ព័ត៌មានជាតិ
យុវជន៨នាក់ ស្ម័គ្រចិត្តចូលប្រឡងបម្រើការងារជាគ្រូមត្តេយ្យសហគមន៍នៅក្នុងខេត្តមណ្ឌលគិរី
រដ្ឋបាលឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌគិរី បានរៀបចំប្រឡងជ្រើសរើសគ្រូមត្តេយ្យសហគមន៍ចំនួន៣នាក់ ដើម្បីបង្រៀនថ្នាក់មត្តេយ្យដល់ក្មេងៗនៅសហគមន៍។ យុវជន យុវនារី ចំនួន៨នាក់ នៅថ្ងៃទី២៧ ខែធ្នូ ថ្មីៗនេះ បានចូលរួមការប្រឡងនេះ នៅសាលាឃុំចុងផ្លាស់។ ការជ្រើសរើសគ្រូមត្តេយ្យសហគមន៍នេះ គឺធ្វើឡើងស្របតាមសេចក្តីណែនាំ ស្តីពី និតិវិធីនៃកាជ្រើសរើសបុគ្គលិកក្រៅក្របខ័ណ្ឌរដ្ឋរបស់រដ្ឋបាលឃុំ សង្កាត់របស់ក្រសួងមហាផ្ទៃ។

លោក លាភ លីមគុណ មេឃុំរដ្ឋបាលចុងផ្លាស់ បានឱ្យដឹងថា ការជ្រើសរើសគ្រូមត្តេយ្យសហគមន៍ចំនួន៣នាក់នេះ ដើម្បីយកទៅបង្រៀនសាលាថ្នាក់មត្តេយ្យនៅតាមមូលដ្ឋានសាលាបឋមសិក្សាក្នុងចំនួន៣ភូមិ ក្នុងឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌគិរី។ លោកបន្តថា បេក្ខជនដែលមានលក្ខណៈសម្បត្តិ អាចដាក់ពាក្យប្រឡងបាននៅក្នុងការជ្រើសរើសនោះ ត្រូវមានលក្ខខណ្ឌ៧ចំណុចដូចជា មានសញ្ជាតិខ្មែរ មានអាយុចាប់១៨ឆ្នាំឡើងទៅ មានកំរិតវប្បធម៌ចប់មធ្យមសិក្សា ឬសមមូល មានកិរិយាមាយាទល្អស្មោះត្រង់សុចរិត មានឆន្ទៈបម្រើការងារ ក្នុងជំហរអព្យាក្រិត្យមិនលម្អៀង និងអាចបំពេញការងារទៀងទាត់។

លោកបានគូសបញ្ជាក់ថា បេក្ខជនដែលប្រឡងជាប់ជាគ្រូក្នុងសហគមន៍ឃុំចុងផ្លាស់ នឹងចុះកិច្ចសន្យាបម្រើការងារចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ តទៅ។ កិច្ចសន្យានេះ គឺបម្រើការងាររយៈពេល១០ខែ ហើយប្រាក់បៀវត្សរ៍ប្រចាំខែអប្បបរមា គឺ៥៥០ ០០០រៀល។ លោកបញ្ជាក់ថា បេក្ខជនដែលបានមកដាក់ពាក្យចូលរួមប្រឡងទាំង៨រូប សុទ្ធសឹងតែមានសមត្ថភាព។ តែយ៉ាងណា លទ្ធផលប្រឡង គណៈកម្មការនឹងបូកសរុប នឹងជូនដំណឹងលទ្ធផលទៅដល់បេក្ខជន នៅថ្ងៃចន្ទ ដើមសប្ដាហ៍ក្រោយ។

យុវនារី ឈ្មោះ ពុំ ស្រីឌី រស់នៅក្នុងភូមិពូហ៊ូង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានឱ្យដឹងថា កត្តាដែលជំរុញឱ្យនាងមកដាក់ពាក្យប្រឡងនៅថ្ងៃនេះ គឺដោយសារការស្រឡាញ់នៃវិស័យអប់រំ ហើយចង់ក្លាយជាគ្រូមួយរូបដែលអាចបណ្តុះបណ្តាលសិស្សានុសិស្ស នៅតាមមូលដ្ឋានសហគមន៍របស់ខ្លួន ដើម្បីឱ្យពួកគេមានចំណេះដឹង មានឱកាសបានសិក្សារៀនសូតយល់ដឹងកាន់តែច្រើនបន្ថែមទៀត។ បេក្ខនារីរូបនេះរំពឹងប្រឡងជាប់ជាគ្រូមត្តេយ្យសហគមន៍ពី៥០ ទៅ ៧០%។ ប៉ុន្តែ បើទោះបីជាលទ្ធផលក្នុងការប្រឡងនេះ មិនមានលទ្ធផលល្អ ក៏រូបនាង នឹងប្ដេជ្ញាប្រឡងនៅឱកាសក្រោយៗទៀត មិនបោះបង់ការតស៊ូ និងតាំងចិត្តលើវិស័យអប់រំមួយនេះឡើយ៕

ដោយ ៖រៀម សុខហេង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


