ព័ត៌មានជាតិ
កម្ពុជា-ចិន រៀបចំពិធីផ្លាស់ប្ដូរវប្បធម៌ ពិពណ៌រូបភាព និងអាហារ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជា និងចិន បានសហការរួមគ្នារៀបចំព្រឹត្តិការណ៍ផ្លាស់ប្ដូរវប្បធម៌ និងការរៀបចំពិពណ៌រូបភាព និងការភ្លក្សម្ហូបអាហាររបស់ទីក្រុងប៉េកាំង ក្រោមប្រធានបទ “សួស្ដីប៉េកាំង” នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដោយពិធីនេះមានការចូលរួមពី លោក យិន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ថ្នាក់ដឹកនាំ និងប្រតិភូប្រទេសទាំង២ ជាច្រើនរូប។

លោក វ៉ាង វិនពិន លើកឡើងថា រយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ ក្រោមកិច្ចទំនាក់ទំនងល្អរវាងប្រមុខថ្នាក់ដឹកនាំប្រទេសទាំង២ ធ្វើឱ្យកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពក៏តែល្អប្រសើរឡើងជាបន្តបន្ទាប់។ ចំពោះការដឹកនាំប្រតិភូការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន មកកាន់កម្ពុជានាពេលនេះ ក៏ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ប្រទេសទាំង២ លើការបង្កើនទំនាក់ទំនង និងពង្រឹងបន្ថែមលើការងារនយោបាយថែមទៀតផង។

លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កម្ពុជា-ចិន បានមានទំនាក់ទំនងការទូតជាមួយគ្នាមានរយៈពេលជាច្រើនសតវត្សមកហើយ ហើយទំនាក់ទំនងនេះកាន់តែស្អិតរមួតទ្វេរឡើង ជាពិសេសនៅក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ ក្នុងរយៈពេលជាបីទសវត្សកន្លងមកនេះ មិត្តចិនរួមចំណែកយ៉ាងធំធេងនៅក្នុងដំណើរការអភិវឌ្ឍន៍កម្ពុជា តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីសម្បទាន ដើម្បីគាំទ្រដល់វិស័យអាទិភាពសំខាន់ៗជាច្រើនទៅតាមតម្រូវការរបស់កម្ពុជា ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ដូចជាផ្លូវ ស្ពាន ថ្នល់ បណ្តាញអគ្គិសនីជាដើម។

លោកស្រី មានប្រសាសន៍ទៀតថា ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏មានគម្រោងធំៗមួយចំនួនដូចជា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិត ផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ប៉ោយប៉ែត ក៏នឹងអាចលេចចេញជារូបរាងនៅក្នុងពេលខាងមុខនេះដែរ ដែលគម្រោងទាំងនេះនឹងជួយលើកកម្ពស់ការតភ្ជាប់ប៉ូលសេដ្ឋកិច្ចជាតិបានកាន់តែប្រសើរថែមទៀត។
លោក យិន លី សមាជិកការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនីស្ដចិន បានបង្ហាញនូវក្ដីរីករាយចំពោះការបានមកដល់ប្រទេសកម្ពុជា ជាពិសេសទឹកដីនៃខេត្តសៀមរាប ដែលជាតំបន់បុរាណរបស់កម្ពុជា ដែលមានសម្បត្តិវប្បធម៌ជាច្រើនសម្រាប់ទាក់ទាញដល់វត្តមានភ្ញៀវទេសចរមកពីគ្រប់ទិសទីឱ្យមកទស្សនា ហើយក៏ជាប្រភពសេដ្ឋកិច្ចជាតិមិនចេះរីងស្ងួតរបស់កម្ពុជាផងដែរ។ តាមរយៈដំណើរទស្សនកិច្ចរបស់ប្រតិភូនាពេលនេះដែរ ឯកឧត្តមជឿជាក់ថា វានឹងជាចំណែកមួយ ក្នុងការរឹតចំណងមិត្តភាពប្រទេសទាំង២ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ទាំងវិស័យការទូត និងវិស័យនយោបាយ។ ជាមួយនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនេះដែរ នឹងជួយឱ្យសេដ្ឋកិច្ចប្រទេសទាំង២ កាន់តែល្អប្រសើរ ពិសេសខេត្តសៀមរាប ដែលជាខេត្តពឹងផ្អែកធំលើវិស័យទេសចរណ៍ ដែលការណ៍នេះ ប្រទេសចិននឹងជំរុញបន្ថែមទៀត នូវជើងហោះហើរត្រង់មកកាន់ខេត្តសៀមរាប ជាមួយនឹងការជំរុញភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ៕
ដោយ៖ គឿនវេត


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


