ព័ត៌មានជាតិ
កសិករស្រុកឯកភ្នំ ប្រមូលផលស្រូវបានចន្លោះពី ៦ ទៅ ៧ តោន/ហិតា ក្រោយមានប្រព័ន្ធផ្លូវទឹកគ្រប់គ្រាន់
ក្នុងរយៈពេលចុងក្រោយនេះទិន្នផលស្រូវរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង អាចទទួលបានទិន្នផលល្អគ្រាន់បើ ដោយក្នុងនោះកសិករអាចប្រមូលផលស្រូវបានចន្លោះពី ៦ ទៅ ៧ តោនក្នុងមួយហិតា ក្រោយប្រព័ន្ធផ្លូវទឹកជាច្រើនកន្លែងត្រូវបានស្តា។

កសិករនៅស្រុកឯកភ្នំ បានឲ្យដឹងថា ក្រោយពីអាជ្ញាធរជំនាញគ្រប់ជាន់ថ្នាក់នៃខេត្តបាត់ដំបង បានគិតគូរខ្ពស់ សំដៅដល់ការលើកកម្ពស់ជីវភាពរបស់ពួកគេជាកសិករដែលពឹងផ្អែកលើវិស័យកសិកម្ម ឆ្នាំនេះដំណាំស្រូវរបស់ពួកគេមិនប្រឈមការខ្វះទឹកដូចគ្រាមុននោះទេ ហើយការដាំដុះស្រូវក្នុងរយៈពេលចុងក្រោយនេះ ពួកគេអាចទទួលបានទិន្នផលខ្ពស់ចន្លោះពី ៦ តោន រហូតដល់ ៧ តោន ក្នុងមួយហិតា។

កសិករ ឡុង សុគន្ធ បានឲ្យដឹងថា លោកបានធ្វើស្រែលើផ្ទៃដីប្រមាណ ១០ ហិតា ដោយក្នុងមួយឆ្នាំធ្វើបានពីររដូវ ប្រាំង និងវស្សា។ លោកថា ការធ្វើស្រូវទាំងពីររដូវនេះ លោកធ្វើបានរយៈពេល ២ ឆ្នាំហើយ គឺបន្ទាប់ពីបានស្តាព្រែកក្ដុល និងមានប្រឡាយខ្វាត់ខ្វែងមានទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព ហើយទិន្នផលស្រូវលោកអាចប្រមូលបានចន្លោះពី ៦ តោន ដល់ ៧ តោន ក្នុងមួយហិតា។
លោកបន្តថា «ទីផ្សារស្រូវឆ្នាំនេះខ្ញុំលក់បាន ១ តោន ដោយឈ្មួញគិតជាប្រាក់ថៃ អាចលក់បានមួយតោន ១ ម៉ឺន ៧០ បាត (ស្រូវស្រង៉ែ) ហើយតម្លៃនេះបើធៀបនិងតម្លៃលក់កាលពីឆ្នាំមុន វាប្រហាក់ប្រហែលគ្នាដែរ អាចចំណេញសម្រាប់ផ្គត់ផ្គង់ជីវភាពបាន»។

លោក លួន ភក្រ្តា ចៅសង្កាត់រងទី១ សង្កាត់ក្តុលដូនទាវ បានឲ្យដឹងថា លោករីករាយ ក្រោយពីបានឃើញកសិករក្នុងសង្កាត់របស់លោកទទួលបានទិន្នផលស្រូវខ្ពស់ និងទទួលបានទឹកគ្រប់គ្រាន់ដើម្បីបង្កបង្កើនផលដំណាំស្រូវរបស់ពួកគេ ហើយអាចទទួលទិន្នផលស្រូវខ្ពស់ ចន្លោះពី ៦ តោន ដល់ ៧ តោន ក្នុងមួយហិតា ខណៈឆ្នាំនេះ កសិករនៅក្នុងសង្កាត់របស់លោកបានធ្វើការដាំដុះស្រូវប្រមាណ ១៥០ ហិតា អាចធ្វើបាន ២ រដូវ គឺប្រាំង និង វស្សា។

តាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្ត បានបង្ហាញថា ស្រុកឯកភ្នំឆ្នាំនេះបានធ្វើការដាំដុះស្រូវប្រាំងបានចំនួន ១៤៨៨ ហិតា ស្មើជាង ៧៤% នៃផែនការ ២០០០ ហិតា។ របាយការណ៍ដដែលបង្ហាញទៀតថា ក្នុងឆ្នាំ២០២៤ ខេត្តបាត់ដំបង បាដាំដុះស្រូវវស្សា ដែលក្នុងនោះមានប្រភេទស្រូវស្រាលដើមរដូវ ស្រូវស្រាលបង្កើនរដូវ ស្រូវស្រាល ស្រូវធ្ងន់ ស្រូវឡើងទឹក មានសរុប ៤៥០ ១៦៥ ហិតា និងប្រមូលផលបាន ២៣២ ៦៥១ ហិតា ស្មើជាង ៥១% គិតត្រឹមថ្ងៃទី២១ ខែវិច្ឆកា ឆ្នាំ២០២៤ ចំណែកការដាំដុះស្រូវប្រាំងបានចំនួន ១៦៤៦៨ ហិតា ស្មើនិងជាង ៦៥% នៃផែនការដាំដុះ ២៥០០០ ហិតា៕
អត្ថបទ៖ សៅ សារិទ្ធ


-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
សន្តិសុខសង្គម១៨ ម៉ោង agoកាប់សម្លាប់ប្រពន្ធនៅខេត្តកំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅស្រុកកំណើតដល់ពាក់កណ្ដាលផ្លូវជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ភ្លាមៗ


