Connect with us

ព័ត៌មានជាតិ

ប្រមុខការទូតអាស៊ាននឹងជួបប្រជុំចង្អៀតនៅម៉ាឡេស៊ី ដើម្បីជជែកគ្នាពីបញ្ហាក្នុងតំបន់

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបប្រជុំចង្អៀតនៅប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានឆ្នាំ២០២៥នេះ ដើម្បីជជែកគ្នាពីការងាររបស់អាស៊ាន ពិសេសផ្ដោតលើបញ្ហាដែលបាននិងកំពុងបន្តកើតនៅក្នុងតំបន់មួយនេះ។ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាពឯកសារ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅឥណ្ឌូណេស៊ី ឆ្នាំ២០២៣

លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះឡាងកាវី ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់លោក ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ក្រោមមូលបទ «បរិយាប័ន្ន និងចីរភាព» កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការពិនិត្យឡើងវិញនូវការសម្រេចនានារបស់ប្រមុខដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែតុលា ឆ្នាំ២០២៤ នៅប្រទេសឡាវ និងអាទិភាពនៃភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងផ្លាស់ប្តូរទស្សនៈជុំវិញទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ផងដែរ។

ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី កាន់តែស៊ីជម្រៅថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម