ព័ត៌មានជាតិ
ប្រេសិតពិសេសបារាំង កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា
ប្រេសិតពិសេសបារាំង លោក Olivier POIVRE D’ARVOR I បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។ លោកប្រេសិតពិសេសរបស់ប្រធានាធិបតីបារាំង ទទួលបន្ទុកសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ និងជាឯកអគ្គរដ្ឋទូតទទួលបន្ទុកតំបន់មហាសមុទ្រនិងតំបន់ប៉ូល កោតសរសើរដូច្នេះ នៅក្នុងជំនួបដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២០ ខែធ្នូ ។

ក្នុងឱកាសនៃជំនួប, លោកប្រេសិតពិសេសបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាមួយនឹងការសម្រេចបាននូវសមិទ្ធផលជាច្រើនផ្សេងទៀត។ លោកក៏មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតនាពេលអនាគត។

ជាមួយគ្នានេះ លោកប្រេសិតពិសេសក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងបារាំង-កម្ពុជា ហើយលោកបានបង្ហាញសុទិដ្ឋិនិយមថាទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងត្រូវលេីកកម្ពស់ជាលំដាប់ទៅថ្ងៃអនាគត។ លោកប្រេសិតពិសេស ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា លោក Emmanuel Macron ប្រធានាធិបតីសាធារណរដ្ឋបារាំង សូមអញ្ជើញសម្ដេចបវរធិបតី ចូលរួមក្នុងសន្នីសិទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ ដែលនឹងប្រារព្ធឡេីងនៅទីក្រុងនីស សាធារណរដ្ឋបារាំង នាខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះការគាំទ្រ និងការរួមចំណែករបស់ប្រទេសបារាំងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើន ដូចសព្វថ្ងៃ។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ទំនាក់ទំនង និងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចជាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ នឹងចូលរួមចំណែកកាន់តែខ្លាំងក្លាបន្ថែមទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដែលមិនត្រឹមតែរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងវិស័យឯកជន និងវិស័យឯកជន ផងដែរ។

សម្តេចបវរធិបតី ក៍បានអរគុណលោក ប្រធានាធិបតីបារាំង ដែលបានអញ្ជើញសម្តេចបវរធិបតីចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ លើកទី៣ នេះ ហេីយសម្តេចបវរធិបតីនឹងពិចារណាដោយយកចិត្តទុកដាក់ចំពោះការអញ្ជេីញនេះ។
សម្ដេចបវរធីបតី និងលោកប្រេសិតពិសេស ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាមួយចំនួន លេីបញ្ហការប្រែប្រួលអាកាសធាតុជាសកល, ក៏ដូចជាផលប៉ះពាល់នៃការប្រើប្រាស់ថង់ប្លាស្ទិក ដែលរួមចំណែកទៅដល់ការការពារបរិស្ថាន និងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុជាសកលផងដែរ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


