ព័ត៌មានជាតិ
អាល្លឺម៉ង់អះអាងពីការប្ដេជ្ញាចិត្តធ្វើជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា
អាល្លឺម៉ង់នៅតែប្ដេជ្ញាចិត្តធ្វើជាដៃគូដ៏រឹងមាំជាមួយកម្ពុជា សម្រាប់ការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ខណៈប្រទេសទាំងពីរ កម្ពុជា-អាល្លឺម៉ង់ កំពុងតែបង្កើនកិច្ចប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីកាន់តែស្អិតរមួតបន្ថែមទៀត។

ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងតាមរយៈឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Stefan Messerer ក្នុងជំនួបទល់មុខជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ដោយលោកឯកអគ្គរដ្ឋទូត បានអះអាងសាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ក្នុងការបំពេញតួនាទីជាដៃគូដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានពិភាក្សាអំពីការលើកកម្ពស់និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អាល្លឺម៉ង់ ឱ្យកាន់តែរឹងមាំ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Messerer បានរម្លឹកអំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងកម្ពុជា-អាល្លឺម៉ង់ រួមមាន ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត Frank-Walter Steinmeier ប្រធានាធិបតីអាល្លឺម៉ង់ មកកម្ពុជាក្នុងខែកុម្ភៈ ឆ្នាំ២០២៣ និងកិច្ចពិភាក្សាប្រកបដោយផ្លែផ្ការវាងសម្តេចតេជោ ហ៊ុន សែន និងលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ ក្នុងឱកាសកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុចសែល កាលពីខែធ្នូ ឆ្នាំ២០២២។
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងលោកឯកអគ្គរដ្ឋទូត បានកត់សម្គាល់ដោយការពេញចិត្តចំពោះទំនាក់ទំនង ដែលកាន់តែរីកចម្រើនរវាងប្រទេសទាំងពីរ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ រួមមាន ពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការបោសសម្អាតមីន និងថាមពល។ ភាគីទាំងពីរ យល់ស្របគ្នាថា ប្រទេសទាំងពីរនៅមានឱកាសជាច្រើនទៀតសម្រាប់ការពង្រីកពាណិជ្ជកម្មទ្វេភាគី ដែលមានលើសពី១ប៊ីលានដុល្លារ នាឆ្នាំកន្លងទៅនេះ។

ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើប្រទេសទាំងពីរពិចារណាលើការបញ្ចប់កិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការជៀសវាងការយកពន្ធត្រួតស៊ីគ្នា និងការលើកកម្ពស់ និងការពារការវិនិយោគរួម។ លោក ក៏ឆ្លៀតបានអរគុណចំពោះការរួមចំណែកដ៏មានតម្លៃរបស់អាល្លឺម៉ង់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។
លោក ប្រាក់ សុខុន បានស្វាគមន៍ចំពោះការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់នៅខេត្តសៀមរាប កាលពីខែមិថុនា ឆ្នាំ២០២៤ ដែលការណ៍នេះឆ្លុះបញ្ចាំងពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងរបស់អាល្លឺម៉ង់មកលើកម្ពុជា៕

-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


