ព័ត៌មានជាតិ
លោក ជួន ណារិន្ទ ៖ ១ ត្រីមាស ដើមឆ្នាំ ២០២៥ បទល្មើសមានការថយចុះ បើធៀបឆមាសទី ១ ឆ្នាំ ២០២៤
លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ក្នុង ១ ត្រីមាស ដើមឆ្នាំ ២០២៥ នគរបាលរាជធានីភ្នំពេញ បង្ក្រាបបានករណីតូចធំ ១២២ ករណី ប្រៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០២៤ បទល្មើសថយបាន ១៨ លើក ស្មើនឹង ១៨%។

កាលពីល្ងាចថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា នៅឆមាសដើមឆ្នាំ ២០២៥ នេះ នគរបាលរាជធានីភ្នំពេញ បានធ្វើការល្បាតទប់ស្កាត់ និងបង្ក្រាបមានប្រសិទ្ធភាពខ្ពស់ ដូចជាករណីឆក់ ករណីលួចម៉ូតូ ករណីគាស់ផ្ទះ និងករណីធាក់វាយប្លន់តាមផ្លូវ មានការស្ងាត់ ថមថយ ប៉ុន្តែនគរបាលរាជធានី នៅតែពង្រឹងសកម្មភាពនេះដដែល គឺមិនដកដៃនោះទេ។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បន្តថា ការបង្ក្រាបបទល្មើស និងតាមចាប់មុខសញ្ញាដែលនៅសេសសល់ គឺសមត្ថកិច្ចមានកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយនគរបាលតាមបណ្ដាខេត្ត។

លោកបានបញ្ជាក់ថា ថ្មីៗ នេះ ករណីឆក់ ប្លន់ នគរបាលរាជធានីបង្ក្រាបបានច្រើន ហើយការបង្ក្រាបនេះបានតែងតែនៅបក្សពួកសេសសល់ ប៉ុន្តែសមត្ថកិច្ចមិនបំភ្លេចចោលនោះទេ គឺបានបង្កើតក្រុមតាមចាប់ ហើយធ្វើព្រមៗ គ្នារវាងរាជធានី-ខេត្ត ដោយលោកជឿជាក់ថា បទល្មើសទាំងនោះពិតជាងើបមិនរួចនោះទេ។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ថា ចំពោះមុខសញ្ញាដែលធ្លាប់ជាប់ពន្ធនាគារ នៅពេលដែលចេញមកវិញ ៩០ ភាគរយ គឺនៅមិនរាងចាល នៅតែប្រព្រឹត្តបទល្មើសដដែល។ ករណីនេះ លោកបានឲ្យកម្លាំងជំនាញស្រាវជ្រាវតាមចាប់ទៅដល់តាមបណ្ដាខេត្ត សហការជាមួយខេត្ត។ រីឯមុខសញ្ញាដែលរត់ពីខេត្តចូលមករាជធានី ក៏សមត្ថកិច្ចសហការគ្នាបានល្អបង្ក្រាបបានជោគជ័យដែរ។

ចំពោះវិធានការល្បាតទប់ស្កាត់ លោកស្នងការ ក៏បានបញ្ជាក់ថា ការប្រើប្រាស់កម្លាំងល្បាតនេះ សមត្ថកិច្ចល្បាតច្បាមទៅតាមភូមិសាស្ត្រ ចំណុចតំបន់ណាដែលចាំបាច់ និងពិសេស ហើយបែងចែកពេលវេលាវេនគ្នា។ ដូច្នេះ លោកបានឲ្យតាមខណ្ឌដំឡើងផែនទី តំបន់ភូមិណាដែលងាយកើតហេតុនោះមកកាន់ការិយាល័យជំនាញ។ ឧទាហរណ៍ ពោធិ៍សែនជ័យ លោកបានណែនាំឲ្យផ្តល់យោបល់គ្នាជាមួយខណ្ឌ-ស្រុកដែលជាប់ថាត្រូវមានវិធានការទប់ស្កាត់របៀបណា នេះជាវិធានការរដ្ឋបាលចំហ។

លោកស្នងការ បញ្ជាក់ទៀតថា ជាមួយគ្នានេះ ក្នុង ១ ត្រីមាស នគរបាលរាជធានីភ្នំពេញ បង្ក្រាបបានករណីតូចធំ ១២២ ករណី ប្រៀបទៅនឹងឆមាសទី ១ ឆ្នាំ ២០២៤ បទល្មើសថយបាន ១៨ លើក ស្មើនឹង ១៨% ក្នុងនោះ បទឧក្រិដ្ឋបង្ក្រាប ២០ ករណី លើ ២៦ លើក ថយចុះ ៦ លើក ស្មើ ២៤% រីឯបទល្មើសមជ្ឈិម គឺបទល្មើសតូច ថយចុះ ១២ លើក ស្មើ ១៣%។ ដោយឡែក នៅឆមាសទី ២ ឆ្នាំ ២០២៣ និងឆមាសទី ២ ឆ្នាំ ២០២៤ នគរបាលរាជធានីភ្នំពេញបង្ក្រាបបទល្មើសបានប្រហែល ៩២% បើប្រៀបធៀបនឹងត្រីមាស និងដើមឆ្នាំ ២០២៥ នេះ នគរបាលរាជធានីបង្ក្រាបបានរហូត ៩៥%។

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានថ្លែងកោតសរសើរដល់មន្ត្រីនគរបាលតាមបណ្តាខណ្ឌ និងការិយាល័យជំនាញ មានបទពិសោធ និងការងារជំនាញមានប្រសិទ្ធភាពខ្ពស់ទ្វេដងជាមុន៕
អត្ថបទ ៖ សំណាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


