ព័ត៌មានជាតិ
សមត្ថកិច្ចជំនាញ នឹងមានវិធានការចំពោះម្ចាស់វិស័យឯកជនណារារាំង ការចុះពិនិត្យចំនួនជនបរទេសកំពុងស្នាក់នៅ និងធ្វើការនៅកម្ពុជា
តំណាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថា ខ្លួន នឹងមានវិធានការផ្លូវច្បាប់ចំពោះម្ចាស់ទីតាំង និងក្រុមហ៊ុនវិស័យឯកជនណាដែលរារាំងកិច្ចការចុះពិនិត្យទិន្នន័យជនបរទេសកំពុងស្នាក់នៅ និងធ្វើការលើទឹកដីប្រទេសកម្ពុជា។

នេះជាការលើកឡើងរបស់ លោកនាយឧត្ដមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមប្រតិបត្តិការទី ៣ ក្នុងពិធីប្រកាសក្រុមការងារ និងផ្សព្វផ្សាយការអនុវត្តលេខ ០០៣ ផ.ក របស់ក្រសួងមហាផ្ទៃ ស្ដីពីការពីការចុះត្រួតពិនិត្យវត្តមានការស្នាក់នៅរបស់ជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា នៅខេត្តកោះកុង។

លោកនាយឧត្ដមសេនីយ៍ ឃុន សំបូរ នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានមើលឃើញថា មានវិស័យឯកជនមួយចំនួនបានសហការល្អចំពោះការធ្វើបច្ចុប្បន្នស្ថិតិជនបរទេសកំពុងស្នាក់នៅទីតាំងអាជីវកម្មរបស់ខ្លួន ប៉ុន្តែមួយចំនួនទៀតមិនសហការឡើយ ក្រោមហេតុថា សមត្ថកិច្ចធ្វើឱ្យរំខានការរកស៊ីរបស់ពួកគេទៅវិញ ដែលទាំងនេះជាការយល់ខុសពីតំណាងវិស័យឯកជន។

លោកអគ្គនាយករងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បន្តទៀតថា សមត្ថកិច្ចរបស់លោក មានគោលការណ៍អនុវត្តទៅតាមច្បាប់អន្តោប្រវេសន៍របស់កម្ពុជាចំពោះជនបរទេសដែលបានលួចលាក់មករស់នៅ និងធ្វើការ ដើម្បីចុះវត្តមានជនបរទេសឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ ដោយមានការផ្ទៀងផ្ទាត់ដោយមន្ត្រីមូលដ្ឋាន។

បើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចំពោះម្ចាស់គោលដៅ ម្ចាស់ទីតាំងនានា តម្រូវឱ្យភ្ញៀវដែលជាជនបរទេសត្រូវមានលិខិតឆ្លងដែនច្បាប់ដើម ដើម្បីបញ្ចូលក្នុងប្រព័ន្ធ (FPCS) និងបានដាក់ទិសដៅសម្រាប់ក្រុមការងារអនុវត្តនាពេលខាងមុខ ព្រមទាំងធ្វើបទបង្ហាញអំពីប្រព័ន្ធ (FPCS) និងបទបង្ហាញអំពីការពិនិត្យលិខិតឆ្លងដែន ទិដ្ឋាការ (VISA ) ជនបរទេសរបស់មន្ត្រីជំនាញអន្តោប្រវេសន៍។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នឹងបើកវគ្គបណ្ដុះបណ្ដាលជូនដល់មន្ត្រីប៉ុស្តិ៍ មេឃុំ អធិការស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់បន្ថែមទៀត ក្នុងគោលបំណងដើម្បីធានាក្នុងការគ្រប់គ្រងការចេញចូល ស្នាក់នៅ ទប់ស្កាត់មិនឲ្យមានកំណើនជនបរទេសស្នាក់នៅខុសច្បាប់ជនបរទេសរស់នៅខេត្តកោះកុង ក៏ដូចជាក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវស្ថិតក្រោមដំបូលច្បាប់ និងគ្រប់គ្រងដោយម៉ត់ចត់ការស្នាក់នៅបណ្ដោះអាសន្នជនបរទេស មិនមែនអន្តោប្រវេសន្ត។

សម្រាប់ភូមិសាស្ត្រខេត្តកោះកុង ត្រូវបានលោកបណ្ឌិត សំ ឃិតវៀន អភិបាលរងខេត្ត អះអាងថា មន្ត្រីរដ្ឋបាលខេត្ត និងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តការងារមួយនេះយ៉ាងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ តែទោះយ៉ាងណា រាល់ការអនុវត្តរមែងជួបប្រទះភាពប្រឈមមួយចំនួនដូចជា ៖ ចំណេះដឹងបច្ចេកទេសមន្ត្រីនៅមានកម្រិត ម្ចាស់ក្រុមហ៊ុនសហគ្រាស សណ្ឋាគារ និងរមណីយដ្ឋានមួយចំនួនមិនទាន់សហការបានល្អលើទិន្នន័យជនបរទេសបានត្រឹមត្រូវ។

លោកអភិបាលរងខេត្តកោះកុង ក៏ស្នើសុំដល់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជួយបណ្ដុះបណ្ដាលលើជំនាញ និងបច្ចេកទេសបន្ថែមដល់មន្ត្រីរដ្ឋបាល ព្រមទាំងរដ្ឋបាលមូលដ្ឋាន មុននឹងចុះអនុវត្តតាមទីតាំងឯកជននីមួយៗ ស្វែងរកជនបរទេសរស់នៅពិតប្រាកដ និងមិនពិតប្រាកដ។ ពិសេសលោកក៏ទទូចដល់គ្រប់ម្ចាស់ក្រុមហ៊ុន សហគ្រាស សណ្ឋាគារ រមណីយដ្ឋាន ឬ ម្ចាស់កាន់កាប់លំនៅណាមួយពុំបានរាយការណ៍ផ្តល់ព័ត៌មានបានត្រឹមត្រូវពីជនបរទេសចូលមកស្នាក់នៅ និងធ្វើការងារមកដល់សមត្ថកិច្ចទេនោះ នឹងរងទោសចំពោះមុខច្បាប់ជាធរមាន៕
អត្ថបទ ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២១ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


