ព័ត៌មានជាតិ
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ សម្ពោធជាផ្លូវការ ដើម្បីលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា
មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការរបស់សាធារណរដ្ឋកូរ៉េ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីរសៀលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនឹង លោក ផាក់ ចឹងអ៊ុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកបណ្ឌិត អាន់ ចុងជូ (Ahn Jong-Ju) ប្រធានទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងលោក ណាម ហូចេ (Nam Ho-Jae) តំណាងក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ។

ពិធីសម្ពោធមជ្ឈមណ្ឌលដែលស្ថិតក្នុងបរិវេណវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) នេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទក្រសួង តំណាងស្ថាប័នពាក់ព័ន្ធ តំណាងសមាគមនិយោជក និងកម្មករ-និយោជិត ព្រមទាំងដៃគូសហការ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួនជាង ២០០ នាក់។
លោក ហេង សួរ បានថ្លែងថា តាមរយៈមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ដែលត្រូវបានដាក់សម្ពោធនាពេលនេះ គឺជាការបង្ហាញឱ្យឃើញនូវការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឆ្នាំ ២០២៤-២០២៨ និងផែនការមេលើកទី ៣ ស្ដីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ ២០២៣-២០២៧ សំដៅឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យគឺ “មានលក្ខខណ្ឌការងារល្អ និងភាពសុខសាន្តនៅកន្លែងធ្វើការ” និង “គ្រប់កន្លែងធ្វើការមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារត្រឹមត្រូវ ដោយអនុលោមទៅតាមបទដ្ឋានស្ដីពីសុវត្ថិភាព និងសុខភាពការងារជាតិ និងអន្តរជាតិ ដើម្បីបង្ការគ្រោះថ្នាក់ការងារ”។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានកត់សម្គាល់ឃើញថា វិស័យសុវត្ថិភាព និងសុខភាពការងារ បាននិងកំពុងបន្តអភិវឌ្ឍន៍នៅក្នុងកម្រិតថ្មីមួយទៀត តាមរយៈការដាក់ឱ្យដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការយល់ដឹងរបស់និយោជក កម្មករ-និយោជិត និងកសាងធនធានជំនាញផ្នែកសុវត្ថិភាព និងសុខភាពការងារនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្ដែង មជ្ឈមណ្ឌលនេះ មានបំពាក់សម្ភារៈ និងបរិក្ខារឧបទេសទំនើបៗ ដែលជាជំនួយដល់សិក្ខាកាមសម្រាប់ធ្វើការពិសោធន៍ផ្ទាល់ មិនត្រឹមតែមានការសិក្សាលើទ្រឹស្ដីតែមួយមុខនោះទេ ដែលនេះជាចំណុចពិសេស នៃមជ្ឈមណ្ឌល ដើម្បីបង្កើនការយល់ដឹង និងកំណត់បាននូវហានិភ័យដែលអាចនឹងកើតមាននៅពេលបំពេញការងារ ស្របទៅនឹងមុខវិជ្ជាផ្នែកសុវត្ថិភាព និងសុខភាពការងារ ជាមុខវិជ្ជាបែបវិទ្យាសាស្ត្រ។
លោករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់នាយកដ្ឋានពេទ្យការងារ និងការគាំទ្ររបស់ដៃគូអភិវឌ្ឍន៍នានារួមមាន ក្រសួងមុខរបរ និងការងារ នៃសាធារណរដ្ឋកូរ៉េ, ទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ (KOSHA) និងតួអង្គពាក់ព័ន្ធផ្សេងទៀត ដែលបានសហការយ៉ាងជិតស្និទ្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំ និងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលនេះឱ្យលេចចេញជារូបរាងឡើង។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ តាមរយៈក្រសួងមុខរបរ និងការងារ និងទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ ដែលបានផ្ដល់ជំនួយផ្នែកបច្ចេកទេស និងសម្ភារៈបរិក្ខារដល់នាយកដ្ឋានពេទ្យការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅកម្ពុជា៕








-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


