ព័ត៌មានជាតិ
១១ ខែនេះ មានបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជិត ៥០ ម៉ឺននាក់ បានស្នើសុំបណ្ណ ប.ស.ស
នៅក្នុងរយៈពេល ១១ ខែ នេះ មានបុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ប្រមាណជិត ៥០ ម៉ឺននាក់ បានស្នើសុំបណ្ណ ប.ស.ស ដោយស្ម័គ្រចិត្ត ដើម្បីទទួលសេវាថែទាំសុខភាពដោយឥតគិតថ្លៃ។

លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា គិតចាប់ពីការដាក់ឲ្យដំណើរការនៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយរហូតមកដល់ពេលនេះ (១១ ខែ) មានបុគ្គលស្វ័យនិយោជន៍ និងសមាជិក ប.ស.ស ដែលបានចុះក្នុងបញ្ជីឈ្មោះរបស់បេឡាជាតិសន្តិសុខសង្គម មានចំនួន ៤៩៨ ៨៦៦ នាក់ ក្នុងនោះ បុគ្គលស្វ័យនិយោជន៍មានចំនួន ៣៧៦ ៨១៨ នាក់។ រីឯអ្នកនៅក្នុងបន្ទុក ប.ស.ស មានចំនួន ១២២ ០៤៨ នាក់។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្តទៀតថា រហូតមកដល់ពេលនេះ បេឡាជាតិសន្តិសុខសង្គមបានពង្រីកសាខាតាមបណ្ដារាជធានីភ្នំពេញ ខេត្ត ក្រុង ស្រុក ចំនួន ៣៨។ បន្ថែមពីនេះ ក៏បានពង្រីកសាខានៅក្នុងផ្សារទំនើបអ៊ីអន ម៉ល ទាំង ៣ ទីតាំង ផងដែរ ដើម្បីបង្កភាពងាយស្រួល និងបង្ខិតសេវាសាធារណៈឱ្យកៀកប្រជាពលរដ្ឋដែលជាសមាជិក និងប្រជាពលរដ្ឋទូទៅ។

លោកបណ្ឌិត បានបន្ថែមទៀតថា ចាប់ពីដើមខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម ក៏បាននិងកំពុងរៀបចំផ្សព្វផ្សាយ និងចុះបញ្ជីចល័តតាមផ្សារ និងទីតាំងទីប្រជុំជនសរុបចំនួន ១៧ ទីតាំង បន្ថែមទៀត ក្នុងរាជធានីភ្នំពេញ ខេត្ត ចំនួន ៥ រួមមាន រាជធានីភ្នំពេញ ខេត្តសៀមរាប តាកែវ កំពង់ចាម និងខេត្តបាត់ដំបង។
លោកបណ្ឌិតបានបញ្ជាក់ទៀតថា ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គមនេះពិតជាបានជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមានបញ្ហាសុខភាព ត្រូវទៅពិនិត្យសុខភាព ឬព្យាបាលជំងឺផ្សេងនៅមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស ខណៈគិតមកដល់ពេលនេះមានមូលដ្ឋានសុខាភិបាលដែលជាដៃគូសហការជាមួយបេឡាជាតិសន្តិសុខសង្គមមានចំនួន ១ ៥៧៩ កន្លែង នៅទូទាំងប្រទេស។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា គិតត្រឹមដើមខែតុលា ឆ្នាំ ២០២៤ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលសមាជិករបស់ខ្លួនកើនឡើងដល់ចំនួន ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។
ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈ ចំនួន ៤៨២ ៥៧៧ នាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារ ចំនួន ១ ៥៨១ ៩៨៨ នាក់, បុគ្គលស្វ័យនិយោជន៍ ចំនួន ៣៦២ ៣៥៥ នាក់, និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ចំនួន ១១៦ ៩៥០ នាក់ ដែលទាំងនេះបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿទុកចិត្ត និងយល់ដឹងច្បាស់ពីអត្ថប្រយោជន៍ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


