សធំ។ បន្ថែមនេះ ដោយមើលឃើញពីបញ្ហាប្រឈមនេះ លោកវេជ្ជបណ្ឌិត ក៏ជំរុញដល់ប្រជាពលរដ្ឋគ្រប់រូប បោសសម្អាតស្មៅ សំបកឡានចាស់ និងថ្លុកទឹកឱ្យស្អាតល្អ ដើម្បីលុបបំបាត់ជម្រកសត្វមូសខ្លាឱ្យអស់។
លោកប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល និងលោកស្រី មិថុនា ភូថង អភិបាលខេត្ត បានដាក់ចេញនូវគោលនយោបាយផ្នែកសុខាភិបាលជាអាទិភាពសំខាន់ៗ ពិសេសកត្តាអប់រំយល់ដឹងដល់ប្រជាពលរដ្ឋ ទើបវិស័យនេះត្រូវបានលើកកម្ពស់ និងធ្វើឱ្យពលរដ្ឋមានសុខភាពមាំមួនក្នុងមូលដ្ឋាន។

គួរជម្រាបថា មូលដ្ឋានខេត្តកោះកុង ជាសំណាងល្អមួយដែលមានអត្រាកើតជំងឺគ្រុនឈាមតិចតួច បើធៀបនឹងចំនួនប្រជាពលរដ្ឋសរុប ១៥ ម៉ឺននាក់។
ដោយឡែកអ្នកស្រី ខៀវ សុខុន និងលោក សំ វិចិត្រ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ សូមអរគុណដល់រដ្ឋបាលខេត្ត និងក្រុមមន្ត្រីសុខាភិបាលពាក់ព័ន្ធដែលបានចុះមកដាក់ថ្នាំអាបែតតាមខ្នងផ្ទះរបស់ពួកគាត់ ក្នុងគោលបំណងទប់ស្កាត់ការរីករាលដាលជំងឺគ្រុនឈាម។

តំណាងពលរដ្ឋដដែល លើកឡើងថា ពួកគាត់ពិតជាបារម្ភណាស់ដែរពីជំងឺគ្រុនឈាម តែទន្ទឹមនឹងការបារម្ភពួកគាត់បានធ្វើអនាម័យជុំវិញលំនៅឋានជាប្រចាំដោយមិនឱ្យមានស្មៅដុះច្រើនជុំជិត ពេលគេងត្រូវក្នុងមុង ពិសាទឹកឆ្អិន និងលុបបំបាត់ជម្រកសត្វខ្លាផងដែរ។ ចំពោះថ្នាំអាបែតដែលផ្តល់ដោយមន្ត្រីសុខាភិបាល ពួកគាត់នឹងយកទៅដាក់តាមការណែនាំក្នុងពាង ឬអាងទឹកនីមួយៗ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២២ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


