ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា សមាជិក ប.ស.ស. និងគ្រូពេទ្យព្យាបាល មិនត្រូវសមគំនិតគ្នាដោយចេតនាក្នុងគោលបំណងកេងផលប្រយោជន៍ពី ប.ស.ស.ឡើយ ដើម្បីចៀសវាងការលុបឈ្មោះចេញពី ប.ស.ស ពិសេសប្រឈមនឹងផ្លូវច្បាប់។

លោក កត្តា អ៊ន បានបន្តថា គ្រប់សមាជិក ប.ស.ស. ត្រូវតែទទួលបានការពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាល មុនពេលគ្រូពេទ្យចេញវេជ្ជបញ្ជាឱ្យបើកថ្នាំ ហើយមិនត្រូវទទួលថ្នាំ ឬទទួលទានថ្នាំ ដោយមិនទាន់បានពិគ្រោះ និងពិនិត្យជំងឺត្រឹមត្រូវពីគ្រូពេទ្យព្យាបាលនោះឡើយ។ លើសពីនេះទៀត សមាជិក ប.ស.ស. ត្រូវហ៊ានសួរទៅកាន់គ្រូពេទ្យ ពេលគ្រូពេទ្យបើកផ្តល់ថ្នាំដោយមិនបានពិគ្រោះ ឬពិនិត្យជំងឺត្រឹមត្រូវ។

ចំណែកគ្រូពេទ្យព្យាបាល ត្រូវផ្តល់ការព្យាបាលត្រឹមត្រូវជូនសមាជិក ប.ស.ស. ស្របទៅតាមក្រមសីលធម៌វិជ្ជាជីវៈរបស់គ្រូពេទ្យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល។ គ្រូពេទ្យព្យាបាល ត្រូវណែនាំសមាជិក ប.ស.ស. ដែលត្រូវទទួលសេវាឱ្យបានយល់ច្បាស់ពីសិទ្ធិទទួលបានសេវាប្រកបដោយភាពត្រឹមត្រូវ ហើយគ្រូពេទ្យព្យាបាល មិនត្រូវបើកថ្នាំឱ្យសមាជិក ប.ស.ស. ដោយមិនបានពិគ្រោះ និងពិនិត្យព្យាបាលជំងឺឡើយ។

លោក កត្តា អ៊ន បានបញ្ជាក់ថា ក្នុងករណីរកឃើញថា សមាជិក ប.ស.ស និងគ្រូពេទ្យព្យាបាល បានសមគំនិតគ្នាដោយចេតនា ក្នុងគោលបំណងកេងចំណេញផលប្រយោជន៍ណាមួយពី ប.ស.ស. នោះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងអនុវត្តវិធានការរួមមានសម្រាប់សមាជិក ប.ស.ស. នឹងត្រូវលុបឈ្មោះចេញពី ប.ស.ស. ដោយមិនអនុញ្ញាតឱ្យបន្តប្រើប្រាស់សេវា ប.ស.ស. បន្តទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។

ដោយឡែកសម្រាប់មូលដ្ឋានសុខាភិបាលដៃគូ នឹងត្រូវផ្តាច់កិច្ចព្រមព្រៀងជាមួយ ប.ស.ស. ដោយមិនអនុញ្ញាតឱ្យបន្តផ្តល់សេវាជូនសមាជិក ប.ស.ស. ទៀតឡើយ និងត្រូវសងត្រឡប់មកវិញនូវទឹកប្រាក់ដែលបានកេងចំណេញស្របទៅតាមការខាតបង់របស់មូលនិធិសន្តិសុខសង្គម។ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

លោក កត្តា អ៊ន បានបន្ថែមថា «ចូលរួមទាំងអស់គ្នា ដើម្បីពង្រឹង និងពង្រីកការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ឱ្យមាន គណនេយ្យភាព សុចរិតភាព តម្លាភាព និងនិរន្តរភាព នៃការផ្តល់សេវារបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។
លោក កត្តា អ៊ន បានបន្ថែមទៀតថា គិតត្រឹមសប្ដាហ៍ទី ៤ ខែមករា ឆ្នាំ ២០២៥ នេះ ប.ស.ស មានសមាជិកកើនឡើងដល់ ២ ៧៨៥ ៥២៦ នាក់ ស្រី ១ ៥៤៤ ២២៣ នាក់ ក្នុងនោះ បុគ្គលស្ថិតក្នុងវិស័យសាធារណៈចំនួន ៤៩៥ ៥៩៣ នាក់ , បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្ដីពីការងារចំនួន ១ ៦០៣ ៤៨២ នាក់ , បុគ្គលស្វ័យនិយោជន៍ ចំនួន ៥២៣ ០១៣ នាក់ , និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ១៦៣ ៤៣៨ នាក់៕
អត្ថបទ ៖ សំអឿន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


