ព័ត៌មានជាតិ
ពលរដ្ឋចាត់ទុករមណីយដ្ឋានភ្នំសំពៅ ជាប្រភពចំណូលទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ
ប្រជាពលរដ្ឋ ដែលរស់នៅតំបន់រមណីយដ្ឋានភ្នំសំពៅ ខេត្តបាត់ដំបង បានលើកឡើងថា រមណីយដ្ឋានភ្នំសំពៅ គឺជាប្រភពនៃប្រាក់ចំណូលរបស់ពួកគាត់ ដែលបានជំរុញកម្រិតជីវភាពប្រចាំថ្ងៃបានល្អប្រសើរជាងគ្រាកន្លងទៅ ក្រោយរមណីយដ្ឋានមួយនេះត្រូវបានអភិវឌ្ឍន៍កែច្នៃជាបន្តបន្ទាប់ ដើម្បីទាញកំណើនភ្ញៀវទេសចរក្នុង និងក្រៅស្រុកមកលេងកម្សាន្ត។

ជាអ្នករស់នៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង អ្នកស្រី ធួក ហៅយាយធួក បានឲ្យដឹងថា គ្រួសារអ្នកស្រីរស់នៅតំបន់នេះតាំងពីឆ្នាំ១៩៩២ មកម៉្លេះ ហើយបានប្រកបមុខរបរ ជាអ្នកលក់ដូរតាមដងផ្លូវ ដូចជា ម្ហូបអាហារគុយទាវ កាហ្វេ រហូតមកដល់ពេលនេះ។
«ដំបូងឡើយខ្ញុំលក់ដូរបានត្រឹមតែមួយរស់ៗប៉ុណ្ណោះ ដោយសារលក់មិនដាច់ ស្ទើរតែបោះបង់ឈប់លក់ តែបើបោះបង់គ្រួសារខ្ញុំជួបផលលំបាក និងគ្មានមុខរបរណាជំនួសបាន តែបច្ចុប្បន្ននេះខុសគ្នាឆ្ងាយណាស់ ក្រោយពីខ្ញុំបានទៅលក់ក្នុងផ្សាររាត្រី ទោះមិនធ្វើជាអ្នកមាន តែបានសប្បាយចិត្ត ចាយវាយគ្រប់គ្រាន់មិនខ្វះមុខខ្វះក្រោយ ដូចគ្រាមុន»។

អាជ្ញាធរខេត្តបាត់ដំបងបានរៀបចំកែលម្អរមណីយដ្ឋានភ្នំសំពៅជាបន្តបន្ទាប់ ទាំងល្អាងប្រចៀវ ទាំងល្អាងផ្សេងៗនៅលើកំពូលភ្នំ ដើម្បីទាញកំណើនភ្ញៀវទេសចរក្នុង និងក្រៅស្រុក ជាពិសេសផ្តល់ឱកាសដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះដើម្បីអាចរកចំណូលបាន តាមរយៈការលក់ដូរភេសជ្ជះ និងម្ហូបអាហារផ្សេងៗនៅតាមជើងភ្នំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារផង។
បច្ចុប្បន្ន រមណីយដ្ឋានភ្នំសំពៅ បានកែច្នៃក្រៅពីល្អាងប្រចៀវ មានឆ្លាក់រូបព្រះអង្គធំលើជញ្ជាំងភ្នំ ដើម្បីលើកកម្ពស់វិស័យសាសនា និងជាប្រវត្តិសាស្ត្រមិនធ្លាប់មាន រួមទាំងបង្កើតឲ្យមានផ្សាររាត្រីផង។

មន្ត្រីរដ្ឋបាលខេត្តបានឲ្យដឹងថា ក្រោយពីការសាងសង់រូបព្រះអង្គធំ ដែលប្រើរយៈពេលរាប់សិបឆ្នាំ គ្រោងបញ្ចប់ឆាប់ៗនេះរដ្ឋបាលខេត្តកំពុងតែរៀបចំទីធ្លានៅខាងមុខរូបព្រះអង្គធំជាបណ្តើរៗ រួមទាំងរៀបចំកែលម្អឲ្យមានសោភ័ណភាពបន្ថែមទៀត សម្រាប់ភ្ញៀវបរទេសដែលមកទស្សនាហ្វូងប្រចៀវ និងមានផ្សាររាត្រីវិថីទេសចរណ៍ភ្នំសំពៅ។

ដោយមើលឃើញពីកំណើនភ្ញៀវទេសចរ រដ្ឋបាលខេត្តបាត់ដំបងបានកំពុងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តភ្នំសំពៅជាបន្តបន្ទាប់ ក្នុងនោះបានបង្កើតគណៈកម្មការជំរុញរៀបចំសណ្ដាប់ធ្នាប់នៅតំបន់រមណីយដ្ឋានភ្នំសំពៅ សំដៅលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពសាធារណៈ ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរឲ្យបានកាន់តែច្រើនឡើង នឹងដាក់គោលដៅនេះឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ប្រណិតមួយសម្រាប់ខេត្តបាត់ដំបង។
មន្ត្រីទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា ចំពោះមុខក្រុមជាងកំពុងរំកិលរបងវត្តថយក្រោយ ពង្រីកផ្លូវឲ្យបានធំទូលាយ ឲ្យមានសណ្តាប់ធ្នាប់សាធារណៈល្អ និងមានផាសុកភាព ដល់ភ្ញៀវទេសចរទាំងជាតិ អន្តរជាតិ ជាពិសេសបង្កឲ្យមានវិសាលភាពកាន់តែធំទូលាយ ដែលអាចឲ្យពលរដ្ឋនៅតំបន់នេះ អាចរកចំណូលបានជាងមុនតាមរយៈមុខរបរលក់ដូររបស់ពួកគាត់។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍បានឲ្យដឹងថា រមនីយដ្ឋានភ្នំសំពៅ បន្ទាប់ពីបានកែលម្អរសោភ័ណ្ឌភាពជំហ៊ានដំបូង ក្នុងអំឡុងចុងឆ្នាំ២០១៥ ក្រសួងទេសចរណ៍បានប្រកាសរួមគ្នាមួយ ជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីប្រមូលថវិកាពីភ្ញៀវបរទេស ដើម្បីគ្រប់គ្រងឲ្យបានត្រឹមត្រូវ ហើយថវិកាដែលបានចំណូលទាំងនេះ ទុកសម្រាប់ការអភិវឌ្ឍន៍លើវិស័យទេសចរណ៍ក្នុងខេត្តជាបន្តបន្ទាប់ ជាពិសេសរមនីយដ្ឋានភ្នំសំពៅ ដែលបច្ចុប្បន្នមានការរីកចម្រើនគួរឲ្យកត់សម្គាល់ នឹងនៅបន្តអភិវឌ្ឍន៍ជាជំហ៊ានៗបន្ថែមទៀត រហូតសម្រេចបានលទ្ធផលល្អ។
ជាក់ស្តែង បច្ចុប្បន្នក្រុមជាងកំពុងរើរំកិលរបងវត្តមួយផ្នែក រួមទីលំនៅជើងភ្នំមួយចំនួន ឲ្យមានសណ្ដាប់ធ្នាប់សាធារណៈល្អ មានផាសុកភាព ធំទូលាយ និងបង្កើតឲ្យមានសួនច្បារសម្រាប់ភ្ញៀវដើរកម្សាន្តផងដែរ។
ពាក់ព័ន្ធការរំកិលរបងវត្តនេះ ព្រះពិក្ខុ សឺន ដែលជាអ្នកគ្រប់គ្រងការដ្ឋានសាងសង់ព្រះអង្គធំ បានមានសង្ឃដីការថា របងវត្ត គឺជាសមិទ្ធិផលរបស់សប្បុរសដែលជាអ្នកផ្តើមសាងសង់រូបព្រះអង្គធំ ជាអ្នកសាងសង់របងវត្ត ហើយការរុះរើរំកិលក៏បានឯកភាពគ្នាត្រឹមត្រូវ ដើម្បីជាប្រយោជន៍សាធារណៈ។ ព្រះអង្គមានសង្ឃដីកាបន្តថា ការរំកិលរបងនេះ គឺតម្រូវឲ្យថយក្រោយ ៤ ម៉ែត្រ ដែលរបងវត្តនេះមានប្រវែង ៥៨៨ ម៉ែត្រ ដោយការរំកិលនេះក្រុមជាងបានកាត់ជាកង់ៗងាយស្រួលរំកិល។

ភ្នំសំពៅ ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រមួយ ស្ថិតនៅតាមដងផ្លូវជាតិលេខ៥៧ (អតីតផ្លូវជាតិលេខ១០) មានទីតាំងស្ថិតក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង៕
អត្ថបទ៖ សៅ រិទ្ធិ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ