ព័ត៌មានជាតិ
គ្រូ និងយុវជន អំពាវនាវដល់សិស្ស យុវជនឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ឱ្យបានផុសផុលទាំងអស់គ្នា
គ្រូ និងយុវជន អំពាវនាវដល់សិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ឱ្យមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) របស់រាជរដ្ឋាភិបាលឱ្យបានផុសផុលទាំងអស់គ្នា ខណៈគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសកំពុងបើកទទួលពាក្យចូលរៀននៅទូទាំងប្រទេសផងដែរ។
លោក កង សុវណ្ណ នាយកអនុវិទ្យាល័យ ឆាយឆុប ខេត្តកំពង់ស្ពឺអំពាវនាវដល់ឪពុកម្តាយ និងអាណាព្យាបាលរបស់កូនៗដែលជាសិស្សថ្នាក់ទី១២ ដែលទើបតែប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ ត្រូវពិនិត្យមើលថា ប្រសិនបើពុំទាន់មានលទ្ធភាពក្នុងការបញ្ជូនកូនៗទៅសិក្សានៅសាកលវិទ្យាល័យទេ សូមជំរុញកូនឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល។
លោកនាយកសាលាបន្តថា ការចាប់យកការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គឺមានសារៈសំខាន់ណាស់ ពីព្រោះវាជាស្ពានចម្លងអនាគតរបស់យុវជន កូនៗ សិស្សានុសិស្សទាំងអ្នកទទួលបានលទ្ធផលល្អ និងមិនទទួលបានលទ្ធផលគាប់ប្រសើក្នុងការប្រឡងថ្នាក់ទី១២ កាលពីពេលថ្មីៗនេះ។ ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ធ្វើឱ្យយុវជន សិស្សានុសិស្សមានជំនាញមួយច្បាស់លាស់ មានបំណិនប្រចាំជីវិត សម្រាប់ស្វែងរកការងារធ្វើ មានប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ខ្លួនឯង ផ្គត់ផ្គង់គ្រួសារ ងើបផុតពីជីវភាពលំបាក លើសពីនេះអាចជួយសង្គមជាតិផងដែរ។
លោកនាយកបន្ថែមថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្តីពី ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដោយឥតគិតថ្លៃ ហើយថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភថែមទៀត ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជារួម រាជរដ្ឋាភិបាលមានគោលបំណងដ៏ធំមួយដើម្បីជួយជ្រោមជ្រែងយុវជនឱ្យមានចំណេះដឹង មានជំនាញគ្រប់ៗគ្នា។ ដូច្នេះហើយកូនៗ ក្មួយ សិស្សានុសិស្សទាំងអស់ សូមចាប់យកឱកាសនៃការសិក្សាជំនាញនេះឱ្យបាន។
ចំណែក អ្នកនាង មាន់ ម៉ានី ក្រុមការងារទទួលពាក្យ និងចុះឈ្មោះចូលរៀនវគ្គ TVET 1.5M នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) បានលើកឡើងថា ដើម្បីសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M) ដោយឥតគិតថ្លៃរបស់រាជរដ្ឋាភិបាល យុវជនត្រូវភ្ជាប់មកជាមួយ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរមួយសន្លឹក រូបថត ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យត្រូវភ្ជាប់មកជាមួយបណ្ណក្រីក្រ និងបណ្ណសមធម៌ទាំងនោះដើម្បីបានសិក្សាជំនាញដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាទៀតផង។
អ្នកនាងបានគូសបញ្ជាក់បន្ថែមថា សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស មានវេនសម្រាប់ជ្រើសរើសក្នុងការចូលរៀន ដល់ទៅ៧វេន ក៏ប៉ុន្តែអ្នកនាងមើលឃើញថា សិស្សភាគច្រើនចូលរៀនក្នុងវេន ទី១ វគ្គថ្ងៃនិងរសៀល ចាប់ពីថ្ងៃចន្ទ ដល់សុក្រ ទី២ វគ្គវេនយប់ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងទី៣ វគ្គចុងសប្តាហ៍ថ្ងៃសៅរ៍ និងអាទិត្យ។ ការដាក់ចេញនូវវេនបណ្តុះបណ្តាលច្រើនវេនដូចនេះ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋ យុវជន ដែលមានការងារធ្វើ និងរវល់នៅថ្ងៃចន្ទ សុក្រ អាចជ្រើសរើសវេនដើម្បីសិក្សាតាមតម្រូវការបាន។
ទន្ទឹមនេះ យុវជន ហេង ស៊ុនហេង មកពីខេត្តកោះកុង ដែលបានមកដាក់ពាក្យចុះឈ្មោះ ចូលវគ្គរៀនជំនាញថែទាំ និងជួសជុលរថយន្តនៃកម្មវិធី TVET 1.5M នៅវិទ្យាស្ថាន លើកឡើងថា ខ្លួនសម្រេចចិត្តមកសិក្សាជំនាញនៅវិទ្យាស្ថាន ITI ដោយសារក្តីស្រលាញ់ខាងយានយន្ត ហើយមានបំណងប្រាថ្នាចង់បានការងារ និងទទួលបានប្រាក់ចំណូលសមរម្យនៅថ្ងៃអនាគតដ៏ខ្លីខាងមុខ ខណៈមានតែការសិក្សាជំនាញទេដែលអាចធ្វើឱ្យខ្លួនអាចបន្តការសិក្សាបាន ដោយសារជីវភាពគ្រួសារលំបាក។
យុវជនរូបនេះបានអំពាវនាវឱ្យសិស្សានុសិស្សដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ សូមនាំគ្នាមកចុះឈ្មោះចូលរៀនទាំងអស់គ្នា ពីព្រោះការសិក្សាជំនាញមានរយៈពេលខ្លី រៀនដោយឥតគិតថ្លៃ ស្រួលរកការងារធ្វើ ជាពិសេសនោះយុវជនអាចបន្តការសិក្សាផ្សេងៗទៀតបន្ទាប់ពីសិក្សាជំនាញចប់នៅគ្រឹះស្ថានបណ្តុះបណ្តាល។ ជារួមយុវជនរូបនេះ មើលឃើញថា ការសិក្សាជំនាញ TVET គឺជាស្ពានចម្លងយុវជនជាពិសេសយុវជនដែលមានជីវភាពក្រីក្រ អាចបន្តលើវិថីនៃការសិក្សាបាន។
គួរបញ្ជាក់ផងដែរថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣ ដោយកម្មវិធីសិក្សាជំនាញមួយនេះគឺមិនមានការបង់ថ្លៃសិក្សា, និងថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង ប្រសិនបើយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, សិក្សារយៈពេល៤ ខែ ដោយអាចជ្រើសរើសជំនាញសិក្សាដែលខ្លួនពេញចិត្ត។ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសមួយនេះកំពុងតែដំណើរការបណ្តុះបណ្តាលយុវជនជាច្រើនម៉ឺននាក់ ហើយបច្ចុប្បន្ននៅតែបន្តជ្រើសរើសយុវជនចូលសិក្សានៅទូទាំងប្រទេសផងដែរ។
សម្រាប់សាកសួរព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ Hotline របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លេខ 1286 ឬ 1297៕
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ