ព័ត៌មានជាតិ
«ខុសព្រោះព្រះ» ស្នាដៃថ្មីរបស់អ្នកនិពន្ធ ជុត ខៃ រម្លឹកពីជីវិតជនភៀសខ្លួនក្រោយខ្មែរក្រហមដួលរលំ
សៀវភៅតែងនិពន្ធថ្មីរបស់អ្នកនិពន្ធ ជុត ខៃ ចំណងជើងថា «ខុសព្រោះព្រះ» ត្រូវបានសម្ពោធជាផ្លូវការកាលពីយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលបុប្ផាណា ក្នុងរាជធានីភ្នំពេញ។ សៀវភៅនេះជាការនិទានរឿងខ្លីចំនួន១១ ដែលបានរៀបរាប់ពីដំណើជីវិតរបស់លោក ជុត ខៃ និងក្រុមគ្រួសារ ពេលរបបខ្មែរក្រហមដួលរលំទៅ ពីដំណើរចេញទៅជំរំជនភៀសខ្លួននៅឆ្នាំ១៩៧៩ និងពីជីវិតរបស់ខ្មែរនៅស្រុកបារាំង។

នៅពិធីសម្ពោធក្នុងសាលដែលមានមនុស្សអ៊ូអរ ដែលសុទ្ធតែជាអ្នកគាំទ្រដល់ស្នាដៃនិពន្ធលោក ជុត ខៃ នាយកប្រតិបត្តិមជ្ឈមណ្ឌលបុប្ផាណាលោក ជា សុភាព បានថ្លែងថា ក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលបុប្ផាណាបានរៀបចំកម្មវិធីដើម្បីរម្លឹកខួប៥០ឆ្នាំនៃថ្ងៃដែលខ្មែរក្រហមចូលកាន់អំណាច ដើម្បីចែករម្លែកនូវការចងចាំ ភាពលំបាកវេទនាក្នុងសម័យនោះដល់សាធារណជន។

លោកបន្ថែមថាភាពលំបាកវេទនានៃសង្គ្រាម និងការកាប់សម្លាប់នេះហើយ ធ្វើឱ្យមនុស្សមួយចំនួនបានតែងនិពន្ធជាបទចម្រៀង កំណាព្យ និងសរសេរជារឿងដូចអ្នកនិពន្ធ ជុត ខៃ ជាដើមក្នុងការរម្លឹកពីសម័យនោះ។
នាយិកាគ្រឹះស្ថានបោះពុម្ភផ្សាយអវតាលោកស្រី ហួត សុជាតា បានថ្លែងថា សៀវភៅ «ខុសព្រោះព្រះ» ជាស្នាដៃបន្ទាប់ពីរឿងអស្តង្គតនៃប្រជាជាតិភាគ២ ដែលបានរៀបរាប់ពីរឿងរ៉ាវជំនឿដែលកើតឡើងក្នុងសម័យ លន់ នល់ សម័យខ្មែរក្រហម ក្នុងពេលដែលភៀសខ្លួន និងពេលដែលទៅដល់ស្រុកបារាំង។

ក្នុងពិធីសម្ពោធនេះអ្នកនិពន្ធ ជុត ខៃ ក៏បានផ្ញើវីដេអូនិយាយរៀបរាប់ពីដំណើរជីវិតលោកខ្លះៗពេលខ្មែរក្រហមចូលស្រុក និងដំណើរភៀសខ្លួនរបស់លោកផង។ លោកថារឿងដែលលោកសរសេរគឺជារឿងកើតឡើងផ្ទាល់ និងខ្លះបន្ថែមនូវការកំប្លុកកំប្លែងខ្លះក្នុងសាច់រឿងដែរ។
កម្មវិធីនៅល្ងាចថ្ងៃទី៦ នេះក៏មានបង្ហាញអ្នកឈ្នះរង្វាន់ទាំង១០ដែលបានគូររូបអ្នកនិពន្ធដែលពួកគេស្រលាញ់ ជុត ខៃ ផងដែរ។

អ្នកនិពន្ធ ជុត ខៃ កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៤០ នៅខេត្តកំពង់ចាម លោកគឺជាអតីតគ្រូបង្រៀនភាសាបារាំង និងច្បាប់ ព្រមទាំងជាអ្នកសរសេរអត្ថបទកាសែត និងជាព្រឹទ្ធបុរសនៅមហាវិទ្យាល័យនីតិសាស្ត្រភ្នំពេញពីឆ្នាំ១៩៧៣ ដល់ឆ្នាំ១៩៧៤។ លោកបានភៀសខ្លួនទៅរស់នៅប្រទេសបារាំងក្នុងឆ្នាំ១៩៨០។ លោកទទួលបានពានរង្វាន់អ្នកនិពន្ធអាស៊ីអាគ្នេយ៍កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ ស្នាដៃនិពន្ធរបស់លោកត្រូវបានទទួលការកោតសរសើរពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីអប់រំលោក ហង់ជួន ណារ៉ុន និងរដ្ឋមន្ត្រីវប្បធម៌លោកស្រី ភឿង សកុណាផងដែរ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


