ព័ត៌មានជាតិ
លោក ហេង សួរ ៖ ធនធានមនុស្សមានគុណភាពខ្ពស់ សុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិ
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ គូសបញ្ជាក់ថា ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។

ការគូសបញ្ជាក់នេះ ក្នុងឱកាស លោក ហេង សួរ អញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្រោមមូលបទ«ជំរុញការតភ្ជាប់អាស៊ាន ៖ មនុស្ស , ហេដ្ឋារចនាសម្ព័ន្ធ , និងពាណិជ្ជកម្ម» (Accelerating ASEAN’s Connectivity: People, Infrastructure, and Trade) ដែលរៀបចំធ្វើនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាធុរកិច្ចអាស៊ានកម្ពុជា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២៥ ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥។

នាឱកាសនោះ លោក ហេង សួរ បានគូសបញ្ជាក់ថា «ធនធានមនុស្សដែលមានគុណភាពខ្ពស់ និងមានសុខភាពល្អ គឺជាទ្រព្យសម្បត្តិដ៏រឹងមាំសម្រាប់ប្រទេសជាតិក្នុងការបង្កើនតម្លៃសេដ្ឋកិច្ច និងធានាបាននូវកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង។ ពោលគឺ មនុស្សជាកត្តាដ៏សំខាន់បំផុតមួយក្នុងចំណោមកត្តាសំខាន់ផ្សេងទៀត ដូចជា ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧»។

លោក ហេង សួរ បញ្ជាក់ថា ការតភ្ជាប់រវាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ ត្រូវតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដើម្បីទ្រទ្រង់ការពង្រីកពាណិជ្ជកម្ម និងការអភិវឌ្ឍរយៈពេលវែង។ កម្លាំងពលកម្មប្រកបដោយជំនាញ មានភាពសមស្រប និងភាពច្នៃប្រឌិត រួមផ្សំជាមួយបណ្ដាញហេដ្ឋារចនាសម្ព័ន្ធ នឹងទាក់ទាញការវិនិយោគ បង្កើនភាពប្រកួតប្រជែង និងសម្រួលពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។

លោករដ្ឋមន្ត្រី ជឿជាក់ថា ការបន្តវិនិយោគលើមនុស្សឲ្យក្លាយជាកម្លាំងជំនាញដ៏ចាំបាច់ ដោយធ្វើការរួមគ្នាដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មមានជំនាញខ្ពស់ ដែលអាចដោះស្រាយបញ្ហាប្រឈមនាពេលអនាគត នឹងជំរុញឲ្យមានវិបុលភាពយូរអង្វែងសម្រាប់អាស៊ាន (សហគមន៍តែមួយ វាសនាមួយ)។

គួរជម្រាបថា តាមរយៈវេទិកានេះបានផ្ដល់នូវកាលានុវត្តភាពបន្ថែមទៀត និងវឌ្ឍនភាពជាក់ស្ដែង ក្នុងសហគមន៍អាស៊ាន ប្រកបដោយភាពប្រទាក់ក្រឡា និងមានវិបុលភាព រួមនឹងការស្វែងយល់បន្ថែមពីតួនាទីដ៏សំខាន់ នៃការបង្កើនការតភ្ជាប់ ការលើកកម្ពស់កំណើន ប្រកបដោយចីរភាព និងបរិយាប័ន្ន ដែលជាចក្ខុវិស័យស្របតាមគោលដៅរបស់អាស៊ាន និងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ ៖ ពិសី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


