ព័ត៌មានជាតិ
រដ្ឋមន្ត្រី៖ កិច្ចសហប្រតិបត្តិរវាងអាមេរិក-កម្ពុជា សម្រេចផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ពិសេសលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា
រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ឈាង រ៉ា បានវាយតម្លៃថា កិច្ចសហប្រតិបត្តិការទ្វភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា។ លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា វាយតម្លៃបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងគណៈប្រតិភូជួប សម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងនាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហអាមេរិក ដែលបានផ្តល់ជំនួយសហប្រតិបត្តិការដល់វិស័យសុខាភិបាល តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការទ្វភាគី នៃសហរដ្ឋអាមេរិកនានាដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) និងវិទ្យាស្ថានសុខភាពជាតិ នៃសហរដ្ឋអាមេរិក ជាដើម ដែលបានសហការចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។

លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិកដូចជា គម្រោងរៀបចំផែនការយុទ្ធសាស្តជាតិសម្រាប់ស្រាវជ្រាវ និងបង្ការស្ត្រី និងកុមារពីការពុលនៃលោហៈធាតុធ្ងន់(Lead Free Partnership) គម្រោងសន្តិសុខសុខភាពសកល និងគម្រោងកិច្ចព្រមព្រៀងស្រាវជ្រាវ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ព្រមទាំងបានស្នើសុំឱ្យប្រធានទីភ្នាក់ងារសហប្រតិបត្តិការទ្វេភាគីនីមួយៗ ជម្រាបជូនពីផែនការសកម្មភាពសហប្រតិបត្តិការក្នុងវិស័យសុខាភិបាលសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។

លោកស្រី Joyce Neal ប្រធាន US-CDC បានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការបន្ត និងជម្រាបជូនជាពិសេសថា ជោគជ័យលើការគ្រប់គ្រងជំងឺ H5N1 គឺជាមោទនភាពដ៏ធំធេងរបស់កម្ពុជា ក៏ដូចជា មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា (US-CDC) ហើយការងារនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរបស់សភាសហរដ្ឋអាមេរិក”។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងថា “កិច្ចសហប្រតិបត្តិការទ្វភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា” និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក ពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុតក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

គួរឱ្យដឹងថា កម្ពុជា និងសហរដ្ឋអាមេរិក បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាផ្លូវការនៅក្នុងឆ្នាំ១៩៥០ រាប់មកដល់ឆ្នាំ២០២៥នេះ ទំនាក់ទំនងនៃប្រទេសទាំងពីរឈានដល់ខួបទី៧៥ហើយ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


