ព័ត៌មានជាតិ
ថ្នាក់ដឹកនាំយោធាអាស៊ាន ជួបប្រជុំក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន”
អគ្គមេបញ្ជាការកងទ័ពអាស៊ាន នៅថ្ងៃទី១៨ ខែមីនា បានបើកកិច្ចប្រជុំលើកទី១៨ (ACDFM-18) តាមប្រព័ន្ធវីដេអូ ដោយភាគីកងទ័ពកម្ពុជា ដឹកនាំដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលកិច្ចប្រជុំនោះ ធ្វើឡើងក្រោមប្រធានបទ “យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន”។
លោកឧត្តមសេនីយ៍ទោ ដាតុសេរី ផាឡាវ៉ាន់ ហាជី ហាំហ្សា ប៊ីន ហាជី អគ្គមេបញ្ជាការកងទ័ពភូមិន្ទប្រ៊ុយណេបានបញ្ជាក់ថា ការលើកយកទិសស្លោកនៃកិច្ចប្រជុំ ACDFM-១៨ ឆ្នាំនេះ មានអត្ថន័យសំដៅទៅលើសមាហរណកម្មកិច្ចសហប្រតិបត្តិការយោធា ដោយគូសបង្ហាញទៅលើកិច្ចខិតខំប្រឹងប្រែងរួមរបស់កងទ័ពអាស៊ានទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងបញ្ហាប្រឈមផ្សេងៗ និងការគំរាមកំហែងរួមក្នុងតំបន់។

លោកថា កងទ័ពអាស៊ានត្រូវតែបន្តពង្រីកកិច្ចសហប្រតិបត្តិការថែមទៀត ក្នុងការដោះស្រាយបញ្ហាប្រឈមរួម ជាពិសេសលើបញ្ហាជំងឺកូវីដដែលយើងមិនធ្លាប់ជួបប្រទះពីមុនមក និងរួមបញ្ចូលបញ្ហាដទៃទៀតដូចជា សន្តិសុខលំហរសមុទ្រ ភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងការកសាងលំហរប្រព័ន្ធព័ត៌មានវិទ្យាដែលមានភាពអត់ធន់ និងមានសុវត្ថិភាព។
លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា បច្ចុប្បន្នបើទោះបីការខិតខំប្រឹងប្រែងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសមួយចំនួនត្រូវបានចាត់ទុកថា ទទួលបានប្រសិទ្ធភាពខ្ពស់ក្តី តែពិភពលោកទាំងមូលមិនទាន់អាចទប់ទល់នឹងការរាតត្បាតជំងឺនេះបានជោគជ័យនៅឡើយទេ។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ បានលើកទឹកចិត្តឲ្យប្រទេសក្នុងអាស៊ានបន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាតនេះ ដោយលើកកម្ពស់ការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋ ផ្អែកលើកាតព្វកិច្ចមនុស្សធម៌ និងសន្តិសុខមនុស្សជាតិ ហើយការចែកចាយ និងប្រើវ៉ាក់សាំង ត្រូវធ្វើឡើងក្រោមស្មារតីសមធម៌ និងគ្មានការរើសអើង។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ទៀតថា កងយោធពលខេមរភូមិន្ទ បន្តប្តេជ្ញាយ៉ាងមុតមាំក្នុងការចូលរួមចំណែកលើគ្រប់កិច្ចសហប្រតិបត្តិការក្រោមក្របខ័ណ្ឌអាស៊ាន និងជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ ការរៀបចំខ្លួន ដើម្បីដោះស្រាយបញ្ហាការគំរាមកំហែងសន្តិសុខ មនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន បទល្មើសព័ត៌មានវិទ្យា ឱ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ។

នៅក្នុងកិច្ចប្រជុំនោះដែរ អង្គប្រជុំបានអនុម័តសេចក្តីថ្លែងការរួមមួយ ហើយបានប្រារព្ធពិធីប្រគល់ទង់ ACDFM ដល់កម្ពុជា ធ្វើជាប្រធានបន្ដវេនរបស់អគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ឆ្នាំ២០២២៕

អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


