ព័ត៌មានជាតិ
ប្រកួតប្រឡងចម្រៀង ពានរង្វាន់ឯកអគ្គរដ្ឋទូតចិន លើកកម្ពស់ការអប់រំនិងផ្លាស់ប្តូរវប្បធម៌ចិនកម្ពុជា
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានលើកឡើងថាការរៀបចំការប្រកួតចម្រៀងចិន គឺជាកម្លាំងចលករមួយដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅកម្ពុជា និងការផ្លាស់ប្តូរវប្បធម៌រវាងប្រជាជនទាំងពីរ សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពល សម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និតពីមួយជំនាន់ទៅមួយជំនាន់។

ថ្លែងក្នុងពិធីប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី១៣ វិច្ឆិកានៅរាជបណ្ឌិតសភាកម្ពុជា លោកឧបនាយករដ្ឋមន្រ្តីបានបន្តថាទំនាក់ទំនងកម្ពុជា-ចិនបានចាប់ផ្តើម និងចាក់ឬសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្រ្តដ៏យូរលង់ មិនតិចជាង ២០០០ ឆ្នាំនោះឡើយ។ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់នេះ មិនត្រឹមតែបានក្លាយជាមរតកដ៏មានតម្លៃសម្រាប់ប្រទេសជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានក្លាយជាគំរូដ៏ល្អសម្រាប់កិច្ចសហប្រតិបត្តិការ សន្តិភាព វិបុលភាព និងការអភិវឌ្ឍដែលបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
បន្ថែមពីនេះ ឆ្នាំនេះក៏ជាខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន។


លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រាជបណ្ឌិត្យ សភាកម្ពុជា និងអ្នកពាក់ព័ន្ធដទៃទៀត ដែលបានផ្តួចផ្តើម សម្របសម្រួល និងគាំទ្របង្កើតការប្រកួតចម្រៀងចិន «ពានរង្វាន់ឯកអគ្គរដ្ឋទូត» ឆ្នាំ២០២៤ ដើម្បីផ្តល់ឱកាសឱ្យបេក្ខជនអាចបញ្ចេញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជាពិសេសជំរុញការអនុវត្តស្មារតីឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន ២០២៤ និងកិច្ចសហប្រតិបត្តិការអប់រំភាសាចិន។

លោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជាបានឱ្យដឹងថា នេះជាលើកទី ១ ហើយ ដែលស្ថានទួតចិនបានរៀបចំ«កម្មវិធីប្រឡងចម្រៀងចិនពានរង្វាន់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឆ្នាំ ២០២៤» ដោយមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ១៣៣ រូប ហើយបានជម្រុះនៅសល់ ១៦ រូបចុងក្រោយដែលត្រូវប្រឡងវគ្គផ្តាច់ព្រ័ត្រនៅពេលនេះ។ ក្នុងនោះបានរកឃើញម្ចាស់ពានរង្វាន់ ១ រូប ចំណាត់ថ្នាក់លេខ ២ ចំនួន ២ រូប ចំណាត់ថ្នាក់លេខ ៣ ចំនួន ៣ រូបនិងបេក្ខជនឆ្នើមចំនួន ១០ រូប។
លោកទួតបានបន្តថា ស្ថានទួតនឹងរៀបចំកម្មវិធីប្រឡងចម្រៀងចិននេះជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជននិងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួតនិងប្រសើរឡើងបន្ថែមទៀត៕

អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


