ព័ត៌មានជាតិ
ត្រឹមខែធ្នូនេះ ក្រុមការងារ ស.ផ.ក ចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពធ្វើដំណើរដល់កម្មករជាង ១ ម៉ឺន ៥ ពាន់នាក់
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត(ស.ផ.ក) តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមការងារ ស.ផ.ក បានចុះផ្សព្វផ្សាយ“ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ” ដល់កម្មករ-និយោជិត និងអ្នកបើកបររថយន្តដឹកកម្មករ-និយោជិត ១១ រាជធានី-ខេត្ត តាមរោងចក្រ សហគ្រាស សរុបចំនួន ១៤១ លើក ដែលមានអ្នកចូលរួមប្រមាណជាង ១ ម៉ឺន ៥ ពាន់នាក់។

ថ្លែងក្នុងកម្មវិធីអប់រំផ្សព្វផ្សាយ“ច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់កម្មករ-និយោជិត ជូនអ្នកបើកបររថយន្តដឹកកម្មករ-និយោជិត និងកម្មករ-និយោជិត” នៅរោងចក្រ TAIEASY INTERNATIONAL ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ០៧ ធ្នូ លោកបណ្ឌិតប្រធានក្រុមការងារ ស.ផ.ក បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តែងតែសហការជាមួយភាគីពាក់ព័ន្ធដើម្បីចុះអប់រំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងធ្វើបច្ចុប្បន្នភាពអ្នកបើកបររថយន្តដឹកកម្មករ-និយោជិត និងធ្វើបច្ចុប្បន្នភាពកម្មករ-និយោជិតដែលធ្វើដំណើរតាមរថយន្ត ម៉ូតូ ឬ កង់ តាមបណ្តា រោងចក្រ សហគ្រាស។ បើគិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ នេះ ក្រុមការងារ ស.ផ.ក បានចុះផ្សព្វផ្សាយនៅតាមរោងចក្រ សហគ្រាស សរុបចំនួន ១៤១ លើក ដែលមានអ្នកចូលរួមប្រមាណជាង ១ ម៉ឺន ៥ ពាន់នាក់។

លោកបណ្ឌិតប្រធានក្រុមការងារ បានបន្ថែមថា ការចុះអប់រំផ្សព្វផ្សាយជាការរួមចំណែកមួយយ៉ាងសំខាន់ក្នុងការបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋ ជាពិសេសសមាជិក ប.ស.ស ឱ្យបានយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងការធ្វើដំណើរ ដើម្បីអាចចៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតកលាក់មុខលើដងផ្លូវ។ ក្នុងន័យនេះ ទាមទារឱ្យមានការចូលរួមផ្ទាល់ពីសាមីខ្លួន និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ និងគោរពសិទ្ធិគ្នាទៅវិញទៅមកនៅពេលបើកបរ។

លោក លឹម សុខតូ អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះស្ថាប័នពាក់ព័ន្ធនានា ពិសេស ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលកន្លងមកតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកជូនដល់អ្នកបើកបររថយន្តដឹកកម្មករ-និយោជិត តាមគ្រប់រូបភាព ហើយជាពិសេសម្ចាស់រោងចក្រ សហគ្រាស ទាំងអស់ ក្នុងទឹកដីខេត្តពោធិ៍សាត់ ត្រូវជំរុញ លើកទឹកចិត្ត និងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់កម្មករ-និយោជិត នៅតាមរោងចក្រ សហគ្រាស របស់ខ្លួន ឱ្យចូលរួមពិធីអប់រំផ្សព្វផ្សាយនានាពាក់ព័ន្ធទៅនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងសុវត្ថិភាពក្នុងពេលធ្វើដំណើរ ឱ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឱ្យពួកគាត់បានយល់ដឹងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានេះ លោកឧត្ដមសេនីយ៍ឯក ទូច សុភា អនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើការអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្នុងការធ្វើដំណើរ ចំពោះអ្នកធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួន ហើយអ្នកបើកបររថយន្តដឹកកម្មករ-និយោជិតទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ និងយកចិត្តទុកដាក់រាល់ពេលបើកបរ ដោយត្រូវចូលរួមអនុវត្ត និងគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ចៀសវាងបង្កជាហានិភ័យគ្រោះថ្នាក់ណាមួយកើតឡើង ព្រោះកម្មករ-និយោជិតរាប់សិបនាក់ បានផ្ញើជីវិតនៅលើរថយន្តរបស់អ្នកបើកបរតែម្នាក់គត់៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


