ព័ត៌មានជាតិ
លោក ហេង សួរ ៖ ចំណុចស្នូល នៃការសិក្សារបស់ TVET គឺ រៀនទ្រឹស្ដីតិច អនុវត្តច្រើន ហាត់ការជាក់ស្ដែងរយៈពេលខ្លី អាចចេញប្រកបការងារឆាប់
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បញ្ជាក់ថា ចំណុចស្នូល នៃការសិក្សារបស់ TVET គឺ រៀនទ្រឹស្ដីតិច ការអនុវត្តច្រើន និងចុះហាត់ការជាក់ស្ដែង ក្នុងរយៈពេលខ្លី ដើម្បីអាចចេញប្រកបការងារបានឆាប់។

ការបញ្ជាក់នេះ ក្នុងឱកាស លោក ហេង សួរ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១,២,៣ សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងបរិញ្ញាបត្របច្ចេកទេស ជូនដល់សិស្ស-និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន ៣៥០ អង្គ/នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៥។

នាឱកាសនោះ លោក ហេង សួរ បានអបអរសាទរចំពោះសមិទ្ធផលប្រកបដោយផ្លែផ្កាដែលសិស្ស-និស្សិតជ័យលាភីទាំងអស់ទទួលសញ្ញាបត្រ ដើម្បីជាគ្រឹះសម្រាប់សិស្ស-និស្សិតផ្ទាល់ខ្លួន និងសម្រាប់ក្រុមគ្រួសារ ព្រមទាំងសង្គមជាតិ។

លោក ហេង សួរ បញ្ជាក់ថា ចំណុចស្នូល នៃការសិក្សារបស់ TVET គឺ រៀនទ្រឹស្ដីតិច ការអនុវត្តច្រើន និងចុះហាត់ការជាក់ស្ដែងក្នុងរយៈពេលខ្លី ដើម្បីអាចចេញប្រកបការងារបានឆាប់។ ទន្ទឹមនេះ កម្មវិធី TVET គឺជាកិច្ចការអាទិភាពមួយ ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កំពុងជំរុញយ៉ាងសកម្មជាមួយនឹងមន្ត្រីថ្នាក់ជាតិ ខេត្ត ក៏ដូចជារាល់បណ្ដាគ្រឹះស្ថាន TVET នានា ទូទាំងប្រទេស ដើម្បីយុវជនជំនាន់ក្រោយ ដើម្បីគ្រួសារ ដើម្បីសហគមន៍ ដើម្បីការរីកចម្រើនសេដ្ឋកិច្ចក្នុងខេត្តកំពង់ធំ និងនៅទូទាំងប្រទេស។

លោករដ្ឋមន្ត្រី ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជន ក៏ដូចជាអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអាចចាប់យកជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលផ្ដល់នូវជំនាញមួយយ៉ាងតិចប្រចាំជីវិត ស្របទៅនឹងទីផ្សារការងារកំពុងត្រូវការ ឱកាសការងារធ្វើ និងប្រាក់ចំណូលសមរម្យ។

លោករដ្ឋមន្ត្រី សង្ឃឹមថា តាមរយៈអគារសិក្សាថ្មី នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ដែលមានកម្ពស់ ៥ ជាន់ បំពាក់ដោយសម្ភារៈ បរិក្ខារសិក្សាទំនើបៗ នឹងកាន់តែជំរុញគុណភាពសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរបស់សិស្ស-និស្សិត ក្នុងខេត្តកំពង់ធំ។

ជាមួយនេះ លោករដ្ឋមន្ត្រី ក៏បានប្រកាសផ្តល់ជូនកុំព្យូទ័រចំនួន ៤០ គ្រឿង ដែលជាអំណោយរបស់ សម្តេចមហាបវរធិបតី ជូនដល់វិទ្យាល័យកំពង់ធំ សម្រាប់ឲ្យ គ្រូ និងសិស្ស ក្នុងវិទ្យាល័យនេះធ្វើការសិក្សាស្រាវជ្រាវមុខវិជ្ជាផ្សេងៗ ជាពិសេសការសិក្សាស្វែងយល់កាន់តែច្បាស់ពីវិស័យ TVET ផងដែរ។

គួរជម្រាបថា សមិទ្ធផលខាងលើទាំងអស់នេះ គឺជាសក្ខីភាពថ្មីមួយទៀតក្នុងការបង្ហាញឲ្យឃើញនូវការប្ដេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការក្នុងការពង្រឹង និងពង្រីកវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

ចំពោះពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស-និស្សិត នេះ មានវត្តមានចូលរួមពី លោក ផាន់ ផល្លា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ , ថ្នាក់ដឹកនាំ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ , លោក ជា វ៉ាន់ចាន់ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ , អាជ្ញាធរមូលដ្ឋាន , តំណាងសមាគម , តំណាងក្រុមហ៊ុន , តំណាងមន្ទីរនានា , គ្រឹះស្ថានអប់រំ , នាយកវិទ្យាស្ថាន គណៈគ្រប់គ្រងវិទ្យាស្ថាន លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ និងសិស្សវិទ្យាល័យកំពង់ធំ សរុបជាង ១ ៧០០ នាក់៕
អត្ថបទ ៖ ពិសី



-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


