ព័ត៌មានជាតិ
យុវជនចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ នឹងទទួលបានជំនាញជាក់លាក់មួយ ឆាប់មានការងារធ្វើ និងមានប្រាក់ចំណូលសមរម្យ
ភ្នំពេញ ៖ លោក ហ៊ីង ស៊ីដេត អគ្គនាយកអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានលើកឡើងថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលស្ថិតនៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងបើកឱកាសសិក្សាសម្រាប់យុវជនកម្ពុជា ជាពិសេសសិស្សទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ ឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឱ្យបានគ្រប់ៗគ្នា ក្នុងគោលដៅធ្វើឱ្យយុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត ឆាប់មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ ដើម្បីលើកស្ទួយជីវភាពគ្រួសារទៅថ្ងៃអនាគត។ លើសពីនេះទៅទៀត យុវជនអាចមានលទ្ធភាពបន្តការសិក្សាកម្រិតបន្តបន្ទាប់ទៀត បន្ទាប់ពីបញ្ចប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

ទន្ទឹមនេះ លោក ហ៊ីង ស៊ីដេត អំពាវនាវដល់មាតាបិតា អាណាព្យាបាល សហគមន៍ ភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សូមជួយជំរុញកូនចៅ ឬយុវជន ជាពិសេសសិស្សានុសិស្សដែលទើបប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលថ្មីៗនេះ ឱ្យមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ គ្រប់កម្រិតសិក្សា នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងរាជធានី-ខេត្ត លើមុខជំនាញសំខាន់ៗជាច្រើន ដែលទីផ្សារការងារកំពុងមានតម្រូវការខ្ពស់។

បន្ថែមពីនេះ លោក ហ៊ីង ស៊ីដេត ក៏ជំរុញឱ្យមាតាបិតា ឬ អាណាព្យាបាលរបស់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជួយជំរុញលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលដល់សមាជិកគ្រួសាររបស់ខ្លួន ឱ្យមកចុះឈ្មោះចូលរៀនឱ្យបានផុសផុល ដើម្បីចាប់យកឱកាសដ៏ល្អនេះក្នុងការទទួលបាននូវជំនាញបច្ចេកទេសនិងវិជ្ជាជីវៈមួយច្បាស់លាស់ ដែលជាចក្ខុវិស័យអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧នៃរដ្ឋសភា។

លោកអគ្គនាយក ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ចាប់តាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣មក គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅទូទាំងប្រទេស បាននឹងកំពុងបន្តបេសកកម្មរបស់ខ្លួនលើការបណ្តុះបណ្តាលយុវជនជាច្រើនម៉ឺននាក់ផងដែរ ក្នុងនោះមានយុវជនជាច្រើនបានបញ្ចប់ការសិក្សាជាបន្តបន្ទាប់ រួចបន្តចុះកម្មសិក្សានៅតាមបណ្តាក្រុមហ៊ុនឯកជន និងទទួលបានការងារធ្វើស្របតាមជំនាញដែលខ្លួនបានរៀន ដោយទទួលបានប្រាក់ចំណូលសមរម្យ។

គួរបញ្ជាក់ផងដែរថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជ្រើសយកវិស័យចំនួន១០មានដូចជា វិស័យធុរកិច្ចនិងព័ត៌មានវិទ្យា មេកានិកទូទៅ/មេកានិករថយន្ត បរិក្ខារត្រជាក់និងកម្តៅ សំណង់ ទេសចរណ៍ សេវាកម្ម កសិកម្មនិងកសិឧស្សាហកម្ម អគ្គិសនីនិងថាមពល អេឡិចត្រនិច និងកម្មន្តសាល លើមុខជំនាញសរុបចំនួន ៤៥ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ១លាន៥សែននាក់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភានេះ។

សម្រាប់យុវជនដែលមានបំណងចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ អាចទំនាក់ទំនងជាមួយអាជ្ញាធរឃុំ សង្កាត់ ឬក៏អាចទំនាក់ទំនងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរសព្ទ ១២៩៧ ឬ ១២៨៦ ដើម្បីសួរព័ត៌មានបន្ថែម ឬក៏អាចធ្វើដំណើរទៅដល់គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈណាមួយតែម្ដងក៏បាន៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


