ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ៖ គម្រោងធ្វើតេស្ត និងព្យាបាលជំងឺអេដស៍ដល់ពលករខ្មែរធ្វើការ នៅថៃ កំពុងសិក្សាកម្រិតបច្ចេកទេសនៅឡើយ
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៧ កុម្ភៈ នេះថា គម្រោងកម្ពុជាសហការជាមួយភាគីថៃទៅលើការធ្វើតេស្តរកមេរោគអេដស៍ និងព្យាបាលជំងឺអេដស៍ជូនដល់ពលករខ្មែរកំពុងធ្វើការនៅប្រទេសថៃ រហូតមកដល់ពេលនេះកំពុងសិក្សាកម្រិតបច្ចេកទេសនៅឡើយទេ។

លោកអគ្គលេខាធិការ បានបន្តថា ប្រសិនបើគម្រោងនេះត្រូវបានអនុវត្តនោះនឹងជួយដល់ពលករខ្មែរធ្វើការនៅប្រទេសថៃអាចធ្វើតេស្ត និងទទួលការព្យាបាលជំងឺអេដស៍នៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ។ តែយ៉ាងណាគម្រោងនេះទាមទារឱ្យក្រុមការងារបច្ចេកទេសកម្ពុជា និងភាគីថៃ ត្រូវពិភាក្សាគ្នាជាមុនសិន ដើម្បីអាចឈានទៅចុះអនុស្សរណៈ នៃការយោគយល់គ្នា មុននឹងអនុវត្តជាផ្លូវការ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២៤ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដឹកនាំប្រតិភូអន្តរក្រសួងរួមមាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ចុះទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យផ្តល់សេវាថែទាំ ព្យាបាលជំងឺអេដស៍ នៅតាមខេត្តថៃ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន រួមមានខេត្តស្រះកែវ និងខេត្តចន្ទបុរី ដើម្បីសិក្សាស្វែងយល់អំពីការងារទប់ស្កាត់មេរោគអេដស៍ និងជំងឺអេដស៍នៅប្រទេសថៃ ជាពិសេសនៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ។ ស្វែងរកយន្តការកិច្ចសហការជាមួយភាគីថៃ ដើម្បីផ្តល់សេវាធ្វើតេស្តរកមេរោគអេដស៍ និងថែទាំ ព្យាបាលជំងឺអេដស៍ដល់ពលករខ្មែរដែលទៅធ្វើការនៅប្រទេសថៃ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២៤ កម្ពុជា មានពលករខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ចំនួន ១ ២៩២ ២៩៧ នាក់ ស្រី ៥២១ ៨៦២ នាក់ ដោយពួកគាត់ទៅធ្វើការនៅតាមបណ្តារោងចក្រ និងក្រុមហ៊ុននានាដូចជា តាមរោងចក្រចំណីអារហារ ផ្នែកឧស្សាហកម្ម ក្រុមហ៊ុនសំណង់ សេវាកម្ម និងកសិកម្ម ដោយជាមធ្យមទទួលបានប្រាក់ខែ ៤០០ ដុល្លារ ក្នុង ១ ខែ និងបានផ្ញើថវិកាមកក្រុមគ្រួសារវិញ ប្រមាណជាង ២ ពាន់លានដុល្លារ ក្នុង ១ ឆ្នាំ បានចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


