ព័ត៌មានជាតិ
ខេត្តកំពង់ឆ្នាំងត្រូវបានប្រកាសថាខេត្តដែល «គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ»
ខេត្តកំពង់ឆ្នាំង គឺជាខេត្តទីមួយ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសថាជា «ខេត្តដែលគ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ»។ ពិធីប្រកាស បានធ្វើឡើងក្រោមវត្តមានរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ខាងមុខសាលាខេត្តកំពង់ឆ្នាំង និងដោយមានការចូលរួមពីសំណាក់មន្ត្រីរាងការ កងកម្លាំង ពលរដ្ឋ និងសិស្សានុសិស្ស។

គួរឱ្យដឹងថា ក្រសួងបរិស្ថាន បានបើកយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» នៅក្នុងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ដែលគិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គឺមានរយៈពេល១ ឆ្នាំ៣ ខែ២២ថ្ងៃ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានឱ្យដឹងថា តាមរយៈលទ្ធផលនៃការបូកសរុបយុទ្ធនាការ «កំពង់ឆ្នាំងស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ សម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក» ចាប់ពីថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅទូទាំងខេត្តកំពង់ឆ្នាំងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ ក្នុងនោះ មន្ត្រីរាជការមន្ទីរបរិស្ថាន ក្រុមការងារនៃក្រសួងបរិស្ថានបានចុះដឹកនាំលើយុទ្ធនាការទាំងពីរ លើក្រុង/ស្រុកទាំង៨ ក្នុងខេត្តកំពង់ឆ្នាំងបាន ចំនួន ៣០០លើក ក្នុងនោះ ក្រសួងបរិស្ថានដឹកនាំផ្ទាល់ចំនួន ៨១លើក ដោយបានធ្វើអនាម័យសម្អាតតាមដង ផ្លូវទូទាំងខេត្តបានចំនួន ៤១ខ្សែ, ប្រមូលសំរាមបានចំនួនជាង២៦តោន។

តាមរយៈសកម្មភាពយុទ្ធនាការ រដ្ឋបាលខេត្តកំពង់ឆ្នាំង វាយតម្លៃថា នៅតាមសាលារៀន រោងចក្រ សិប្បកម្ម អាជីវកម្ម វត្តរ វត្តអារាម ភូមិ ឃុំ សង្កាត់ លំនៅឋានប្រជាពលរដ្ឋនិងតាមដងផ្លូវជាតិ ផ្លូវខេត្តផ្លូវស្រុកមានអនាម័យ មាន សោភ័ណភាពល្អ និងមានបរិស្ថានស្អាតល្អ មានភាពប្រទាក់ក្រឡាជាមួយលក្ខណៈសម្បត្តិទី៦ នៃគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

នៅក្នុងពិធីប្រកាសថាខេត្តកំពង់ឆ្នាំង «គ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈ» លោក អ៊ាង សុផល្លែត ចាត់ទុកថា នេះគឺជាភាពជោគជ័យមួយរបស់ខេត្តកំពង់ឆ្នាំង ដែលកើតចេញពីការអនុវត្តយុទ្ធនាការរបស់ក្រសួងបរិស្ថានក្នុងរយៈពេលជាង១ឆ្នាំមកនេះ។
រដ្ឋមន្ត្រីបរិស្ថាន លោក អ៊ាង សុផល្លែត ថ្លែងដូច្នេះ ៖«ឆ្លងកាត់ការប្រឹងប្រែងរយៈពេល១ឆ្នាំ ៣ខែ ២២ ថ្ងៃនេះ យើងថ្ងៃនេះប្រកាសជោគជ័យថា កំពង់ឆ្នាំងគ្មានសំរាមប្លាស្ទិកនៅទីសាធារណៈទៀតទេ។ នេះគឺជាជោគជ័យមួយដែលសាងចេញពីការប្ដេជ្ញាចិត្ត “ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងសាងចេញពីសកម្មភាពយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ហើយនេះគឺជាលទ្ធផលមួយដែលឆ្លុះបញ្ចាំងឱ្យខេត្តដទៃទៀតឃើញថាកម្ពុជាយើងធ្វើបាន កំពង់ឆ្នាំងពិតជាធ្វើបាន! »។

ក្នុងកាលៈទេសៈដែលខេត្តកំពង់ឆ្នាំង ទើបតែជាខេត្តទី១ ដែលត្រូវបានប្រកាសបែបនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជឿជាក់ថា ខេត្តដទៃទៀត នឹងអាចក្លាយជាខេត្តដែលគ្មានសំរាម និងសំណល់ប្លាស្ទិកតាមទីសាធារណៈដូចខេត្តកំពង់ឆ្នាំង។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានរម្លឹកថា កាលពីជាងមួយឆ្នាំមុន ក្នុងពេលលោកធ្វើដំណើរមកកាន់ខេត្តកំពង់ឆ្នាំង លោកសម្គាល់ឃើញថា តាមដងផ្លូវជាតិ គឺមានសំរាមហើរពាសវាលពាសកាល ប៉ុន្តែបច្ចុប្បន្នក្រោយពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង សិស្សានុសិស្ស កម្មករ ទុកដាក់សំរាម និងចេញរើសតាមដងផ្លូវជាតិ នៅតាមទីសាធារណៈក្នុងខេត្តកំពង់ឆ្នាំងត្រូវបានកាត់បន្ថយសំរាមពាសវាលពាសកាលចំនួនជាង៨០ភាគរយ។ ការកាត់បន្ថយសំរាមក្នុងចំនួនប៉ុណ្ណេះ គឺជាហេតុដែលក្រសួងប្រកាសខេត្តកំពង់ឆ្នាំង គ្មានសំរាម និងសំណល់ប្លាស្ទិកនៅទីសាធារណៈ។

ជាមួយគ្នា លោកអភិបាលខេត្តកំពង់ឆ្នាំង សង្ឃឹមថា តាមរយៈពិធីប្រកាសជាផ្លូវការ «កំពង់ឆ្នាំងស្អាត គ្មានសំរាម និង សំណល់ប្លាស្ទិក» នាថ្ងៃនេះ នឹងបំផុសដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស ពលរដ្ឋ និងសាធារណជនឱ្យមានការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ដើម្បីអនុវត្តយុទ្ធនាការប្រកាសជាផ្លូវការ«កំពង់ឆ្នាំងស្អាត គ្មានសំរាម និងសំណល់ប្លាស្ទិក» អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានណែនាំឱ្យអាជា្ញធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវសហការគ្នា ដើម្បីភូមិ ឃុំ និងលំនៅដ្ឋានស្អាត រក្សាឱ្យបានអនាម័យបរិស្ថានល្អ រស់នៅស្អាតប្រកបដោយសុខុមាលភាព។ ជាមួយគ្នានេះរដ្ឋបាលខេត្ដកំពង់ឆ្នាំង ប្រកាសគាំទ្រ និងបន្ដអនុវត្ដនូវយុទ្ធនាការរបស់ក្រសួងបរិស្ថាន ឱ្យបានផុលផុស និងទៅដល់គ្រប់មជ្ឈដ្ឋាន។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការចំនួន៣ជាបន្តបន្ទាប់ ដើម្បីសម្អាត និងកាត់បន្ថយសំរាមក្នុងប្រទេស ក្នុងនោះរួមមាន យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ទី២យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងទី៣ យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» ដោយយុទ្ធនាការទាំង៣នេះ មានពលរដ្ឋចូលរួមជាង១៤លាននាក់នៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន