ព័ត៌មានជាតិ
«ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ជាឱកាសឱ្យសិស្សបានស្គាល់ពីខ្លួនឯង និងរើសជំនាញបានត្រឹមត្រូវ
លោក សុខ លាភ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Sala បានលើកឡើងថា កម្មវិធី «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ឆ្នាំ២០២៤ មិនត្រឹមតែជាការរៀបចំព្រឹត្តិការណ៍ធម្មតាទេ ក៏ជាឱកាសមួយអាចឱ្យសិស្សានុសិស្សដែលបានចូលរួម មានឱកាសស្គាល់ពីខ្លួនឯង និងអាចរើសយកជំនាញដែលខ្លួនស្រឡាញ់នៅសាកលវិទ្យាល័យបានសមស្របដែរ។
ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីបើក «ពិព័រណ៍ជំនាញ និងសាកលវិទ្យាល័យ» ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជន់ សារ៉ន អនុប្រធាននាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ នៃក្រសួងអប់រំ យុវជន និងកីឡា។ ពិព័រណ៍ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ទី២៣ ខែវិច្ឆិកា រៀបចំដោយ Sala និងមានការគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ធ្វើនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ដែលនឹងមានការចូលរួមពីសាកលវិទ្យាល័យ វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថាប័នអប់រំជាង៣០។ ចំពោះសិស្សនិស្សិតអាចចូលរួមដោយសេរី ព្រមទាំងមានអ្នកប្រឹក្សាសម្រាប់ការរើសជំនាញ និងសាកលវិទ្យាល័យផងដែរ។
លោក សុខ លាភ បញ្ជាក់ថា ពិព័រណ៍នេះ នឹងជួយឱ្យសិស្សបានស្គាល់ពីខ្លួនឯងថា តើខ្លួនចូលចិត្តអ្វី? ពូកែផ្នែកណាខ្លះ? ដើម្បីអាចឱ្យពួកគេរើសជំនាញណាមួយសមស្របតាមទេពកោសល្យរបស់ខ្លួន។ បន្ថែមពីនេះ ពិព័រណ៍នេះ ក៏ជាឱកាសមួយក្នុងការធ្វើដំណើរ ពីវិទ្យាល័យទៅកាន់ថ្នាក់ឧត្តមសិក្សារបស់សិស្សានុសិស្សដូចគ្នា។
ចំពោះនិស្សិត៣រូប កញ្ញា ប៉ែន ស៊ីណា កញ្ញា សុខ មិនា និងកញ្ញា ជា សុធារី ទើបតែប្រឡងចប់បាក់ឌុប នៅវិទ្យាល័យកំពង់សំរោង ខេត្តស្វាយរៀង បានឱ្យ កម្ពុជាថ្មី ដឹងថា ពួកគេចង់សិក្សាជំនាញពេទ្យ។ ព្រោះតែចង់ដឹងពីព័ត៌មានផ្សេងៗនៅថ្នាក់ឧត្តមសិក្សា ពួកគេក៏ចូលរួមកម្មវិធីនេះ ដោយទទួលដំណឹងតាមរយៈហ្វេសប៊ុក។ បន្ទាប់ពីចូលរួម ពួកគេយល់ដូចគ្នាថា កម្មវិធីនេះពិតជាល្អសម្រាប់សិស្សទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដើម្បីងាយស្រួលក្នុងការសម្រេចចិត្តរើសជំនាញបន្តទៅឧត្តមសិក្សា។
ចំណែកយុវតី សយ សុខរស្មី ទើបតែចូលថ្នាក់ទី១២ នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកោះដាច់ បានឱ្យដឹងថា ខ្លួនដឹងកម្មវិធីនេះតាមរយៈការណែនាំរបស់គ្រូនៅសាលា ក៏មកចូលរួម។ កញ្ញាមើលឃើញថា កម្មវិធីនេះ ល្អសម្រាប់ខ្លួន និងសិស្សដទៃទៀតក្នុងការត្រៀមខ្លួនចូលថ្នាក់ឧត្តមសិក្សា។ ជាមួយគ្នានេះ ក៏មានអ្នកណែនាំ និងប្រឹក្សាសម្រាប់ការចូលរៀនឧត្តមសិក្សាដូចគ្នា ដូចនេះ យុវតីខាងលើថា ពិព័រណ៍នេះជួយផ្តល់ឱកាសច្រើនសម្រាប់ខ្លួន និងមិត្តឯទៀត។
សូមជម្រាបថា នេះជាលើកទី៤ហើយ ដែល Sala បានរៀបចំពីព័រណ៍នេះឡើងមក។ ក្នុងពិព័រណ៍នេះ អ្នកចូលរួមអាចទស្សនាស្តង់របស់សាកលវិទ្យាល័យនីមួយៗ កម្មវិធីជជែកដេញដោល ទាក់ទងនឹងយុវជន ការអប់រំ។ ជាមួយគ្នានេះ ក៏មានតុពិភាក្សាទាក់ទងនឹងសាកលវិទ្យាល័យ និងបទពិសោធការងារពីវាគ្មិនជំនាញផងដែរ។ លើសពីនេះ ក៏មានការចែករំលែកបទពិសោធ និងចំណេះដឹងរបស់វាគ្មិនជំនាញ ធ្វើឡើងជុំវិញមូលបទ ៣ធំៗដូចជា “ការត្រៀមលក្ខណៈឆ្ពោះទៅកាន់ជីវិតជានិស្សិត” “ការឈោងចាប់ក្តីស្រមៃ” និង “ការត្រៀមលក្ខណៈឆ្ពោះទៅកាន់វិស័យការងារ”ផងដែរ៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ