ព័ត៌មានជាតិ
ពិធីក្រុងពាលីមុនបើកព្រឹត្តិការណ៍បាល់ទាត់អបអរសាទរទិវាសន្តិភាពនៅកម្ពុជា ដែលគ្រោងមានអ្នកចូលទស្សនា ៥ម៉ឺននាក់
លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងភរិយា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីសុំសេចក្ដីសុខ មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់អបអរសាទរទិវាសន្តិភាពនៅកម្ពុជានាពហុកីឡាដ្ឋានជាតិមរតកតេជោ ខណ្ឌជ្រោយចង្វារ រសៀលថ្ងៃទី២៩នេះ។

ពិធីក្រុងពាលីតាមបែបសាសនានេះធ្វើឡើង ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី សុំសេចក្តីសុខចម្រុងចម្រើន មុននឹងបើកព្រឹត្តិការណ៍បាល់ទាត់អបអរសាទរទិវាសន្តិភាពនៅកម្ពុជានៅរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ដែលធ្វើឡើងក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ។ ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមនូវព្រឹត្តិការណ៍ ឬការសាងសង់សំណង់អ្វីមួយ ជាទំនៀមទំលាប់ខ្មែរយើងតែងបានប្រារព្វនូវពិធីនេះមិនដែលខនខានឡើយ។

ព្រឹត្តិការណ៍បាល់ទាត់នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព ការរៀបចំសណ្តាប់ធ្នាប់ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម។ ព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណ៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមអាវយឺតចំនួន ៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ សាលារាជធានីភ្នំពេញសហការជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្រុមបាល់ទាត់តារាកម្ពុជា និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានរៀបចំព្រឹត្តិការណ៍នេះ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ដោយមានការប្រកួតចំនួន២គូ ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់ តារាកម្ពុជា និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ដោយគ្រោង អ្នកចូលរួមប្រមាណ៤ម៉ឺន ទៅ៥ម៉ឺននាក់ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា នៅវេលាម៉ោង១៧:០០នាទី។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍បាល់ទាត់ខាងលើនេះដែរ បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺបានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ មានការរៀបចំប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា” នៅវិមានឈ្នះឈ្នះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ច បានធ្វើការបញ្ចៀសចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី ដោយមិនអនុញ្ញាតឱ្យយានយន្តធុនធ្ងន់គ្រប់ប្រភេទឆ្លង កាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី៕
ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


