ព័ត៌មានជាតិ
ពលរដ្ឋខណ្ឌសែនសុខ ស្នើ កងកម្លាំង និង អាជ្ញាធរ ចាត់វិធានការចំពោះ ក្រុមយុវជនជក់បារីអេឡិចត្រូនិក
ប្រជាពលរដ្ឋរស់នៅខណ្ឌសែនសុខ បានស្នើសុំ កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ចាត់វិធានការចំពោះក្រុមយុវជនជក់បារីអេឡិចត្រូនិកដែលនាំឲ្យប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ការស្នើរបស់ប្រជាពលរដ្ឋខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ០៤ ឆ្នាំ ២០២៤ ខណ្ឌសែនសុខ នៅពិភពថ្មី សែនសុខ ផ្លូវ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្រោមអធិបតីភាព លោក ជួប ខុន សមាជិកក្រុមប្រឹក្សា តំណាងឲ្យ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ និងជាតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

នាឱកាសនោះ ប្រជាពលរដ្ឋបានស្នើសុំ កងកម្លាំង និងអាជ្ញាធរ ចាត់វិធានការចំពោះក្រុមយុវជនជក់បារីអេឡិចត្រូនិក ដែលការជក់នេះធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

បើតាមការសិក្សារបស់អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ការប្រើប្រាស់បារីអេឡិចត្រូនិកពិតជាមានកំណើននៅទូទាំងពិភពលោក។ ក្មេងអាចមិនចូលចិត្តរសជាតិ និងក្លិនបារីបែបបូរាណ តែចូលចិត្តបារីអេឡិចត្រូនិក ដែលមានគ្រប់រសជាតិ និងក្លិនផ្លែឈើជាច្រើនមុខ។

លោក សុខ ពេញវុធ មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅខណ្ឌសែនសុខ កាលពីព្រឹកម្សិលមិញ មានប្រជាពលរដ្ឋចំនួន ១០ នាក់ បានលើកឡើងជាសំណើ និងសំណូមពរដោយផ្ទាល់មាត់ ដើម្បីឲ្យអាជ្ញាធរជួយដោះស្រាយ និងជាលាយលក្ខណ៍អក្សរ ចំនួន ៨២ ច្បាប់ ដាក់ចូលក្នុងប្រអប់សំបុត្រ។

ចំពោះសំណើ និងសំណូមពរដោយផ្ទាល់មាត់ លោក សុខ ពេញវុធ បានធ្វើការដោះស្រាយភ្លាមៗ ជាមួយនឹងការបញ្ជាក់ថា ការស្នើរបស់ប្រជាពលរដ្ឋខាងលើ ក្នុងនាមអាជ្ញាធរនឹងធ្វើការដោះស្រាយ ដោយឲ្យអាជ្ញាធរ និងមន្ត្រីជំនាញ ចុះពិនិត្យ និងវាយតម្លៃ ដើម្បីឆ្លើយតប ពោលគឺអ្វីដែលថ្នាក់ខណ្ឌ ឬ ថ្នាក់រាជធានីភ្នំពេញធ្វើបាន នឹងធ្វើភ្លាម។ តែបើហួសពីសមត្ថភាព ក៏មិនទុកចោលដែរ គឺសុំគោលការណ៍ទៅថ្នាក់លើបន្តទៀត។

ជាមួយគ្នានោះ លោក ជួប ខុន លើកឡើងថា យោងតាមច្បាប់ ក្រុមប្រឹក្សារាជធានី ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមខណ្ឌនានា ក្នុងរាជធានីភ្នំពេញ អំឡុងត្រីមាសទី ០៤ នៃឆ្នាំនីមួយៗ និងក្រុមប្រឹក្សាខណ្ឌ ត្រូវរៀបចំឲ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់តាម សង្កាត់នានា ក្នុងខណ្ឌរបស់ខ្លួន អំឡុងខែមិថុនា នៃឆ្នាំនីមួយៗ។

ជាក់ស្ដែងក្រុមប្រឹក្សាខណ្ឌបានអនុវត្តរួចហើយក្នុងឆ្នាំ ២០២៤ នេះ ស្របតាមច្បាប់កំណត់។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះដែរ ត្រូវបានធ្វើឡើងក្នុង ០១ ឆ្នាំ ម្ដង ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ ដោយផ្ដោតសំខាន់ពាក់ព័ន្ធនឹងកង្វល់ផ្ទាល់ពលរដ្ឋលើបញ្ហាចំនួន ៤ មានដូចជា ៖ ០១.បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់ ពិសេសគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។ ០២.ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ ទឹក ភ្លើង ប្រព័ន្ធលូជាដើម។ ០៣.បរិស្ថាន សុខុមាលភាពសង្គម ការបម្រើសេវាសុខាភិបាល និង ០៤.ការផ្តល់សេវាសាធារណៈនៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានផ្តល់ជូនបានល្អហើយឬនៅ មានអំពើពុករលួយ នៃការផ្តល់សេវានេះទេ?៕
អត្ថបទ ៖ សំណាង


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


